សិល្បៈជាតិ៖ បើស្ដាប់តាមការលើកឡើងរបស់តារាសម្ដែងស្រី សឹម ស្រីនិច្ច បានបញ្ជាក់ឱ្យដឹងថា តាំងពីចូលប្រឡូកសិល្បៈមកជិត ១០ ឆ្នាំហើយនោះ កញ្ញាទើបតែសម្រេចក្ដីប្រាថ្នាបានគ្រងឈុតទេពធីតាមហាសង្ក្រាន្ត ដែលថ្មីៗនេះ កញ្ញាទទួលឱកាសពីរចនាឈុតម្នាក់ដើម្បីទ្រង់គ្រឿងតែងតួជា ព្រះនាម មហោទរាទេវី ជាការត្រៀមចូលរួមអបអរមហាសង្រ្កាន្តឆ្នាំថ្មី ខិតជិតចូលមកដល់។

តាមសៀវភៅមហាសង្គ្រាន្ត បានដឹងថា មហាសង្ក្រាន្ត ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ មហាសករាជ ១៩៤៦ ចុល្លសករាជ ១៣៨៦ គ្រិស្តសករាជ ២០២៤ សុភមស្តុ ! វរមង្គលាជយាតិរេកព្រះពុទ្ធសករាជ ព្រះសាសនា អតិក្កន្តាកន្លងទៅហើយ បាន ២៥៦៧ព្រះវស្សា ត្រឹមថ្ងៃពុធ ពេញបូណ៌មីនៃខែពិសាខ ។

លុះដល់ថ្ងៃព្រហស្បតិ៍ ១រោច ខែពិសាខ ចូលព្រះពុទ្ធសករាជ ២៥៦៨ ព្រះវស្សាតទៅ ។ នឹងគណនាឆ្នាំ រោង ឆស័ក ឥឡូវនេះសង្ក្រាន្តចូលមកនៅក្នុងថ្ងៃសៅរ៍ ៥កើត ខែ ចេត្រ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ២២:១៧ និង២៤ វិនាទីយប់ ។

នោះព្រះអាទិត្យ ចរចេញពីមីនរាសី ទៅស្ថិតនៅឯ មេសរាសី ដើរតាមគោវិថី គឺផ្លូវកណ្តាល ទើបមានទេពធីតាមួយ ព្រះអង្គជាមគ្គនាយិកាព្រះនាម មហោទរាទេវី គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌ ខៀវ សៀតផ្កា កណិការ (មានសណ្ឋានប្រហែលនឹងផ្កាម្លិះ) អាភរណៈ កែវនិលរ័ត្ន (កែវពណ៌ខៀវ- ត្បូងកណ្តៀង) ភក្សាហារ សាច់ទ្រាយ (អម្បូរសត្វឈ្លូស) ព្រះហស្តស្តាំទ្រង់ កងចក្រ ព្រះហស្ត ឆ្វេងទ្រង់ ត្រីសូល៍ (អាវុធមុខបី) គង់លើខ្នង មយូរៈ (សត្វក្ងោក) ជាពាហនៈ នាំអស់ពួកទេពនិករ បវរកញ្ញាទាំងមួយសែនកោដិ ហោះទៅកាន់គុហាកែវឈ្មោះគន្ធមាលី នាទីភ្នំកៃលាសខេត្តហេមពាន្ត ដែលប្រតិស្ថានទុកព្រះសិរសាកបិលមហាព្រហ្ម តម្កល់លើពានមាស នាំចេញមកដង្ហែប្រទក្សិណភ្នំ ព្រះសុមេរុរាជ ជុំចក្រវាឡតាមផ្លូវព្រះអាទិត្យចរជាគម្រប់៦០នាទី” ហើយដង្ហែចូលទៅតម្កល់ទុកដូច ដើមវិញ។

ទើបប្រជុំទេវបុត្រទេវធីតាទាំងមួយសែនកោដិ ចូលទៅស្រង់ទឹកអនោតត្តមហាស្រះ ដែល មានទឹកហូរចេញពីបំពង់ថ្មកែវ ជាមាត់គោឧសភរាជទាំង៧ ត្រជាក់ត្រជំក្សេមក្សាន្តព្រះហឫទ័យ ទើបនាំចូលទៅសមាទានសីល ដោយព្រះទ័យសោមនស្សរីករាយគ្រប់ៗអង្គ ក្នុងភគវតីសភា ដែល វិស្សកម្មទេវបុត្រនិម្មិតថ្វាយ ហើយបន្ទោបង់នូវអពមង្គលឱ្យជ្រះស្រឡះ ចម្រើននូវសុភមង្គល សិរី សួស្តី ជន្មាយុយឺនយូរតរៀងទៅ។

ដូច្នោះហើយ ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនាឆ្នាំនេះ គឺរៀបចំថ្ងៃសៅរ៍ ៥កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង២២:១៧ និង ២៤ វិនាទីយប់ ជាថ្ងៃចូលឆ្នាំថ្មី ៕

Share.