យោងតាមការចុះផ្សាយរបស់កាសែត Bild របស់ប្រទេសអាល្លឺម៉ង់កាលពីថ្ងៃអង្គារ សប្ដាហ៍នេះ បានរាយការណ៍ថា រដ្ឋាភិបាលអាល្លឺម៉ង់បានចាប់ផ្តើមដំណើរការបញ្ជាទិញមីស៊ីល JASSM-ER ថ្មីចំនួន ៧៥ដើម ក្នុងតម្លៃ ៨ពាន់លានអឺរ៉ូ ពីសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន​ Reuters នាថ្ងៃពុធ​ ទី២០ ខែមីនា ឆ្នាំ២០២៤។

ដោយមិនដកស្រង់ប្រភពរបស់ខ្លួន Bild បាននិយាយថា ការទិញមីស៊ីលថ្មីនេះ អាចជំនួសមីស៊ីល Taurus ដែលមានស្រាប់ ហើយកើតឡើងបន្ទាប់ពីរដ្ឋាភិបាលអាល្លឺម៉ង់ក្នុងឆ្នាំ២០២២ បង្ហាញការចាប់អារម្មណ៍ចំពោះការទិញយន្តហោះចម្បាំង F-35 និងមីស៊ីលដែលពាក់ព័ន្ធជាមួយវា របស់រដ្ឋាភិបាលអាមេរិក។

អ្នកនាំពាក្យក្រសួងការពារជាតិអាឡឺម៉ង់ បាននិយាយថា ការទិញសព្វាវុធចម្រុះ រួមទាំងធាតុផ្សំទាំងនេះ ត្រូវបានគ្រោងទុកជាផ្នែកមួយនៃការទទួលបានយន្តហោះ F-35A។

យ៉ាងណាម៉ិញ ការបញ្ជាទិញនេះ កើតឡើងបន្ទាប់ពីលោក Boris Pistorius ជារដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ បានប្តេជ្ញាធានាថា ប្រទេសរបស់ខ្លួន គឺត្រៀមខ្លួនជាស្រេចសម្រាប់សង្រ្គាមតាមរយៈការបង្កើនមូលនិធិ និងធនធានដ៏សំខាន់សម្រាប់កងទ័ពអាល្លឺម៉ង់។ ទន្ទឹមនោះ មានការព្រួយបារម្ភថា សង្គ្រាមរវាងរុស្ស៊ី និងអង្គការណាតូ អាចនឹងផ្ទុះឡើងក្នុងរយៈពេល ៥ ទៅ ៨ឆ្នាំ៕

ប្រភព៖ Reuters

Share.