ការញៀននឹងអេក្រង់ស្មាតហ្វូនក្នុងចំណោមសិស្សានុសិស្សហាក់បាននិងកំពុងតែកើនឡើងគួរឲ្យចាប់អារម្មបាននិងបានក្លាយជាបញ្ហាមួយដ៏គួរឲ្យចាប់អារម្មណ៍ហើយក៏គួរឲ្យបារម្ភផងដែរជាពិសេសក្នុងចំណោមអ្នកតាមដានបញ្ហាសង្គម។

ផ្តើមចេញពីសាលារៀន ដោយសារតែជាប់រវល់នឹងអេក្រង់ស្មាតហ្វូនកូនសិស្សខ្លះដើរស្ទើរតែភ្លេចមើលផ្លូវ មិនចាប់អារម្មណ៍នឹងអ្នកនៅជុំវិញ ហើយកាន់តែអាក្រក់ថែមទៀតនោះ មានកូនសិស្សខ្លះដើរស្ទើរតែបុកគ្រូថែមទៀតក៏មាន។បើសិនជាបណ្តែតបណ្តោយឲ្យស្ថានភាពបែបនេះនៅតែបន្តកើតមាន តើប៉ះពាល់អវិជ្ជមានអ្វីខ្លះអាចនឹងកើតមានឡើងក្នុងចំណោមសិស្សានុសិស្ស។ ក្នុងក្នុងបរិវេនសាលារៀនដូចគ្នា មានសិស្សខ្លះអង្គុយជុំគ្នា ប៉ុន្តែមិនបានពិភាក្សាគ្នាអំពីមេរៀនឬក៏ជជែកគ្នាអំពីបញ្ហាផ្ទាល់ខ្លួននោះឡើយ បែរជាម្នាក់ៗទាញយកទូរស័ព្ទដៃពីក្នុងកាបូបឬពីក្នុងហោប៉ៅខោ ហើយផ្ចង់អារម្មណ៍សម្លឹងទៅអេក្រង់ទាំងអស់គ្នា។ឥរិយាបទ សិស្សានុសិស្សបែបនេះ ហាក់ខុសគ្នាខ្លាំងបើធៀបទៅនឹងសិស្សានុសិស្សកាលពីជំនាន់មុន ដែលក្រោយពីបញ្ចប់ការសិក្សា នៅក្នុងថ្នាក់រៀនរួចឆ្លៀតពេលទំនេរមុនទៅផ្ទះជជែកពិភាក្សាអំពីមេរៀនពិសេសចំណុចដែលខ្លួនមិនបានយល់ច្បាស់ឬក៏មានការភាន់ច្រឡំនៅ ពេលដែលលោកគ្រូអ្នកគ្រូពន្យល់នៅក្នុងថ្នាក់រៀន។ នេះមិនទាន់និយាយដល់សិស្សខ្លះដែលបានប្រើប្រាស់ស្មាតហ្វូតដើម្បីបង្កើតទំនាក់ទំនងស្នេហារហូតដល់ឈានរួមភេទទាំងវ័យក្មេងដែលអាចនាំឲ្យមានផ្ទៃពោះឬក៏ឆ្លងជំងឺកាមរោគទាំងវ័យក្មេងនិងប៉ះពាល់ដល់ការសិក្សាក៏មាន ពិសេសចំពោះសិស្សនារី។

ចេញពីសាលារៀន យើងងាកទៅមើលនៅតាមទីសាធារណៈវិញម្តងដូចជា កន្លែងកម្សាន្ត ហាងអាហារសម្រន់ ឬក៏ហាងកាហ្វេជាដើម មានយុវជនខ្លះដែលក្នុងនោះមានទាំងសិស្សានុសិស្សដែរ នោះ ហាក់បានវក់នឹងការលេងហ្គេមជាមួយនឹងមិត្តភក្តិរបស់ខ្លួនតាមប្រព័ន្ធ អនឡាញរួចបានស្រែកហ៊ោរខ្លាំងៗដោយមិនបារម្ភអំពីផលប៉ះពាល់ចំពោះមិត្តភក្តឬក៏អ្នកអង្គុយនៅតុក្បែរខាងខ្លួននោះឡើយ។

ដោយឡែបើសិនជាមើលទៅក្នុងគ្រួសារឯណោះវិញ ទំនាក់ទំនងក្នុងចំណោមសមាជិកគ្រួសារពិសេសក្នុងចំណោមឪពុកម្តាយនិងកូនៗមួយចំនួនក៏ហាក់មិនសូវជិតស្និទ្ធនោះឡើយ។ ពោលគឺកូនៗហាក់មានទំនាក់ទំនងជិតស្និទ្ធជាមួយអេក្រង់ទូរស័ព្ទដៃជាជាងជាមួយឪពុកម្តាយ ជីដូនជីតាក៏ដូចជាបងប្អូនសាច់ញាតិរបស់ខ្លួន។តើហេតុអ្វីបានជាកូនៗស្រឡាញ់ស្មាតហ្វូនជាជាងឪពុកម្តាយរបស់ខ្លួន? រឿងនេះមិនពិបាកគិតច្រើនក៏អាចដឹងបានដែរ នោះគឺផ្តើមចេញពីភាពគំរូនៅក្នុងផ្ទះតែម្តង។មានឪពុកម្តាយសម័យទំនើបមួយចំនួន មិនសូវបានយកចិត្តទុកដាក់បង្កើតទំនាក់ទំនងឲ្យបានជិតស្និទ្ធជាមួយកូននោះឡើយ ដោយទុកបណ្តោយឲ្យកូនមានទំនាក់ទំនងជាមួយនឹងស្មាតហ្វូន ហើយខ្លួនក៏ទាញស្មាតហ្វូន លេងហ្គេម ឬក៏មានទំនាក់ទំនងជាមួយអ្នកផ្សេងតាម អនឡាញខណៈដែលខ្លួនកំពុងតែនៅមុខកូន ដោយពេលខ្លះមិនបាននិយាយជាមួយកូនក៏មាន។ ពេលខ្លះទៀតម្តាយជាប់លក់ដូរ ឬមានទំនាក់ទំនងជាមួយអតិថិជន មិនមានពេលច្រើនសម្រាប់ កូនក៏ទុកទូរស័ព្ទដៃឲ្យកូនលេងតាំងពីតូច។ ដូច្នេះ រឿងញៀនអេក្រងទូរស័ព្ទដៃនេះបានចាប់ផ្តើមតាំងតែពីនៅក្នុងផ្ទះមកម្លេះ។

ជារួមមកវិញ ពេលនេះមិនមែនជាពេលដែលត្រូវបន្ទោសថា តើនរណាជាអ្នកធ្វើឲ្យបញ្ហាញៀនអេក្រង់នេះកើតឡើងនោះទេ។អ្វីដែលទាំងអស់គ្នាគប្បីផ្តោតការយកចិត្តទុកដាក់នោះគឺ ការកាត់បន្ថយបញ្ហាញៀនអេក្រង់ស្មាតហ្វូនក្នុងចំណោមយុវវ័យនិងជាពិសេសក្នុងចំណោមសិស្សានុសិស្ស។រឿងនេះនៅតាមបណ្តាប្រទេសជឿនលឿនមួយចំនួនគេបានដើរមុនយើងទៅហើយពាក់ព័ន្ធនឹងការកត់បន្ថយការប្រើប្រាស់ស្មាតហ្វូនក្នុងចំណោមសិស្សសាលានេះ។ឧទាហរណ៍ជាក់ស្តែង នៅប្រទេសបារាំង មាតហ្វូន និង​ថេបប្លេត​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ប្រើប្រាស់​ក្នុង​សាលា​ទាំង​អស់​នៅ​ប្រទេស​បារាំង ក្រោយ​ពេល​ច្បាប់​ថ្មីត្រូវបានអនុម័តនៅខែសីហាឆ្នាំ២០១៨។សិស្ស​បារាំង​ទាំង​អស់​ដែល​មាន​អាយុ​រហូត​ដល់ ១៥​ឆ្នាំស្ថិតនៅក្រោមការអនុវត្តច្បាប់ថ្មីនេះ។ ក្រោម​ច្បាប់​ថ្មី​នេះ ឧបករណ៍​ដែល​ពាក់ព័ន្ធ​ទាំង​អស់​ត្រូវ​ទុក​នៅ​ផ្ទះ ឬ​បិទ​ចោល​រហូត​ដល់​ចប់​ម៉ោង​សិក្សា។ ប៉ុន្តែ​សាលា​អាច​ធ្វើ​ការ​លើក​លែង​ក្នុង​ករណី​មួយ​ចំនួន​ដូច​ជា ការ​ប្រើប្រាស់​ទាក់ទង​នឹង​ការ​សិក្សា, ការ​ប្រើប្រាស់​សម្រាប់​សកម្មភាព​ក្រៅ​កម្មវិធី​សិក្សា និង​ប្រើប្រាស់​សម្រាប់​បង្រៀន​សិស្ស​ពិការ​ជា​ដើម។វិធានការហាមឃាត់នេះ ក៏មានដែរនៅប្រទេសមហាអំណាចដូចជាអាមេរិកនិងអង់គ្លេសខណៈដែលប្រទេសណូវែលសេឡង់ក៏ទើបតែអនុវត្តវិធានការនេះដូចគ្នា។ឧទាហរណ៍ដែលស្មេរលើកយកមកបង្ហាញនេះ គ្រាន់តែចង់បង្ហាញថា រឿងស្មាតហ្វូននេះសូម្បីតែនៅប្រទេសជឿនលឿនដែលមានបច្ចេកវិទ្យាទំនើបក៏គេបានដាក់ដែនកំណត់សម្រាប់ការប្រើប្រាស់ដែរ។នេះមានន័យថា គេបានរកឃើញថាអំពីឥទ្ធិពលអវិជ្ជមានដែលបណ្តាលមកពីឧបករណ៍ទំនើបទាំងនោះ ខណៈដែលមនុស្សមួយចំនួនធំបានផ្តោតតែទៅលើអត្ថប្រយោជន៍របស់វា។ ចុះសម្រាប់កម្ពុជារបស់យើងវិញ តើគួរតែមានការរឹតត្បិតការប្រើប្រាស់ស្មាតហ្វូនក្នុងចំណោមសិស្សានុសិស្សដែរឬទេពិសេសនៅក្នុងបរិវេនសាលារៀន?

រឿងនេះ ចំពោះស្មេរវិញយល់ថា​ គួរតែមានការរឹតត្បិតនិងត្រួតពិនិត្យឲ្យបានជាប្រចាំ។ក្នុងន័យនេះ បើសិនជាកម្ពុជាមិនទាន់អាចរៀបចំឲ្យមានច្បាប់ដូចនៅស្រុកបារាំងបានទេនោះ ក៏សូមឲ្យមានត្រឹមតែប្រកាសរបស់ក្រសួងសាមីពោលគឺក្រសួងអប់រំ យុវជននិងកីឡាក្នុងការរឹតត្បិតការប្រើប្រាស់ស្មាតហ្វូននៅក្នុងបរិវេនសាលារៀនក្នុងចំណោមសិស្សានុសិស្សបន្ថែមលើវិធានការដែលក្រសួងធ្លាប់មានកន្លងមក។ ចំពោះលោកគ្រូអ្នកគ្រូ ក៏គួរតែបង្កើននូវការបញ្ជ្រាបចំណេះពាក់ព័ន្ធនឹងផលប៉ះពាល់ដែលបង្កឡើងដោយស្មាតហ្វូនចំពោះការសិក្សាក៏ដូចជាផ្លូវចិត្តរបស់សិស្សានុសិស្ស។

ដើម្បីឈានទៅកាត់បន្ថយការញៀនអេក្រង់ស្មាតហ្វូនក្នុងចំណោមសិស្សានុសិស្សនេះដែរ ការចូលរួមពីសំណាក់មាតាបិតា អនាព្យាបាលគ្រប់រូបគឺជារឿងដ៏ចាំបាច់និងមិនអាចខ្វះបាន។ឪពុកម្តាយគ្រប់រូបឲ្យចាប់ផ្តើមដោយការមិនបណ្តែតបណ្តោយ ឲ្យកូនៗតូចរបស់ខ្លួននៅតែជាមួយស្មាតហ្វូន ខ្វះទំនាក់ទំនងជាមួយមនុស្សនោះឡើយ។ម្យ៉ាងទៀតអ្វីដែលកាន់តែប្រសើរថែមទៀតនោះ គឺការអានសៀវភៅនៅនឹងមុខកូន ជាជាងកាន់ស្មាតហ្វូនយកមកបាញ់ហ្គេមឬក៏មើលមាតិកាដែលគ្មានប្រយោជន៍នៅចំពោះមុខកូនៗ។ពិសេសគួរតែចៀសវាឲ្យមាននូវការបញ្ចេញអារម្មណ៍ដ្រាម៉ា(drama)នៅតាមបណ្តាញសង្គម។

ចំណែកយុវវ័យក៏ដូចជាសិស្សានុសិស្សខ្លួនឯងក៏ត្រូវតែចូលរួមកាត់បន្ថយការញៀនអេក្រង់នេះដូចគ្នានេះ។ជំនួសឲ្យការទាញយកស្មាតហ្វូន ប្អូនៗក៏ដូចជាក្មួយអាចទាញយកសៀវភៅមកអានទោះជាសៀវភៅមេរៀននៅក្នុងសាលាឬក៏សៀវភៅពាក់ព័ន្ធនឹងចំណេះដឹងទូទៅក្តី។សូមចងចាំថា គឺយើងត្រូវធ្វើជាអ្នកប្រើប្រាស់និងគ្រប់គ្រងស្មាតហ្វូត មិនមែនឲ្យស្មាតហ្វូនគ្រប់គ្រងនិងប្រើប្រាស់យើងបាននោះឡើយ៕

Share.