លោកឧត្តមសេនីយ៍ត្រី ជា ធារិទ្ធ ស្នងការរងនគរបាលខេត្តកំពង់ចាម បានចេញមុខសុំទោសជាសាធារណៈចំពោះកំហុសរបស់ខ្លួន ដែលបានពាក់ស្បែកជើងចូលព្រះវិហារ ពេលកំពុងបំពេញការងារត្រួតពិនិត្យទីតាំងត្រៀមសម្ពោធឆ្លងសមិទ្ធផល។

តាមរយៈវីដេអូនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ត្រី ជា ធារិទ្ធ បានបង្ហាញនូវការសោកស្ដាយជាខ្លាំងចំពោះកំហុសអចេទនារបស់លោក និងសូមគោរពសុំខមាទោសដោយស្មោះ ចំពោះ ព្រះសង្ឃគ្រប់អង្គ សម្តេចតេជោ សម្តេចបរវធិបតី ថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ និងសាធារណជនទាំងអស់។

នៅវេលាម៉ោង ០៩ និង ០០ព្រឹក ថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២៤ ខ្ញុំ បាទបានចូលរួមជាមួយក្រុមការងារចម្រុះ ដឹកនាំដោយ ឯកឧត្តម ស្រី សុភ័ក្ត អភិបាលរងខេត្តកំពង់ចាម ដើម្បីចុះត្រួតពិនិត្យទីតាំងរៀបចំ និងត្រៀមលក្ខណៈការពារសន្តិសុខ សណ្ដាប់ធ្នាប់ សម្រាប់ពិធីបុណ្យឆ្លងសមិទ្ធ ផលនានារបស់វត្ដ ទួលរកា ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ហើយខណៈនោះ ខ្ញុំនិងថ្នាក់ដឹកនាំ បានត្រួតពិនិត្យជុំវិញបរិវេណវត្ត បន្ទាប់មកក៏បន្តឡើងទៅត្រួតពិនិត្យក្នុងព្រះវិហារ តែដោយស្ថានភាពប្រញាប់ ប្រញ៉ាល់ គួបផ្សំនឹងការធ្វេសប្រហែសរបស់ខ្ញុំបាទ ធ្វើឲ្យខ្ញុំភ្លេចខ្លួន មិនបានដោះស្បែកជើងមុននឹងចូលទៅ ក្នុងព្រះវិហារ ដែលធ្វើឲ្យមានការប៉ះពាល់ដល់តម្លៃសីលធម៌ ទំនៀមទម្លាប់ ប្រពៃណី ព្រះពុទ្ធសាសនាជាទី ជាទីគោរពសក្ការៈ ។ នេះបើតាមការបញ្ជាក់របស់លោកស្នងការរង ខេត្តកំពង់ចាម ជា ធារិទ្ធ។

លោកបញ្ជាក់ទៀតថា លោកមានការសោកស្ដាយយ៉ាងខ្លាំង និងទទួលស្គាល់កំហុសឆ្គងដែលកើតឡើងដោយអចេតនា លោកសូមគោរពសុំខមាទោសដោយស្មោះ ចំពោះ ព្រះសង្ឃគ្រប់អង្គ សម្តេចតេជោ សម្ដេចបរវធិបតី ថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ និងសាធារណជនទាំងអស់ ខ្ញុំបាទសន្យា និងមិនឲ្យកើតមានកំហុសឆ្គងបែបនេះបន្តទៀត ឡើយ ក្នុងនោះដែរខ្ញុំបាទនឹងខិតខំ ប្រតិបត្តិទៅតាមធម៌វិន័យ គន្លង ព្រះពុទ្ធសាសនា ឲ្យបានល្អ។

ជាការកត់សម្គាល់ក្រោយពីមានការផ្សព្វផ្សាយរូបភាពស្នងការរងនគរបាលខេត្តកំពង់ចាមពាក់ស្បែកជើងចូលព្រះវិហាររួចមក គេសង្កេតឃើញមានប្រតិកម្មជាច្រើនចាប់តាំងពីក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមរហូតដល់អតីតនាយករដ្ឋាមន្ត្រីនិងជាប្រធានគណបក្សប្រជាជនកម្ពុជាគឺសម្តេច តេជោហ៊ុន សែន។ សម្តេចបានលើកឡើងតាមបណ្តាញសង្គមផ្លូវការរបស់សម្តេចថា «ហេតុអ្វីបានជាមកដល់ពេលនេះហើយ មានមន្ត្រីយើងប្រព្រឹត្តបែបនេះ
ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ។ សង្ឃឹមថា ថ្នាក់ដឹកនាំនៃមន្ត្រីទាំងនេះនឹងរៀបចំឋានៈ និងកាំប្រាក់បៀវត្សឲ្យពួកគាត់ឡើងវិញ ព្រោះពួកគាត់មិនសមជាមន្ត្រី ដែលមានឋានៈនោះឡើយ»៕

Share.