ហាណូយ៖ ប្រទេសវៀតណាម កំពុងស្វែងរកប្រធានាធិបតីទី៣ របស់ខ្លួន បន្ទាប់ពីបក្សកុម្មុយនិស្តដែលកំពុងកាន់អំណាចកាលពីថ្ងៃពុធ បានបង្ខំឱ្យលោក Vo Van Thuong លាលែងពីតំណែងរបស់លោក ដែលទើបតែជាប់ឆ្នោតកាលពីឆ្នាំមុន បន្ទាប់ពីការបណ្តេញចេញពីតំណែងភ្លាមៗរបស់អតីតប្រធានាធិបតីមុន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០២៤។

រដ្ឋាភិបាលវៀតណាមបាននិយាយកាលពីថ្ងៃពុធ ទី២០ ខែមីនា ថា បក្សកុម្មុយនិស្តវៀតណាមបានទទួលយកការលាលែងពីតំណែងរបស់លោកប្រធានាធិបតី Vo Van Thuong បន្ទាប់ពីបានឡើងកាន់អំណាចបានត្រឹមតែ ១ឆ្នាំប៉ុណ្ណោះ ដែលជាសញ្ញានៃភាពចលាចលនយោបាយ ដែលអាចប៉ះពាល់ដល់ទំនុកចិត្តរបស់អ្នកវិនិយោគបរទេសនៅក្នុងប្រទេស។

រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Thuong បានបំពានលើបទបញ្ញត្តិរបស់គណបក្ស ដោយបន្ថែមថា «ចំណុចខ្វះខាតទាំងនោះ បានជះឥទ្ធិពលអវិជ្ជមានដល់មតិសាធារណៈ ប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់គណបក្ស រដ្ឋ និងរូបលោកផ្ទាល់»។

គណៈកម្មាធិការមជ្ឈិមបក្ស ដែលជាស្ថាប័នធ្វើការសម្រេចចិត្តកំពូលក្នុងប្រទេសវៀតណាម ដែលគ្រប់គ្រងដោយបក្សកុម្មុយនិស្ត បានអនុម័តលើការលាលែងពីតំណែងរបស់លោក Vo Van Thuong ប្រហែលមួយឆ្នាំប៉ុណ្ណោះ បន្ទាប់ពីលោកត្រូវបានបោះឆ្នោត ជ្រើសតាំងជាប្រធានាធិបតី។ ប្រធានាធិបតី​មាន​តួនាទី​ច្រើន​ក្នុង​ពិធី ប៉ុន្តែ​ជា​តំណែង​នយោបាយ​កំពូល​មួយ​ក្នុង​ចំណោម​តំណែង​កំពូល​ទាំង​៤ នៅ​ក្នុង​ប្រទេស​អាស៊ីអាគ្នេយ៍។

កិច្ចប្រជុំរបស់គណៈកម្មាធិការនេះ បានមុនសម័យប្រជុំវិសាមញ្ញនៃសភារបស់ប្រទេសវៀតណាម ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ នេះ នៅពេលដែលសមាជិកសភាត្រូវបានគេរំពឹងថា នឹងទទួលស្គាល់ការសម្រេចចិត្តរបស់គណបក្សកុម្មុយនិស្ដ។

យ៉ាងណាម៉ិញ សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាល មិនបានបញ្ជាក់លម្អិតអំពីចំណុចខ្វះខាតរបស់លោក Thuong នោះទេ ប៉ុន្តែការផ្លាស់ប្តូរថ្នាក់ដឹកនាំសំខាន់ៗនៅក្នុងរដ្ឋឯកបក្សនាពេលថ្មីៗនេះ សុទ្ធតែបានផ្សារភ្ជាប់ទៅនឹងយុទ្ធនាការប្រឆាំងអំពើស៊ីសំណូក ឬអំពើពុករលួយ ដែលរដ្ឋាភិបាលមាន​គោលបំណង​លុបបំបាត់​អំពើពុករលួយ​យ៉ាង​ទូលំទូលាយ ប៉ុន្តែ​ក៏​ត្រូវបាន​អ្នករិះគន់​សង្ស័យថា ​ជា​ឧបករណ៍​សម្រាប់​ជម្លោះ​នយោបាយ។

វិនិយោគិនបរទេស និងអ្នកការទូតបានស្តីបន្ទោសម្តងហើយម្តងទៀត ចំពោះយុទ្ធនាការនេះ ទាក់ទងការពន្យឺតការសម្រេចចិត្តក្នុងប្រទេសមួយដែលកំពុងប្រឈមនឹងការិយាធិបតេយ្យដ៏លំបាករួចទៅហើយ។

លោក Thuong អាយុ ៥៣ឆ្នាំ ដែលទើបឡើងកាន់តំណែងទើបតែ ១ឆ្នាំរូបនេះ បានលាឈប់ពីការងារប៉ុន្មានថ្ងៃ បន្ទាប់ពីប៉ូលីសវៀតណាម បានប្រកាសពីការចាប់ខ្លួនពីបទពុករលួយកាលពី ១០ឆ្នាំមុនរបស់អតីតមន្រ្តីវៀតណាមប្រចាំខេត្ត Quang Ngai ភាគកណ្តាលវៀតណាម ដែលបានបម្រើការនៅទីនោះ អំឡុងលោក Thuong នៅកាន់តំណែងជាប្រធានបក្សនៅទីនោះ។

សូមជម្រាបថា លោក Thuong ក៏ធ្លាប់ជាមន្ត្រីជាន់ខ្ពស់គណបក្សនៃមជ្ឈមណ្ឌលសេដ្ឋកិច្ចទីក្រុងហូជីមិញ។ លោក Thuong ត្រូវបានគេចាត់ទុកថាមានភាពស្និទ្ធស្នាលនឹងលោក Nguyen Phu Trong ដែលជាឥស្សរជនដ៏មានឥទ្ធិពលបំផុតរបស់វៀតណាម និងជាស្ថាបត្យករសំខាន់នៃយុទ្ធនាការប្រឆាំងអំពើពុករលួយផងដែរ៕

ប្រភព៖ CNA

Share.