ត្បូងឃ្មុំ៖ ភ្លើងឆេះព្រៃឬស្សីក្បែរភូមិ ផ្អើលប្រជាពលរដ្ឋ និងលោកអធិការស្រុកត្បូងឃ្មុំភ័យស្លន់ស្លោ ខ្លាចឆេះឆ្លងដល់ផ្ទះប្រជាពលរដ្ឋ ប្រើរថយន្តពន្លត់អគ្គីភ័យ ៣គ្រឿង និងប្រើទឹកអស់ជាច្រើនរថយន្តទើបគ្រប់គ្រងស្ថានការបាន ។ ហេតុការមួយនេះ កើតឡើងនៅចំណុចភូមិទន្លេបិទលើ ឃុំទន្លេបិទ ស្រុក/ខេត្តត្បូងឃ្មុំ កាលពីវេលាម៉ោង ១៧នាទីល្ងាច ថ្ងៃទី២១ ខែមិនា ឆ្នាំ២០២៤។

លោក សាំង ហេង អធិការនគរបាលស្រុកត្បូងឃ្មុំ ដែលចុះផ្ទាល់នៅទីតាំងកើតហេតុបានឲ្យដឹងថា យើងប្រើរថយន្តពន្លត់អគ្គីភ័យចំនួន ៣គ្រឿងកំពង់តែអន្តរាគមន៍ រថយន្ដទី១ គឺរថយន្តពន្លត់អគ្គីភ័យអធិការស្រុកត្បូងឃ្មុំ, ទី២ រថយន្តអធិការក្រុងសួង និងទី៣ រថយន្តពន្លត់អគ្គីសភ័យរបស់អធិការដ្ឋាននគរបាលក្រុងកំពង់ចាម ខេត្តកំពង់ចាម ដែលនៅជិតជាងគេ ជួយអន្តរាគមន៍។

លោកអធិការបន្ថែមថា ចំពោះការប្រើប្រាស់ទឹកអស់ប៉ុន្មានរថយន្តនោះ លោកមិនទាន់កំណត់បានទេ ទាល់តែថ្ងៃទី២២ ទើបដឹងច្បាស់ ហើយគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង នៅវេលាម៉ោង ២០នាទីយប់ថ្ងៃទី២១ ខែមិនា ឆ្នាំ ២០២៤នេះ។ ចំពោះមូលហេតុ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ៕

អត្ថបទ៖ ភ្នាក់ងារខេត្តត្បូងឃ្មុំ

Share.