បន្ទាប់ពីរដ្ឋសភាបានអនុម័តឱ្យលោកប្រធានាធិបតី Vo Van Thuong ចេញពីតំណែង នៅថ្ងៃព្រហស្បតិ៍ នេះ លោកស្រី Vo Thi Anh Xuan នឹងត្រូវធ្វើជាប្រធានាធិបតីស្តីទី ចាប់ពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ រហូតដល់រដ្ឋសភាបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន VN Express នាថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០២៤។

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានប្រកាសអនុវត្តសិទ្ធិអំណាចរបស់ប្រធានាធិបតីស្ដីទីភ្លាមៗ បន្ទាប់ពីបិទបញ្ចប់សម័យប្រជុំវិសាមញ្ញលើកទី៦ នៃរដ្ឋសភា នីតិកាលទី១៥ នេះ​បើ​យោង​តាម​រដ្ឋធម្មនុញ្ញ ឆ្នាំ​២០១៣ ច្បាប់​ស្ដីពី​ការ​រៀបចំ​រដ្ឋសភា និង​បទប្បញ្ញត្តិ​របស់​រដ្ឋសភា។

យ៉ាងណាម៉ិញ នេះគឺ​ជា ការតែងតាំង​លើក​ទី​២​ ក្នុង​អាណត្តិ​ឆ្នាំ​២០២១-២០២៦ ដែល​លោកស្រី Vo Thi Anh Xuan ត្រូវ​បាន​ចាត់តែងតាំង​ឱ្យ​ធ្វើ​ជា​ប្រធានាធិបតីស្ដីទី។

នៅខែមករាឆ្នាំ២០២៣ លោកស្រី បានកាន់តំណែងជាប្រធានស្តីទីអស់រយៈពេលជាង១ខែ ចាប់ពីពេលដែលរដ្ឋសភា បានបណ្តេញលោកប្រធានាធិបតី Nguyen Xuan Phuc រហូតដល់គេបានជ្រើសរើសលោក Vo Van Thuong ឱ្យកាន់តំណែងជាប្រធានាធិបតីប​ន្ទាប់។

នៅខែមេសា ឆ្នាំ២០២១ លោកស្រី ត្រូវបានជ្រើសតាំងជាអនុប្រធានាធិបតីដោយរដ្ឋសភានៅអាយុ ៥១ឆ្នាំ និងជាអនុប្រធានាធិបតីដែលក្មេងជាងគេក្នុងប្រវត្តិសាស្ត្រ។

ទន្ទឹមនោះលោកស្រី ជាសមាជិកនៃគណៈកម្មាធិការមជ្ឈិមបក្សសម្រាប់អាណត្តិទី១២ និងទី១៣, ជាសមាជិករដ្ឋសភានីតិកាលទី១៤ និងទី១៥។

ក្នុងរយៈពេលជិត ៣ឆ្នាំក្នុងនាមជាអនុប្រធានាធិបតី លោកស្រី Xuan បានធ្វើដំណើរជាច្រើនទៅកាន់ប្រទេសមួយចំនួន ដូចជា៖ ប៊ុលហ្គារី ក្រិក ព័រទុយហ្គាល់ កាហ្សាក់ស្ថាន និងបានចូលរួមកិច្ចប្រជុំកំពូលស្ត្រីសកលនៅឆ្នាំ២០២១ និងឆ្នាំ២០២៣ នៅប្រទេសព័រទុយហ្គាល់។ ក្នុងឋានៈជាប្រធានាធិបតីស្តីទី នាខែកុម្ភៈ ឆ្នាំ២០២៣ លោកស្រី បានប្រគល់សេចក្តីសម្រេចតែងតាំងឯកអគ្គរដ្ឋទូតថ្មីរបស់វៀតណាមនៅបរទេសចំនួន ១៣រូបផងដែរ។

សូមជម្រាបថា លោកស្រី Vo Thi Anh Xuan អាយុ ៥៤ឆ្នាំរូបនេះ បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកអប់រំគីមីវិទ្យា, ទទួលបានសញ្ញាប័ត្រថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងសាធារណៈ ដើមឡើយលោកស្រី គឺជាគ្រូបង្រៀនអនុវិទ្យាល័យនៅទីក្រុង Long Xuyen បន្ទាប់មកកាន់មុខតំណែងជាច្រើនដូចជាអនុប្រធាន និងបន្ទាប់មកជាប្រធានសហភាពនារីខេត្ត អនុប្រធានគណៈកម្មាធិការចលនាមហាជននៃគណៈកម្មាធិការបក្សខេត្ត និងលេខាបក្សក្រុង Tan Chau លោកស្រី មានស្រុកកំណើតនៅស្រុក Tinh Bien ខេត្ត An Giang ភាគខាងត្បូងរបស់វៀតណាម៕

ប្រភព៖ VN Express

Share.