សិល្បៈអន្តរជាតិ៖ តាមការប្រកាសរបស់សារព័ត៌មានថៃនាពេលថ្មីនេះៗបានឱ្យដឹងថា តារាសម្ដែងឯកប្រុសគឺលោក វិណៃ ក្រៃបុត្រ ល្បីបំផុតនៅក្នុងសម្តែងរឿង «នាងណាត» និងធ្លាប់បានចូលរួមសម្តែងភាពយន្តខ្មែរ « កូនពស់កេងកង » របស់លោក ហ្វៃ សំអាង ពេលនេះបានទទួលមរណភាពហើយក្នុងអាយុ ៥៤ ឆ្នាំ កាលពីយប់ថ្ងែទី ២០មីនា  បន្ទាប់ពីធ្លាក់ខ្លួននឈឺអស់ប៉ុន្មានឆ្នាំមកនេះដោយសារជំងឺមហារីកស្បែក។

វិណៃ ក្រៃបុត្រ ជាតួឯកប្រុសថៃល្បីឈ្មោះកាលពី២០ឆ្នាំមុន តួឯករឿង ពស់កេងកង សម្ដែងជាតួ នាយវេហាស៍ ជាមួយតួស្រីកម្ពុជាយើង ពេជ្រ ច័ន្ទបូរមី សម្ដែងជាតួសូរិយា ដឹកនាំរឿងដោយ លោក ហ្វៃ សំអាង បញ្ចាំងឆ្នាំ២០០១ និង ជាតួឯកប្រុសរឿង នាងណាត ១៩៩៩ ក្រោយមានឈ្មោះល្បី លោកកើតជំងឺសើស្បែកកម្រិតធ្ងន់ ហើយរោគពងស្បែកនេះជាជំងឺឆ្លងចូលក្នុងប្រព័ន្ធភាពស៊ាំ ឬ ជាប្រតិកម្ម ប៉ុន្តែលោកក៏បានព្យាយាមព្យាបាលខ្លួនទាំងតាមវិធីបុរាណផង និង តាមវេជ្ជសាស្រ្តទំនើបផង រួមមាន ការលេបថ្នាំ ការព្យាបាលដោយថ្នាំស្តេរ៉ូអ៊ីត  ការហាត់ប្រាណថែរាងកាយឱ្យរឹងមាំ ការតមអាហារ លាយឡំបញ្ចូលគ្នាសព្វបែបយ៉ាង។

សភាពជំងឺរបស់តារាឯកប្រុសរូបនេះហាក់ដូចជាមិនប្រសើរឡើងទេពីមួយឆ្នាំទៅមួយឆ្នាំ បើទោះបីជាលោកខំប្រឹងថែទាំខ្លួន និងព្យាបាលគ្រប់វិធីយ៉ាងក៏ដោយ។ ពេលខ្លះលោកត្រូវបង្ខំចិត្តលក់លក់ផលិតផលអនឡាញ ដើម្បីទប់ទល់ជីវភាពខណៈផ្អាកអាជីពសិល្បៈទាំងស្រុង។ ជាតួឯកប្រុសថៃរូបនេះ ត្រូវបានសាច់ញាតិជួយមើលថែទាំ និងព្យាបាលអស់រយៈពេល ៥ ឆ្នាំ រហូតដល់ថ្ងៃដែលលោកលែងបានឃើញពន្លឺព្រះអាទិត្យនៅលើក្នុងលោកតទៅទៀត។

នៅក្នុងចង្កោមសិល្បៈភាពយន្តថៃ មហាជនអ្នកគាំទ្របានប្រសិទ្ធនាមតារា​ឯកប្រុសរូបថា ជាតារាឯកប្រុសកើបចំណូលលុយរាប់លាន បន្ទាប់ពីលោកជោគជ័យសម្ដែងរឿង «នាងណាត» ។ តមកទៀតលោកក៏បានចូលរួមសម្ដែងទាំងភាពយន្តខ្នាតធំ និងរឿងភាគទូរទស្សន៍ដែលសរុបភាពយន្តធំល្បីៗ ១៤ រឿង និង រឿងភាគទូរទស្សន៍ ៧០ ចំណងជើងថែមទៀត។

សូមជម្រាបថា លោក វិណៃ ក្រៃបុត្រ បានទទួលមរណភាពនៅវេលាម៉ោង ២៣ និង ៤៩នាទី ថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៤ ក្នុងមន្ទីរពេទ្យនៅប្រទេសថៃ៕

Share.