ភ្នំពេញ ៖ រថយន្តឡិចសុីស៤៧០មួយគ្រឿង អ្នកបើកបរល្វើយអស់កម្លាំង ងងុយដេក រេចង្កូតជ្រុលទៅបុករបាំងថ្ម ក្រឡាប់ធ្លាក់ចូលមាត់ច្រាំងទន្លេ បណ្តាលឱ្យរងរបួសធ្ងន់៤នាក់ របួសស្រាល២នាក់ ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២៤ នៅគល់ស្ពានកោះនរា ត្រើយខាងកើត ក្នុងភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុរថយន្តខាងលើម៉ាកឡិចសុីស៤៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2M-5986 ជិះគ្នា៦នាក់ ធ្វើដំណើរមកពីឆ្ងាយ បើកឆ្លងកាត់ផ្លូវថ្មី ពីកើតទៅលិច ដល់ចំណុចកើតហេតុ គល់ស្ពានកោះនរា អ្នកបើកបរល្វើយ អស់កម្លាំង ងងុយដេកផង រេចង្កូតទៅបុករបាំងថ្ម ក្រឡាប់ធ្លាក់ចុះទៅមាត់ទន្លេ ទើរនៅការដ្ឋានមាត់ច្រាំង បណ្តាលឱ្យរងរបួសធ្ងន់៤នាក់ ស្រាល២នាក់ រថយន្តរងខូចខាតធ្ងន់ ។

ក្រោយកើតហេតុ ជនរងរបួសចំនួន៤នាក់ ត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកច្បារអំពៅ ដឹកបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត រីឯរថយន្តរងខូចខាតធ្ងន់ ត្រូវបានសមត្ថកិច្ចស្ទូចលើកយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ រងចាំដោះស្រាយផលប៉ះពាល់ជាក្រោយ ៕

អត្ថបទ៖តាតុង សែនជ័យ

Share.