បាត់ដំបង ៖ គ្រឿងចក្រប្រភេទអេស្កាវ៉ាទ័រ មួយគ្រឿង ខណៈដែលកំពុងកាយពង្រាបដីស្រែ ស្រាប់តែឆ្លងប្រព័ន្ធភ្លើងឆាបឆេះខ្មួល ផ្អើលសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចេញទៅជួយបាញ់ទឹកពន្លត់ ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៩ ខែមិនា ឆ្នាំ២០២៤ នៅវាលស្រែ ក្នុងភូមិបឹងរាំង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

អេស្កាវ៉ាទ័រមួយគ្រឿងខាងលើមានម្ចាស់ អ្នកបើក ឈ្មោះរ៉េត សារ៉ូន ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិបឹងរាំង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

តាមសមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះបានបើកយកអេស្កា ទៅធ្វើការកាយពង្រាបដីស្រែរបស់ខ្លួន ហើយខណៈដែលកំពុងកាយ ស្រាប់តែឆ្លងប្រព័ន្ធភ្លើង ឆាបឆេះខ្មួល បង្កឱ្យផ្អើល អ្នកភូមិ សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋានស្រុកមួយគ្រឿងចេញទៅជួយបាញ់ទឹកពន្លត់ភ្លើងឱ្យរលត់ទៅវិញ ដោយប្រើប្រាស់ទឹកអស់២សុីទែន អេស្កាវ៉ាទ័ររងខូចខាតអស់៥០ភាគរយ តែមិនបង្កឱ្យអ្នកណារងរបួសឡើយ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.