សិល្បៈជាតិ៖ តារាសម្ដែងឯកប្រុសរូបសង្ហា ខាត់ វ៉ៃហាំង បានបង្ហាញវត្តមានទៅទទួលពានរង្វាន់លំដាប់អន្តរជាតិនៅក្នុងកម្មវិធី Asia Top Award 2024 នាប្រទេសថៃ និងឆ្លៀតទៅចូលរួមសម្ពោធការចាក់បញ្ចាំងភាពយន្ត «ប្រុសលក់ខ្លួន» នៅលើផ្ទាំងសំពត់សក្នុងរោងភាពយន្តប្រទេសថៃទាំង ៨៦ ទីតាំងសំខាន់ៗថែមទៀតផង។

លោក ខាត់ វ៉ៃហាំង បានឱ្យតម្លៃពានរង្វាន់តារាសម្ដែងប្រុសឆ្នើមទទួលបាននោះ គឺផ្ដល់កិត្តិយសជូនដល់អ្នកគាំទ្រផ្តល់ឱ្យ និងដល់ស្ថានីយទូរទស្សន៍ភីអិនអិន ម្ចាស់ផលិតកម្ម រួមទាំង ក្រុមការងារថតទាំងអស់គ្នាដែលបានខិតខំយ៉ាងលំបាក ក្នុងការសាងសមិទ្ធផលដ៏ល្អនេះឡើង។

ជាមួយគ្នានោះដែរ តារាសម្ដែងឯកប្រុសរូបនេះ ក៏បានអញ្ជើញចូលរួមសម្ពោធភាពយន្ត«ប្រុសលក់ខ្លួន» របស់ផលិតកម្ម LD ដែលបានចូលទៅបញ្ចាំងជាផ្លូវការនៅក្នុងរោងភាពយន្តប្រទេសថៃនាថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៤នេះ ជាមួយតារាឯកស្រី ពេជ្រ វត្តីសារ៉ាវឌ្ឍី ហៅ Pichy តារាសម្ដែងឯកប្រុសភូមា លោក ប៉ៃ ថាកន លោក លៀក លីដា រួមទាំងក្រុមការងារផលិតកម្ម LD ផងដែរ។

សូមជម្រាបថា ភាពយន្ត «ប្រុសលក់ខ្លួន» គឺជាភាពយន្តដែលទទួលបានភាពជោគជ័យលំដាប់ខ្ពស់បំផុតសម្រាប់ការចាក់បញ្ចាំងនៅក្នុងស្រុកដែល​ត្រឹមតែ ៤ ថ្ងៃ​ប៉ុណ្ណោះ អាច​កើប​លុយ​បាន​ដល់​ទៅ ៨០០ លាន​រៀល។ ភាពយន្ត​មួយ​នេះ ក៏ត្រូវបាន​អ្នកគាំទ្រ​ទស្សនា សម្រុក​ធ្វើ​កក់​កៅអី​ទុកអស់ៗគ្មាន​សល់ តាំងពី​ថ្ងៃ​ដាក់​បញ្ចាំង​ថ្ងៃ​ដំបូង​មកម្ល៉េះ ពោលគឺ ​សំបុត្រ​ទស្សនាត្រូវបានកក់រហូតដល់​គ្មាន​កន្លែង​សល់សូម្បីតែ​ជួរមុខ​ជិត​អេក្រង់ក៏ដោយ៕

Share.