មឺឡាបូ៖ អាជ្ញាធរឥណ្ឌូនេស៊ី បានជួយសង្គ្រោះជនភៀសខ្លួនរ៉ូហ៊ីងយ៉ា យ៉ាងតិច ៦៩នាក់ ដែលបានរសាត់អណ្ដែតលើផ្ទៃសមុទ្រជាច្រើនសប្តាហ៍ ហើយអាជ្ញាធរកំពុងនាំពួកគេឡើងទៅច្រាំង នៅថ្ងៃព្រហស្បតិ៍ នេះ បន្ទាប់ពីទូករបស់ពួកគេបានលិចកាលពីថ្ងៃពុធ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃសុក្រ ទី២២ ខែ​មីនា ឆ្នាំ២០២៤។

ទូកឈើរបស់ក្រុមជនភៀសខ្លួន និងកប៉ាល់មួយគ្រឿងទៀត ដែលព្យាយាមជួយសង្រ្គោះ បានក្រឡាប់កាលពីថ្ងៃពុធ ដោយអ្នកនៅរស់រានមានជីវិត បានប៉ាន់ស្មានថា មានជនជាតិរ៉ូហ៊ីងយ៉ា ប្រហែល ១៥០នាក់នៅលើនោះជាមួយនឹងមនុស្សរាប់សិបនាក់ត្រូវបានទឹកហូរនាំទៅ។

ក្រុមអ្នកជួយសង្គ្រោះបានប្រញាប់ប្រញាល់ទៅជួយសង្គ្រោះក្រុមជនជាតិរ៉ូហ៊ីងយ៉ា បន្ទាប់ពីបានប្រទះឃើញពួកគេនៅក្នុងទឹក ហើយបានជាប់គាំងនៅលើទូកដែលក្រឡាប់នៅឆ្នេរសមុទ្រនៃខេត្តអាសេ (Aceh) ភាគខាងលិច។

ទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះ Banda Aceh បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ជនរងគ្រោះសរុបដែលត្រូវបានជួយសង្គ្រោះមានចំនួន ៦៩នាក់ ក្នុងនោះមាន ៤២នាក់ជាបុរស និង១៨នាក់ទៀតជាស្ត្រី ហើយមាន ៩នាក់ជាកុមារ»។

បើតាមអ្នករស់រានមានជីវិតម្នាក់អាយុ ២៧ឆ្នាំ បាននិយាយថា «ខ្ញុំបាននៅរសាត់អណ្ដែតលើផ្ទៃសមុទ្រអស់រយៈពេល ១៥ថ្ងៃ ប៉ុន្តែមានអ្នកផ្សេងទៀតដែលនៅទីនេះនៅយូរជាងនេះទៅទៀត។ អ្នកខ្លះនៅទីនេះអស់រយៈពេល១ខែ»។

អគ្គលេខាធិការសហគមន៍នេសាទ West Aceh លោក Pawang Amiruddin បានប្រាប់ AFP កាលពីថ្ងៃពុធថា «ជនភៀសខ្លួនផ្សេងទៀតបាននិយាយថា ពួកគេមកពីប្រទេសមីយ៉ាន់ម៉ា ហើយបានព្យាយាមទៅដល់ប្រទេសថៃ ប៉ុន្តែត្រូវបានគេបដិសេធមិនស្វាគមន៍»។

ទន្ទឹមនោះសហការីការពារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UN) លោក Faisal Rahman បាននិយាយថា ខ្លួនកំពុងរង់ចាំក្រុមជម្លៀសមកដល់ដីគោកវិញ ដើម្បីទទួលបានទិន្នន័យរបស់ពួកគេឱ្យបានច្បាស់លាស់។

សូមជម្រាបថា ជនមូស្លីមរ៉ូហ៊ីងយ៉ា ភាគច្រើនត្រូវបានគេធ្វើទុក្ខបុកម្នេញយ៉ាងខ្លាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយរាប់ពាន់នាក់បានប្រថុយជីវិតរបស់ពួកគេជារៀងរាល់ឆ្នាំ លើការធ្វើដំណើរតាមសមុទ្រដ៏វែងឆ្ងាយ និងការចំណាយថ្លៃៗ ជារឿយៗជិះទូកមានសភាពចាស់ទ្រុឌទ្រោម ខ្វះស្ដង់ដាសុវត្ថិភាព ដើម្បីព្យាយាមទៅដល់ម៉ាឡេស៊ី ឬឥណ្ឌូនេស៊ី៕

ប្រភព៖ CNA

Share.