នៅព្រឹកថ្ងៃទី១៩ ខែមីនា ក្រុមជម្រើសជាតិកម្ពុជា បានធ្វើដំណើរដល់ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីត្រៀមចូលរួមការប្រកួតមិត្តភាពអន្តរជាតិ FIFA Series 2024 ដែលគ្រោងនឹងចាប់ផ្តើមពីថ្ងៃទី២១ ខែមីនា រហូតដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤។

ក្រុមជម្រើសជាតិកម្ពុជា ក្រោមការដឹកនាំរបស់លោក Félix Dalmás ស្ថិតនៅពូល (អារ៉ាប៊ីសាអូឌីត A) ជាមួយ ហ្គីយ៉ាន (អាមេរិកខាងជើង), កាប់វែរ (អាហ្វ្រិកខាងលិច) និង ហ្គីណេអេក្វាទ័រ (អាហ្វ្រិកកណ្តាល)។

ខាងក្រោមនេះគឺជាកម្មវិធីប្រកួត 2024 FIFA Series មានដូចជា៖

  • ២២ មីនា ២០២៤ ហ្គីណេអេក្វាទ័រ ប៉ះ កម្ពុជា ម៉ោង ២:០០ រំលងអធ្រាត្រ
  • ២៦ មីនា ២០២៤ កម្ពុជា ប៉ះ ហ្គីយ៉ាន ម៉ោង ២:០០ រំលងអធ្រាត្រ។

​តារាង​ចំណាត់ថ្នាក់ FIFA World Ranking៖

  • ​កម្ពុជា មាន​មូលដ្ឋាន​នៅ​ទ្វីប​អាស៊ី​ ភាគ​អាគ្នេយ៍ ឈរ​លេខ​១៧៩​ពិភពលោក
  • ប្រទេស​កាប់វែរ ស្ថិត​នៅ​ខាង​កើត​ទ្វីប​អាហ្វ្រិក ក្នុង​​មហាសមុទ្រ​អាត្លង់ទិច ឈរ​លេខ​៦៥​ពិភពលោក
  • ប្រទេស​ហ្គីយ៉ាន ស្ថិត​នៅ​​ខាង​ជើង​ទ្វីប​អាមេរិក​ខាង​ជើង ក្នុង​មហាសមុទ្រ​អាត្លង់ទិច​ ឈរ​លេខ​១៥៧​ពិភពលោក
  • ប្រទេសហ្គីណេអេក្វាទ័រ ស្ថិត​នៅ​អាហ្វ្រិក​កណ្តាល ឈរ​លេខ​៧៩​ពិភពលោក។

បញ្ជីរាយនាមកីឡាករជម្រើសជាតិកម្ពុជា សរុប២៣នាក់៖

  • អ្នកចាំទី ហ៊ុល គឹមហ៊ុយ, អុំ វិចិត្រ, វីរៈ ដារ៉ា
  • ខ្សែការពារ សឿយ វិសាល, សារ៉េត គ្រីយ៉ា, ធារី ចន្ថាប៊ីន, ជា ច័ន្ទដារ៉ា, ស៊ិន សុផាណាត, កែម វ៉ាន់ដា, ផាច សុជាវីឡា, ហ៊ី ម៉ូស្លីម
  • ខ្សែបម្រើ ថេឡរ នីកូឡាស់ ខឿង, គួច ដានី, មិន រតនៈ, គង់ លីហ៊ួរ, សុះ ស៊ូហាណា, យូឌៃ អូកាវ៉ា
  • ខ្សែប្រយុទ្ធ សៀង ចន្ធា, ម៉ាត់ នូរុណ, ញាណ សុស៊ីដាន, ផាន សុផន, លឹម ពិសុទ្ធ, ស រតនា៕

សូម​បញ្ជាក់​ថា​ចាប់​តាំង​ពី​បង្កើត​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា មក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ធ្លាប់​ប្រកួត​ទល់​ក្រុម​ហ្គីណេ តែ​មួយ​គត់​ដែល​នៅ​ក្រៅ​ទ្វីប​អាស៊ី ក្នុង​ឆ្នាំ​១៩៦៦ គ្រា​ដែល​កម្ពុជា ទទួល​សិទ្ធិ​ធ្វើ​ម្ចាស់​ផ្ទះ​កីឡា GANEFO ក្រៅ​ពី​នោះ​ការប្រកួត​ផ្លូវការ​របស់​ក្រុម​ជម្រើស​ជាតិ​គឺ​​សុទ្ធ​សឹង​តែ​ប៉ះ​ជាមួយ​ក្រុម​បណ្តា​ប្រទេស​ក្នុង​ទ្វីប​អាស៊ី ទាំង​អស់។

នេះ​​គឺ​ជា​លើក​ទី២​ហើយ​ក្នុង​ប្រវត្តិសាស្រ្ត​ដែល​បាល់ទាត់​​ជម្រើសជាតិ​បុរស​កម្ពុជា ត្រូវ​​ប្រកួត​ទល់​នឹង​​ក្រុម​នៅ​ក្រៅ​ទ្វីប​អាស៊ី៕

Share.