បទ ផ្កាឈូករីក

ជាមន្ត្រី ថ្មីដូចចាស់ ច្បាស់អត្តា     ជាមន្ត្រី កិរិយា ត្រូវប្រយ័ត្ន

ជាមន្ត្រី ក្បួនវិន័យ ប្រតិបត្តិ          ជាមន្ត្រី ត្រូវមធ្យ័ត រាល់កិច្ចការ។

ជាមន្ត្រី មុនហារស្តី ត្រូវតែគិត       ជាមន្ត្រី ចេញឆ្ងាយជិត  មានវិចារ

ជាមន្ត្រី បើខូចឈ្មោះ ពិបាកស្តារ   ជាមន្ត្រី ត្រូវរក្សា កេរ្តិ៍ឲ្យបាន។

ជាមន្ត្រី ប្រព្រឹត្តល្អ គេសរសើរ       ជាមន្ត្រី អង្គុយដើរ ចេះប្រមាណ

ជាមន្ត្រី ត្រូវយកចិត្ត រាស្ត្រឲ្យបាន ​ ជាមន្ត្រី ធ្វើខុសដាន ដាលដិតជាប់។

ជាមន្ត្រី សីលធម៌ មានជានិច្ច       ជាមន្ត្រី ត្រូវចេះគេច រឿងពុំគាប់

ជាមន្ត្រី នគរបាល ឬកងទ័ព        ជាមន្ត្រី ដឹងទម្លាប់ ភ្ជាប់សាសនា។

ជាមន្ត្រី ត្រូវដាក់ខ្លួន ត្រៀមបម្រើ   ជាមន្ត្រី រាស្ត្រស្តីស្នើ ត្រូវឧស្សាហ៍

ជាមន្ត្រី ត្រូវដោះស្រាយ រាល់បញ្ហា ជាមន្ត្រី ត្រូវធ្វើការ ដើម្បីជាតិ។

ជាមន្ត្រី បានកៅអី អង្គុយហើយ    ជាមន្ត្រី កុំកន្តើយ ខំខ្មីឃ្មាត

ជាមន្ត្រី ត្រូវដោះស្រាយ រឿងវិវាទ  ជាមន្ត្រី  ទ្រទ្រង់ជាតិ ឲ្យខ្ពង់ខ្ពស់។

ជាមន្ត្រី ត្រូវប្រកាន់ ភាពគំរូ          ជាមន្ត្រី លៃគិតគូរ   តម្កើងយស

ជាមន្ត្រី ស្នេហាជាតិ រាស្ត្រចាំឈ្មោះ ជាមន្ត្រី ទោះទាបខ្ពស់ គួរចងចាំ៕

អត្ថបទ៖ សំ នឿន

Share.