ស្វាយរៀង ៖ រថយន្តដឹកកម្មករមួយគ្រឿង ដាច់ហ្វ្រាំងបោលជ្រុលឆ្លងផ្លូវទៅបុករថយន្តឡិចសុីសRX330 និងម៉ូតូMSLAZ បន្តទៅបុកចូលផ្ទះប្រជាពលរដ្ឋ បណ្តាលឱ្យរងខូចខាត សំណាងល្អរបួសស្រាលម្នាក់ មនុស្សច្រើននាក់រត់ចែកជើងគ្នា ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២២ ខែមិនា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ១ កែងផ្លូវបេតុងចូលតំបន់សេដ្ឋកិច្ច ក្នុងភូមិដើមពោធិ៍ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

តាមប្រភពបានឱ្យដឹងថា រថយន្តដឹកកម្មករ ម៉ាកហុីយ៉ាន់ដាយ ២៤កៅអី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-8425 អ្នកបើកបរក៏បានដឹងដែរ រថយន្តគាត់មានបញ្ហាហ្វ្រាំង មិនសុី ក្រោយពីដឹកកម្មករដាក់រោងចក្រក្នុងតំបន់ហើយ បើកចេញមកវិញ ពីជើងទៅត្បូង ឡើងផ្លូវជាតិលេខ១ បំណងបត់ស្តាំទៅលិច ចូលផ្ទះជាង ជួសជុលហ្វ្រាំង តែគ្រាន់តែឡើងដល់លើផ្លូវជាតិលេខ១ ហ្វ្រាំងមិនជាប់ជ្រុលទៅបុកពីចំហៀងរថយន្តឡិចសុីស RX330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AH-2223 ដែលបើកពីលិចទៅកើត បត់ឆ្វេងចូលតំបន់សេដ្ឋកិច្ច ហើយរថយន្តបន្តឆ្លងផ្លូវទៅបុកម៉ូតូMSLAZ ពណ៌ខ្មៅ គ្មានស្លាកលេខ ដែលជិះពីលិចទៅកើត បណ្តាលឱ្យដួលរងរបួសស្រាល ដោយមិនទាន់អស់ល្បឿន រថយន្តបង្កបន្តបោលបុកចូលផ្ទះប្រជាពលរដ្ឋ កល់ដែកជាប់ ទើបរថយន្តឈប់ស្ងៀម ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ សំណាងហើយមនុស្សម្នាក់រងរបួសជើងស្រាល ខូចខាតតែសម្ភារៈ ហើយក្រោយកើតហេតុ ម្ចាស់រថយន្តបង្កសុំធ្វើការសម្របសម្រួល ដោយទទួលខុសត្រូវ រាល់សំណងនៃការខូចខាត រថយន្ត ម៉ូតូ ដោះស្រាយជាមួយម្ចាស់ផ្ទះ ដើម្បីបញ្ចប់រឿង នៅកន្លែង ៕

អទ្ថបទ៖​តាតុងសែនជ័យ

Share.