កណ្តាល ៖ អគ្គិភ័យឆាបឆេះ រោងចក្រមួយកន្លែង យុីហោ អ.ជី ហ៊្វូត វែរ ផលិតស្បែកជើង ដែលស្ថិតនៅក្នុងភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីវេលាម៉ោង៤និង៥០នាទីល្ងាចថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤នេះ ។

កម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យច្រើនគ្រឿងត្រូវបានបញ្ជូនទៅតាមអង្គភាពផ្សេងៗគ្នា ដើម្បីជួយអន្តរាគមន៍ ក្នុងនោះ កងសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ចំនួន៦គ្រឿង ចូលរួមសហការផងដែរ ។

រោងចក្រខាងលើផលិតស្បែកជើង មានចំនួន៦អគារ ក្នុងនោះមានអគារចំនួន៣ ក្នុង១អគារ ទំហំ៥០ម៉ែត្រx១០០ម៉ែត្រ , ចំណែក៣អគារដែលភ្លើងឆាបឆេះអស់ទាំងស្រុង ទំហំ៨០ម៉ែត្រx១០០ម៉ែត្រ សង្ស័យផ្តើមចេញពីទុស្សេខ្សែភ្លើង ទើបឆាបឆេះ យ៉ាងសន្ធោសន្ធៅ ។

នៅវេលាយប់ថ្ងៃដដែលនេះ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ , ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ មេបញ្ជាការរងកងពលតូចលេខ៧០ ទទួលបន្ទុក កងរុករកនិងសង្គ្រោះ គ្រោះមហន្តរាយ អង្គភាព៧១១ បានចុះទៅពិនិត្យនូវស្ថានភាពគ្រោះអគ្គិភ័យខាងលើ ។

គិតមកដល់វេលាម៉ោង៩និង២០នាទីយប់ថ្ងៃដដែលនេះ ភ្លើងមិនទាន់រលត់នៅឡើយទេ ក្រុមពន្លត់អគ្គិភ័យ កម្លាំងសមត្ថកិច្ច គ្រឿងចក្រ បន្តការងារខាងលើ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.