យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍នាថ្ងៃសុក្រ នេះថា ប្រទេសកូរ៉េខាងជើង បានបញ្ជូនគណៈប្រតិភូមួយក្រុមទៅកាន់ប្រទេសចិន វៀតណាម និងឡាវ ខណៈដែលប្រទេសឯកោមួយនេះ កំពុងព្យាយាមពង្រីកទំនាក់ទំនងការទូតរបស់ខ្លួន បន្ទាប់ពីការបិទខ្ទប់ប្រទេសដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នាថ្ងៃសុក្រ​ ទី២២ ខែមីនា ឆ្នាំ២០២៤។

KCNA បាននិយាយថា ក្រុមមកពីគណបក្សពលករកូរ៉េខាងជើង ដែលកំពុងកាន់អំណាចដឹកនាំដោយលោក Kim Song Nam សមាជិកជំនួសនៃការិយាល័យនយោបាយ និងជាប្រធាននាយកដ្ឋានអន្តរជាតិនៃគណៈកម្មាធិការកណ្តាលរបស់គណបក្ស បានមកដល់ទីក្រុងប៉េកាំង កាលពីថ្ងៃព្រហស្បតិ៍ ម្សិលម៉ិញ។

មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង បានជួបជាមួយមេដឹកនាំលំដាប់ទី៤ នៅក្នុងជួរគណបក្សកុម្មុយនិស្តចិន លោក Wang Huning ក៏ដូចជាប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិរបស់គណបក្សលោក Liu Jianchao នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន។

វិទ្យុរដ្ឋចិនបានរាយការណ៍កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ថា ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយកូរ៉េខាងជើង ដើម្បីលើកកម្ពស់មិត្តភាព ឱ្យកាន់តែស៊ីជម្រៅ ព្រមទាំងការសហការពង្រឹងទំនាក់ទំនងជាយុទ្ធសាស្រ្ត និងរួមគ្នាបង្កើតបរិយាកាសខាងក្រៅប្រកបដោយសន្តិភាព និងស្ថិរភាព។

ទីភ្នាក់ងាររដ្ឋចិន Xinhua បានឱ្យដឹងនៅថ្ងៃសុក្រ នេះថា នៅក្នុងជំនួបរបស់លោក Liu ជាមួយលោក Kim បានចែករំលែកនូវការផ្លាស់ប្តូរទស្សនៈស៊ីជម្រៅលើការពង្រឹងការផ្លាស់ប្តូរអន្តរភាគី និងការអភិវឌ្ឍទំនាក់ទំនងសហប្រតិបត្តិការមិត្តភាព។ ក្នុង​ជំនួប​ទាំងពីរ​នេះ ក្រុមមន្ត្រី​បាន​និយាយ​អំពី​ការ​អនុវត្ត​ការ​ឯកភាព​គ្នា​ដែល​បាន​សម្រេច​ដោយ​ថ្នាក់​ដឹកនាំ​កំពូល​របស់​ពួកគេ។

សូមជម្រាបថា កាលពីខែវិច្ឆិកា កន្លងទៅ ប្រធានាធិបតីចិន លោក Xi Jinping បានសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការជាមួយកូរ៉េខាងជើង ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក។ នៅដើមឆ្នាំនេះ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងលោក ស៊ី ជីនពីង បានប្តេជ្ញាថា ប្រទេសទាំង២ មានទំនាក់ទំនងកាន់តែជិតស្និទ្ធ។ បើតាមសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ក្រៅពីចិន គណៈប្រតិភូកូរ៉េខាងជើង ក៏នឹងត្រូវធ្វើដំណើរទៅកាន់ប្រទេសវៀតណាម និងប្រទេសឡាវ ដែលនៅក្បែរខាងប្រទេសកម្ពុជាផងដែរ៕

ប្រភព៖ Reuters

Share.