ការបំពុលបរិយាកាសបាននិងកំពុងតែបង្កនូវក្តីបារម្ភសម្រាប់ពិភពលោកទាំងមូលក្នុងនោះកម្ពុជាដែលជាផ្នែកមួយនៃពិភពលោកបាននិងកំពុងតែរងគ្រោះដោយសារបញ្ហានេះដូចគ្នា។

លើសពីបរិបទពិភពលោក កម្ពុជាក៏បាននិងកំពុងតែរងនូវការបំពុលពីក្រុមមនុស្សមួយក្តាប់តូចផងដែរមួយរយៈចុងក្រោយនេះជាពិសេសក្នុងចំណោមអ្នកប្រើប្រាស់បណ្តាញសង្គម។នៅទីនេះ ស្មេរសូមមិនលើកយករឿងពាក់ព័ន្ធនឹង បញ្ហានយោបាយវែកញែកនោះឡើយ។ យ៉ាងណាក៏ដោយបញ្ហានេះ បានធ្វើឲ្យអ្នកតាមដានបញ្ហាសង្គម មានការចាប់អារម្មណ៍ថែមទាំងបង្ហាញនូវក្តីបារម្ភដំណាលគ្នាផងដែរ។

នៅសុខៗបែរជានាំគ្នាទៅរាំតាមស៊ីផ្លេឡានតាមផ្លូវហើយនាំគ្នាចែកផ្សាយយ៉ាងព្រោងព្រាតនៅតាមបណ្តាញសង្គម?តើអ្វីជាចេតនាពិតប្រាកដនៅពីក្រោយសកម្មភាពនោះ?តើអ្នកធ្វើពិតជាមិនបានដឹងថា ទង្វើនោះជាទង្វើដែលមនុស្សធម្មតា(មនុស្សត្រឹមត្រូវ)គេមិន ធ្វើឬដែរឬទេ? ចុះអ្នកដែលបានឃើញនិងដឹងថាជាទង្វើដែលមិនគួរធ្វើជាពិសេសក្នុងចំណោមមនុស្សចាស់ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធនៅតាមូលដ្ឋាន ហេតុអ្វីក៏មិននាំគ្នាណែនាំពន្យល់ អ្នកធ្វើសកម្មភាពទាំងនោះផង? ជាការកត់សម្គាល់អ្នកដែលធ្វើសកម្មភាពរាំតាមស៊ីផ្លេឡានទាំងនោះមានទាំងកុមារតូចៗថែមទៀតផង។

នៅពេលដែលបានឃើញសកម្មភាពដែលត្រូវបានផ្សព្វផ្សាយតាមបណ្តាញសង្គមព្រោងព្រាតយ៉ាងដូច្នេះ ហើយ យកមកគិត ពិចារណា ក្នុងនាមជាពលរដ្ឋមួយរូបរស់នៅក្នុងសង្គមខ្មែរហើយដែលគេធ្លាប់ត្រូវបានគេទទួលស្គាល់ថា ជាសង្គមដែលមានវប្បធម៌ អរិយធម៌ដ៏ល្អផូរផង់និងជាប្រទេសប្រកាន់យកព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋផងនោះ តើមិត្តអ្នកអានត្រយងមានទស្សនៈយល់ឃើញយ៉ាងដូចម្តេច?តើលោកអ្នកគិតថា នរណាគួរតែជាអ្នកទទួលនូវការស្តីបន្ទោសចំពោះសកម្មភាពអវិជ្ជមានដែលបានកើតឡើងនេះ? តើត្រូវរួមគ្នាទប់ស្កាត់ទង្វើបែបអវិជ្ជមានក្នុងចំណោមយុវជន ក៏ដូចជាកុមារខ្មែរដោយរបៀបណាវិញ?

យើងសូមទុកសំណួរទាំងនេះជូនលោកអ្នកចូលរួមឆ្លើយតាមការគួរនៅតាមវេទិកានានាដោយសេរីទៅចុះ។ចំពោះខ្ញុំដែលស្មេរ យល់ថា វាគឺជាទំនួលខុសត្រូវរបស់សង្គមទាំងមូលពិសេសស្ថាប័នអប់រំក៏ដូចជាក្រសួងពាក់ព័ន្ធមួយចំនួន ក្នុងនោះមានទាំងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួងធម្មការនិងសាសនា និងក្រសួងព័ត៌មានដែលជាអ្នកគ្រប់គ្រងអង្គភាពផ្សព្វផ្សាយវិជ្ជាជីវៈនៅទូទាំងប្រទេស។អ្នកដែលរឹតតែមិនគួរឲ្យមើលរំលងទៀតនោះគឺអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធនៅមូលដ្ឋាន។

ក្នុងន័យនេះ ក្រសួងអប់រំ យុវជននិងកីឡា គប្បីយកចិត្តទុកដាក់ពង្រឹងការអប់រំសីលធម៌ដល់សិស្សានុសិស្សនៅតាមសាលារៀនទាំងគ្រឹះស្ថានរដ្ឋនិងឯកជនឲ្យបានជាប្រចាំ។លោកគ្រូ អ្នគ្រូនៅគ្រប់ភូមិសិក្សារួមទាំងឪពុកម្តាយ អាណាព្យាបាលគ្រប់រូបក៏ត្រូវតែចូលរួមចំណែកលើកកម្ពស់ការ អប់រំដល់សិស្សានុសិស្សនិងកូនៗរបស់ខ្លួនដូចគ្នា។

សម្រាប់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ គប្បីបន្ថែមការត្រួតពិនិត្យទៅលើខ្លឹមសារឃ្លីបវីដេអូវែងខ្លី ខ្សែភាពយន្ត MV។ល។ ដែលមានន័យប្រាសចាកនូវក្រមសីលធម៌ បង្ហាញកាយវិការខុសឆ្គងដែលផ្តល់ជាគំរូមិនល្អសម្រាប់យុវជនក៏ដូចជាកុមារា     កុមារី។

ក្រសួងធម្មការនិងសាសនា គប្បីយកចិត្តទុកដាក់ពង្រឹងតួនាទីវត្តអារាមបន្ថែមទៀតក្នុងការចូលរួមចំណែកលើកកម្ពស់សីលធម៌សង្គម។ក្នុងន័យនេះ គ្រប់វត្តអារាមគួរតែបញ្ចូលនូវការអប់រំសីលធម៌ជាប្រចាំនៅរៀងរាល់ថ្ងៃបុណ្យទានឬក៏ថ្ងៃសីលដែលមានពុទ្ធបរិស័ទទៅកាន់ទីវត្តអារាម។ក្នុងនោះ គប្បីលើកទឹកចិត្តឲ្យពុទ្ធបរិស័ទ យកទ្រឹស្តីអប់រំសីលធម៌របស់ពុទ្ធសាសនាទៅអនុវត្តក្នុងជីវភាពរស់នៅប្រចាំថ្ងៃក៏ដូចជាអប់រំណែនាំដល់កូនចៅរបស់ខ្លួន។

ចំណែកក្រសួងព័ត៌មាន ក៏ត្រូវតែជំរុញឲ្យប្រព័ន្ធផ្សព្វផ្សាយនានាដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងយកចិត្តទុក ផ្សព្វផ្សាយ ផលិតកម្មវិធីអប់រំផ្សេងៗក្នុងន័យបំផុសស្មារតី អប់រំសីលធម៌ តម្រង់ទិស ណែនាំ លើកទឹកចិត្តដល់យុវជនចូលរួម ធ្វើអំពើល្អ បង្កើតស្នាដៃនានាដែលមានប្រយោជន៍សម្រាប់ខ្លួនឯង គ្រួសារ សហគមន៍ក៏ដូចជាសង្គមជាតិ។

ជាមួយគ្នានេះ តួអង្គសំខាន់ដែលមិនអាចខ្វះបាននោះគឺអាជ្ញាធរក៏ដូចជាសមត្ថកិច្ចនៅតាមមូលដ្ឋាន។សូមតាមដាននូវរាល់ បាតុភាពអវិជ្ជមាន សកម្មភាពអាណាធិបតេយ្យ បង្កផលប៉ះពាល់ជាអវិជ្ជមានដល់ពលរដ្ឋពិសេសយុវជននៅក្នុងមូលដ្ឋាន របស់ខ្លួនជាប្រចាំ។ ត្រូវមានវិធានការភ្លាម នៅពេលដែលរកឃើញថា សកម្មភាពរបស់ក្រុមណាមួយបានជះឥទ្ធិពលជា អវិជ្ជមានដល់សង្គម។ សូមកុំចាំដល់ថ្នាក់លើឬក៏ព្រះឥន្ទចេញបទបញ្ជា ទើបមានសកម្មភាព។

រីឯក្រុមយុវជនដែលជាទំពាំងស្នងឫស្សី ជាអ្នកដែលត្រូវបន្តដឹកនាំ ចូលរួមកសាងប្រទេសជាតិនោះ គឺត្រូវតែភ្ញាក់រលឹកដោយខ្លួនឯងផងដែរ ពោលគឺក្នុងនាមជាយុវជនត្រូវតែខិតខំសិក្សារៀនសូត្រ ស្វែងរកចំណេះជំនាញមកដាក់ខ្លួន រៀបចំខ្លួនឯងឲ្យក្លាយជាមនុស្សខ្លឹម ជាមនុស្សដ៏រឹងមាំសម្រាប់ប្រទេសជាតិ។សូមចៀសឲ្យឆ្ងាយនូវរាល់អំពើអបាយមុខទាំងឡាយដែលនាំនូវក្តីវិនាសសម្រាប់ខ្លួន និងមិនត្រូវធ្វើឬក៏បង្កើតនូវមាតិកាតាមបណ្តាញសង្គមណាមួយដែលនាំឲ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូនិងផ្តល់ជាគំរូអាក្រក់ដល់យុវជនគ្នាឯងឬក៏កុមារដែលជាក្រដាសនោះឡើយ៕

Share.