បន្ទាប់ពីសមត្ថកិច្ចពន្លត់អគ្គិភ័យក៏ដូចជាអាជ្ញាធរពាក់ព័ន្ធបានប្រើពេលជាង១០ម៉ៅងដើម្បីពន្លត់អគ្គិភ័យដែលបានឆាបឆេះរោងចក្រស្បែកជើង១កន្លែងស្ថិតនៅភូមិអណ្ដូង  ឃុំបែកចាន ស្រុកអង្គស្នួលដែលបានកើតឡើងនៅវេលា ៤និង៣០ថ្ងៃទី១៨ខែមីនា រហូតមកដល់ព្រឹកថ្ងៃទី១៩ខែមីនាឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិតស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាម      រយៈអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូចសុឃៈ បានថ្លែងអំណរគុណនិងកោតសរសើរចំពោះកិច្ចអន្តរាគមន៍សង្គ្រោះរបស់សមត្ថកិច្ចពាក់ព័ន្ធរហូតដល់អាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង។

ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃក៏បានស្នើឲ្យម្ចាស់រោងចក្រសហគ្រាសទាំងយកចិត្តទុកដាក់ចំពោះប្រព័ន្ធសុវត្ថិភាពនៅតាមរោងចក្រសហគ្រាសរបស់ខ្លួនដោយត្រូវបំពាក់ឧបករណ៍ពន្លត់អគ្គិភ័យ និងមិនត្រូវមានការកែច្នៃខុសលក្ខណៈបច្ចេកទេសនោះឡើយ។

យោងតាមរបាយការណ៍ពីស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានឲ្យដឹងថា គិតត្រឹមម៉ោង០៩ ព្រឹកថ្ងៃទី១៩ខែមីនាឆ្នាំ២០២៤នេះ កម្លាំងកំពុងបន្តកាយ និងបាញ់ពន្លត់ភ្លើងដែលនៅសេសសល់ខាងក្នុងនៅឡើយ។

រោងចក្រផលិតស្បែកជើង អ.ជី ហ៊្វូត វែរស្ថិតនៅក្នុងភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ត្រូវបានអគ្គិភ័យលេបត្របាក់អស់៣អគារ កាលពីវេលាម៉ោង៤និង៥០នាទីល្ងាចថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤នេះ។រោងចក្រនេះ មានកម្មករ កម្មការិនីបម្រើការងារសរុបជា២២០០នាក់។

គ្រោះអគ្គិភ័យនេះ សមត្ថកិច្ចបានសន្និដ្ឋានជាជំហានបឋមថា  សង្ស័យផ្តើមចេញពីទុស្សេខ្សែភ្លើង ភ្លើងឆាបឆេះចេញពីកន្លែងស្តុក រាលដាលឆ្លងពីអគារមួយទៅអគារផ្សេងទៀតដែលនៅជាប់គ្នា ខាងក្នុងស្តុកដោយធុងសាំងក្រអូប កាវ ជ័រ វត្ថុធាតុដើម សម្រាប់ផលិតស្បែកជើង ។

ពេលហេតុការណ៍កើតឡើងភ្លាមៗ កម្មករត្រូវបានជម្លៀសចេញអស់ ពីក្នុងរោងចក្រ ហើយពុំបង្កឱ្យកម្មករណាម្នាក់រងរបួសឡើយ កម្លាំងសមត្ថកិច្ចគ្រប់ស្ថាប័ន កម្លាំងអាជ្ញាធរ រថយន្តពន្លត់អគ្គិភ័យសរុបចំនួនជាង ៥០គ្រឿង មកពីអង្គភាព៧១១ កងពលតូចលេខ៧០ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល អាវុធហត្ថ កងពលតូចឆ័ត្រយោង៩១១ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រថយន្តក្រសួងមហាផ្ទៃ និងរថយន្តមកពីក្រុមហ៊ុនឯកជនផងដែរបានចេញ ប្រតិបត្តិការពន្លត់ភ្លើង ។

ក្នុងប្រតិបត្តិការនោះគឺសង្កេតឃើញមាន វត្តមាន ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ មេបញ្ជាការរងកងពលតូចលេខ៧០ ទទួលបន្ទុក កងរុករកនិងសង្គ្រោះ គ្រោះមហន្តរាយ អង្គភាព៧១១ លោកឧត្តមសេនីយ៍ទោ ស៊ុ សំណាង មេបញ្ជាការកងទ័ពពិសេសឆ័ត្រយោង៩១១ បានចុះទៅពិនិត្យនូវស្ថានភាព និងដឹកនាំក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យ ។

ពាក់ព័ន្ធនឹងហេតុការណ៍អគ្គិភ័យនេះដែរ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក ទូច សុឃៈបានឲ្យដឹងដោយទៅតាមរបាយការណ៍ពីសមត្ថកិច្ចថា រោងចក្រដែលត្រូវអគ្គិភ័យឆាបឆេះនេះពុំមានបញ្ជាក់ឧបករណ៍បង្ការនិងពន្លត់អគ្គិភ័យនោះឡើយខណៈដែលមានការកែច្នៃពុះចែកអគារជាបន្ទប់ៗដើម្បីទុកដាក់សម្ភារផ្សេងដែលមានទាំងគ្រឿងជ័ររួមទាំងប្រេងដែលនាំឲ្យអគ្គិភ័យងាយឆាបឆេះនិងបង្កហានិភ័យខ្ពស់៕

រូបភាព៖តាតុង សែនជ័យ

Share.