កោះកុង ៖ សាកសពបុរសម្នាក់ត្រូវបានជនដៃដល់វាយសម្លាប់ញ៉ាត់ក្នុងវ៉ាលី រួចយកទៅបោះផ្លុងចោលតាមចិញ្ចើមផ្លូវ ត្រូវបានបងប្អូនកម្មករធ្វើផ្លូវប្រទះឃើញ រាយការណ៍ទៅសមត្ថកិច្ច សង្ស័យជារឿងឃាតកម្ម បង្កឱ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៤៨ ភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបទុមសាគរ ខេត្តកោះកុង។

សាកសពមិនទាន់ស្គាល់អត្តសញ្ញាណ ភេទប្រុស ជាជនជាតិខ្មែរ នៅលើដើមដៃឆ្វេងរបស់សាកសពមានចាក់សាក់ជាអក្សរខ្មែរថា (ចងចាំ)ដោយសរសេរលេខខ្មែរនៅខាងក្រោម០៥.០៩.២១ ហើយសាកសព មានសភាពហើមធំក្លិនអសោចនិងមានដង្កូវ តាមការស្និដ្ឋាន សពត្រូវបានជនដៃដល់វាយសម្លាប់រយៈពេល៣ថ្ងៃមកហើយ ជារឿងឃាតកម្ម ។

តាមប្រភពបានឱ្យនៅវេលាម៉ោងខាងលើ បងប្អូនកម្មករអ្នកធ្វើផ្លូវជាតិលេខ៤៨ ប្រទះឃើញវ៉ាលីមួយ នៅចោលចិញ្ចើមផ្លូវ សង្ស័យចូលទៅជិត ធំក្លិនស្អុយ កាន់តែសង្ស័យ រាយការណ៍ទៅសមត្ថកិច្ច ចុះទៅពិនិត្យ បើកមើលស្រាប់តែប្រទះឃើញសាកសព ក្នុងសភាពហើមស្អុយ។

សាកសពបុរសខាងលើ បន្ទាប់ពីសមត្ថកិច្ចជំនាញ គ្រូពេទ្យ ធ្វើការពិនិត្យរួច សម្រេចកប់នៅក្បែរកន្លែងកើតហេតុតែម្តង និងបន្តធ្វើការស្រាវជ្រាវរកសាច់ញាត្តិទៅទទួល និងបើកការស៊ើបអង្កេតរកជនសង្ស័យ ដើម្បីចាត់ការតាមនីតិវិធី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.