សិល្បៈ​អន្តរជាតិ៖ ការ​ប្រគំតន្ត្រី​ទេសចរណ៍​​ពិភពលោក ដ៏ធំ​លើក​ទីប្រាំ​មួយ​របស់​កំពូល​តារា​ចម្រៀង​ប៉ុបអាមេរិក​ នាង Taylor Swift បាន​ចាប់​ផ្ដើម​ប្រារព្ធ​ឡើង​ចាប់​តាំង​ពី​ថ្ងៃ​ទី​៩ ​ខែ​មីនា នៅ​ក្នុង​ប្រទេស​សិង្ហបុរី​។ ប៉ុន្តែ​ការ​ប្រគំតន្ត្រី​នេះ​ក៏​បាន​បង្ក​ឱកាស​ឱ្យ​ដល់​​ជនឱកាស​និយម​ឆ្លៀតកេងចំណេញ​និង​ឆបោក​ជន​រងគ្រោះ​ដែល​ប្រាថ្នា​ចង់ចូលទស្សនា​ការ​ប្រគំតន្ត្រីដោយ​ផ្ទាល់​។ បើ​យោង​តាម​របាយការណ៍​ពី​មន្ត្រី​ប៉ូលីស​អំពើ​ឆបោក​តាម​ប្រព័ន្ធ​អេឡិចត្រូនិច​ពាក់ព័ន្ធ​នឹង​សំបុត្រ​ចូលទស្សនា​ The Eras Tour នៅ​តែ​មាន​។

យោង​តាម​គេហទំព័រ The Nation ជំនួយការស្នងការប៉ូលិស លោក អៀលិន យ៉ាប  (Aileen Yap) ដែលជាជំនួយការនាយកការិយាល័យប្រឆាំងការបោកប្រាស់ បាននិយាយ នៅក្នុងបទសម្ភាសន៍នឹងមួយកាសែត The Straits Times នៅថ្ងៃទី ១១ ខែមីនា ស្ដី​ពី​អំពើឆបោក​តាម​ប្រព័ន្ធ​អនឡាញ​នេះ។ លោក Yap បាននិយាយថា របាយការណ៍ដែលដាក់បង្ហាញនោះ រួមមានជនរងគ្រោះមួយចំនួន ដែលបានទិញសំបុត្រពីអ្នកលក់បន្ត ហើយបានទៅពហុកីឡដ្ឋានជាតិ ដោយគ្រាន់តែដឹងថា សំបុត្រនោះក្លែងក្លាយ ហើយពួកគេមិនអាចចូលកន្លែងបបាននោះទេ។ ក្នុង​ករណី​ផ្សេង​ទៀត អ្នក​បោក​ប្រាស់​បាន​ក្លាយ​ជា​មិន​អាច​ទាក់​ទង​បាន​បន្ទាប់​ពី​ទទួល​បាន​ប្រាក់​ពី​ជន​រង​គ្រោះ។

ប៉ូលីសបាន​ឱ្យ​ដឹង​ថា ចន្លោះពីថ្ងៃទី ១ ខែមករា ដល់ថ្ងៃទី ១២ ខែមីនា យ៉ាងហោចណាស់មានជនរងគ្រោះចំនួន ១,៥៥១ នាក់បានធ្លាក់ចូលទៅក្នុងការឆបោកតាមប្រព័ន្ធអេឡិចត្រូនិចដែលពាក់ព័ន្ធនឹងការទិញសំបុត្រប្រគុំតន្ត្រី ដោយមានការខាតបង់ប្រាក់សរុបចំនួនយ៉ាងហោចណាស់ $៧៣៧,០០០។

ត្បិត​ថា​មាន​ផ្ទុះ​ចេញ​នូវ​ករណី​បោក​ប្រាស់​ដូច្នេះ​ក្ដី​ ប៉ុន្តែ​អ្នកជំនាញមួយចំនួនជឿថា ខណៈពេលដែលការបោកប្រាស់ចាំបាច់ត្រូវដោះស្រាយ របាយការណ៍បោកប្រាស់ដែលកើនឡើងនឹងមិនប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ប្រទេសសិង្ហបុរីជាមជ្ឈមណ្ឌលវប្បធម៌នោះទេ៕

Share.