ត្បូងឃ្មុំ៖ អាជ្ញាធរស្រុកពញាក្រែក បានបង្កើតគណៈកម្មការមួយដើម្បីចុះរៀបចំសណ្តាប់ធ្នាប់ផ្សារស្ទឹង ស្ថិតក្នុងភូមិស្ទឹង ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ឲ្យមានរបៀបរៀបរយឡើងវិញហើយ បង្កើតនូវបរិស្ថាន អនាម័យល្អ ព្រមទាំងបានផ្តល់នូវចំណេះដឹងការវេចខ្ចប់កាកសំណល់ឲ្យបានត្រឹមត្រូវដល់អាជីវករ យើងរួមគ្នាធ្វើទាំងអស់គ្នា ទើបទទួលបាននូវទីផ្សារស្អាត ផ្តល់លទ្ធភាពដល់បងប្អូនអាជីវករផ្សារទាំងមូល ងាយស្រួលក្នុងការប្រកបរបរចិញ្ចឹមគ្រួសារ។

ក្រោយគណៈកម្មការចុះរៀបចំសណ្ដាប់ធ្នាប់បានល្អជាងមុន បងប្អូនអាជីវករផ្សារស្ទឹង បានបង្ហាញអារម្មណ៍សប្បាយរីករាយណាស់ ដោយអាជ្ញាធរ និងប្រធានផ្សារបានចុះរៀបចំសណ្តាប់ធ្នាប់បូមស្តារយកទឹកកខ្វក់មានក្លិនស្អុយចេញពីលូរដែលកកស្ទះជាយូរខែមកហើយនោះ។ ពួកគាត់លក់ដូរប្រកបដោយផាសុខភាព ហើយពួកគាត់រួមសហការតាមការណែនាំរបស់អាជ្ញាធរ និងប្រធានផ្សារ ដើម្បីជាប្រយោជន៍ក្នុងការប្រកបរបរចិញ្ចឹមជីវិត ។

បើតាមលោក កែ សារ៉េត ប្រធានផ្សារស្ទឹង បានបញ្ជាក់ថា ការកកស្ទះពិតជាមានមែន ឥលូវយើងបានដោះស្រាយរួចរាល់ហើយ ដោយអនុវត្តន៍ទៅតាមស្មារតីប្រជុំនូវសាលាស្រុកពញាក្រែក មាន៣ចំណុច. ទី១ មានការបូមស្តារលូរ, ទី២ រៀបចំអនាម័យ និងទី៣ រៀបចំកន្លែងផ្ញើកង់ ម៉ូតូ ឲ្យបានល្អ។

ទន្ទឹមនោះ ខាងផ្សារស្ទឹងក៏បានណែនាំដល់អាជីវករដែរ ត្រូវសហការគ្នា សូមកុំបោះកាកសំណល់ចូលលូរ ដើម្បីចៀសវាងការកកស្ទះ ហើយបងប្អូនត្រូវចេះវេចខ្ចប់កាកសំណល់ នោះទីផ្សារយើងលែងមានបញ្ហាហើយ។

លោក លី ភីលីន អភិបាលស្រុកក៏បានបញ្ជាក់ដែរថា ស្រុកបានរៀបចំគណៈកម្មការមួយ មានស្រុក ឃុំ ចុះរៀបចំសណ្តាប់ធ្នាប់ផ្សារឲ្យបានល្អ ពិសេសខាងមុខផ្សារ និងចាត់វិធាន់ការបូមរំដោះទឹកស្អុយចេញពីលូរ រួចរាល់ហើយ ។ ស្រុកធានាថា ទីផ្សារស្ទឹង នឹងស្អាតបែបនេះរហូត ៕

អត្ថបទ៖ ភ្នាក់ងារខេត្តត្បូងឃ្មុំ

Share.