ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតមានប្រសាសន៍ថា គណៈវិជ្ជាជីវៈសុខាភិបាលមានតួនាទីសំខាន់ណាស់ ក្នុងការពង្រឹងសមត្ថភាពប្រព័ន្ធផ្តល់សេវាថែទាំសុខភាព នៅផ្នែកសាធារណៈ និង ឯកជន និង ផ្ដល់ការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល ក្នុងការកសាង និងការអភិវឌ្ឍធនធានមនុស្សសុខាភិបាលដែលមានចំណេះដឹងខ្ពស់ ជំនាញពិតប្រាកដ និង ក្រមសីលធម៌ល្អ នៅបច្ចុប្បន្នកាល និងសម្រាប់ពេលអនាគត។

ក្នុងន័យនេះ សម្តេចជំរុញឲ្យ គណៈវិជ្ជាជីវៈសុខាភិបាលទាំង ៥, រួមមាន គណៈគ្រូពេទ្យ, គណៈឱសថការី, គណៈទន្តពេទ្យ, គណៈគិលានុបដ្ឋាក, និងគណៈឆ្មប ត្រូវបន្តអភិវឌ្ឍនិង ពង្រឹងការអនុវត្តស្តង់ដា និង ក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល, ការចុះបញ្ជីកា និង ផ្តល់អាជ្ញាបណ្ណវិជ្ជាជីវៈ, ការចូលរួមអភិវឌ្ឍកម្មវិធីបណ្តុះបណ្តាលមូលដ្ឋាន ការបណ្តុះបណ្តាលបន្ត និងនវានុវត្តន៍គន្លងអាជីពវិជ្ជាជីវៈសុខាភិបាល។

ការថ្លែងរបស់ប្រមុខរាជរដ្ឋាភិបាលយ៉ាងដូច្នេះធ្វើឡើងនាឱកាសសម្តេចអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសុខាភិបាល នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤នេះ ។

ក្នុងនោះសម្តេចក៏បានជំរុញឲ្យក្រសួងសុខាភិបាលត្រូវបន្តធ្វើបរិវត្តកម្មប្រព័ន្ធ និងកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ សុខាភិបាល, ព្រមទាំងវិធីសាស្ត្របង្រៀនសម្រាប់ការបណ្តុះបណ្តាលមូលដ្ឋាន និង ការបណ្តុះបណ្តាលបន្ត តាមអភិក្រមប្រាកដនិយមមួយ ដែលផ្តោតលើការកសាងចំណេះដឹងជំនាញ និង ពហុជំនាញពិតប្រាកដ ព្រមទាំងការបណ្តុះវប្បធម៌នៃការប្រតិបត្តិក្រមសីលធម៌ល្អ។ បន្ថែមលើនេះ ត្រូវពង្រឹងយន្តការអភិបាលកិច្ច និង និយតកម្មគុណភាពនៃការបណ្តុះបណ្តាលវិជ្ជាជីវៈ សុខាភិបាល ទាំងនៅផ្នែកសាធារណៈនិងផ្នែកឯកជន ដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅកាន់ការធ្វើស្ថាបនូបនីយកម្មប្រព័ន្ធទទួលស្គាល់គុណភាព គ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈសុខាភិបាល នាពេលអនាគត។

ចំពោះ មន្ត្រីសុខាភិបាល វេជ្ជបណ្ឌិត គ្រូពេទ្យ គិលានុបដ្ឋាក និង បុគ្គលិកថែទាំងវេជ្ជសាស្ត្រទាំងអស់ សម្តេចបានលើកទឹកចិត្តឲ្យធ្វើអាទិភាវូនីយកម្មលើការសង្គ្រោះជីវិតលើសអ្វីៗទាំងអស់ ដោយហេតុថាមុខងារអាជីពជាចម្បងរបស់មន្ត្រីសុខាភិបាល វេជ្ជបណ្ឌិត គ្រូពេទ្យ គិលានុបដ្ឋាក និងបុគ្គលិកថែទាំងវេជ្ជសាស្ត្រទាំងអស់ គឺការសង្គ្រោះជីវិតប្រជាជន តាមរយៈការផ្តល់ការព្យាបាលសុខភាពប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ជាមួយនឹងការគោរព ស្រឡាញ់អ្នកជំងឺ និងអ្នកទទួលសេវាសុខាភិបាល ប្រកបដោយទឹកចិត្តបរិសុទ្ធបំផុត៕

Share.