បាត់ដំបង÷ លោកអភិបាលស្រុកបវេល និងភរិយាជួបគ្រោះថ្នាក់ចរាចរណ៍បើករថយន្តក្រឡាប់ជាច្រើនត្រឡប់រងរបួសស្រាលទាំង ២នាក់ ចំណែករថយន្តខូចខាតយ៉ាងដំណំ។ ករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងនៅអំឡុងវេលាម៉ោងជាង ២:០០នាទីរសៀលថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៤ តាមបណ្តោយផ្លូវជាតិលេខ ៥ ឋិតក្នុងភូមិប៉ោយសំរោង ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។

ជនរងគ្រោះមាន ឈ្មោះ ឡូត សាលី ជាអភិបាលស្រុកបវេល រួមដំណើរជាមួយនឹងភរិយា ជិះរថយន្តម៉ាកលុច ស៉ីស ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង ២C-៦៩១៨ រងរបួសដាច់រលាត់ដៃជើងតិចតួចទាំង ២នាក់។

ប្រភពព័ត៌មានបានឃើញហេតុការណ៍ បានបញ្ជាក់ឲ្យដឹងថា មុនពេលជួបហេតុជនរងគ្រោះបានធ្វើដំណើរពីលិច មកកើត ក្នុងទិសដៅពីទីប្រជុំជនស្រុកបវេល ចូលក្រុងបាត់ដំបង ដើម្បីចូលរួមប្រជុំ ដល់ពាក់កណ្តាលផ្លូវទំនងងោកមួយភាំង ក៏បណ្តាលឱ្យរថយន្តរ៉េចង្កូតក្រឡាប់ជាច្រើនត្រឡប់ និងធ្លាក់ចូលស្នាមភ្លោះខូចខាតយ៉ាងធ្ងន់ធ្ងរ៕

អត្ថបទ៖ ដំបងក្រញូង

Share.