បើតាមគ្រួសាររបស់បុរសដ៏កម្សត់ឈ្មោះ Paul Alexander ដែលជាមនុស្សពិការដ៏តស៊ូ រស់នៅក្នុងសួតដែកអស់រយៈពេល ៧០ឆ្នាំ បន្ទាប់ពីបានរួចជីវិតពីជំងឺស្វិតដៃជើងកាលពីកុមារភាព បានទទួលមរណភាពនៅក្នុងវ័យ ៧៨ឆ្នាំនេះ។ នេះបើយោងតាមការចញផ្សាយដោយសារព័ត៌មាន The Guardian នាថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០២៤។

លោក Paul Alexander បានទទួលមរណភាពកាលពីថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០២៤នេះ ដំណឹងនេះត្រូវបានប្អូនប្រុសរបស់លោក ឈ្មោះ Philip បានសរសេរនៅក្នុងការបង្ហោះនៅលើបណ្ដាញទំនាក់ទំនង Facebook ប៉ុន្ដែ​មិន​បាន​ប្រាប់​ពី​មូលហេតុ​នៃ​ការ​ស្លាប់​របស់លោក Paul នោះ​ទេ។

លោក Philip Alexander បានសរសេរនៅក្នុងសារបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមកាលពីថ្ងៃអង្គារថា «វាជាកិត្តិយសណាស់ ដែលបងប្រុសរបស់លោក ជាផ្នែកមួយនៃជីវិតរបស់យើង»។

លោក Paul ត្រូវបានគេដាក់ឱ្យគេងរស់នៅក្នុងស៊ីឡាំងដែក ឬ សួតដែក ដែលមានតួនាទីផ្លុំខ្យល់ជំនួយចូលទៅក្នុងសួតរបស់លោក តាំងពីលោកមានអាយុ ៦ឆ្នាំ ពោលគឺនៅឆ្នាំ១៩៥២ បន្ទាប់ពីបានឆ្លងជំងឺស្វិតដៃជើង ឬ ជំងឺប៉ូលីយ៉ូ (Polio) ដែលជាជំងឺឆ្លងដ៏សាហាវនាសម័យនោះ ដោយបានធ្វើឱ្យកុមាររាប់ម៉ឺននាក់ ពិការត្រឹមតែរយៈពេល ១ឆ្នាំដំបូងប៉ុណ្ណោះ។

ថ្វីត្បិតលោក Paul បានធ្លាក់ខ្លួនរស់នៅក្នុងសួតដែកនេះយ៉ាងណាក្ដី លោក បានបញ្ចប់ការសិក្សានៅសាលាច្បាប់ ហើយលោក ក៏បានធ្វើដំណើរទៅគ្រប់ទ្វីបដែរ។

គួររំលឹកថា លោក Paul ធ្លាប់បានឆ្លងជំងឺកូវីដ១៩ ហើយចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យកាលពីក្នុងខែកុម្ភៈ ហើយជំងឺរបស់លោក បានធ្វើឱ្យរាងកាយខ្សោយ និងខ្សោះជាតិទឹក នេះបើយោងតាមការឱ្យដឹងពីអ្នកតាមដានលោកក្នុងបណ្ដាញសង្គម Tiktok ដែលមានអ្នកតាមដានច្រើនជាង ៣០០,០០០នាក់៕

ប្រភព៖ The Guardian

Share.