ភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ កម្លាំងប៉ុស្តិ៍ចោមចៅចាប់ឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីធ្វើការឆែកឆេរ និងត្រួតពិនិត្យក្នុងបន្ទប់ ក្នុងរឿងសង្ស័យលួចលុយអ្នកជិតខាងចំនួន១៨០០០ដុល្លារ តែសុំគោលការណ៍ឆែក បែជាប្រទះឃើញគ្រឿងញៀន ចំនួន១០កញ្ចប់ធំ ជញ្ជីងថ្លឹងថ្នាំ និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត ។

ប្រតិបត្តិការខាងលើ បានធ្វើឡើងនៅវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ នៅបន្ទប់លេខA26 ជាន់ទី១ ផ្លូវបេតុង ក្នុងភូមិព្រៃព្រីងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យមានឈ្មោះ នូ ភី ភេទស្រី អាយុ៤៥ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ មានស្រុកកំណើតនៅផ្ទះលេខ១៣១ ភូមិផាត់សណ្តោង ឃុំព្នៅទី១ ស្រុកសុីធរកណ្តាល ខេត្តព្រៃវែង ។ សមត្ថកិច្ចដកហូតបានថ្នាំញៀនចំនួន១០កញ្ចប់ធំ ជញ្ជីងថ្លឹងថ្នាំ១គ្រឿង ថង់វិចខ្ចប់ ដបសម្រាប់ជក់ ទូរស័ព្ទដៃ២គ្រឿង និងសម្ភារៈមួយចំនួនទៀត ។

តាមប្រភពបានឱ្យដឹងថា មុនឈានដល់គាត់ខ្លួនជនសង្ស័យ មានស្ត្រីរងគ្រោះម្នាក់ ឈ្មោះ សេង គឹមសង់ អាយុ៤២ឆ្នាំ មុខរបររកសុីចងការប្រាក់ ស្នាក់នៅបន្ទប់ក្បែរគ្នា បានបាត់លុយចំនួន១៨០០០ដុល្លារ (មួយមុឺនប្រាំបីពាន់ ដុល្លារ) និងទូរស័ព្ទដៃ i phone មួយគ្រឿង គ្រាដែលជនរងគ្រោះជាប់រវល់ចេញទៅក្រៅ ត្រូវបានជនមិនស្គាល់មុខ គាស់ទ្វារចូលលួច លុះវិលមកវិញដឹងថាបាត់លុយ និងដាក់ការសង្ស័យទៅលើស្ត្រីសង្ស័យខាងលើ ហើយក៏បានទៅប្តឹងសមត្ថកិច្ចប៉ុស្តិ៍ចោមចៅទី៣។

ក្រោយពីទទួលបណ្តឹងរឿងបាត់លុយ សមត្ថកិច្ចសហការជាមួយកម្លាំងជំនាញ អាជ្ញាធរមូលដ្ឋាន មេភូមិ ចៅសង្កាត់ ចុះទៅទីតាំងខាងលើ ដោយមានការឯកភាពពីម្ចាស់បន្ទប់ (ជនសង្ស័យ) យល់ព្រមអនុញ្ញាតិឱ្យសមត្ថកិច្ចឆែកឆេរ ត្រួតពិនិត្យក្នុងបន្ទប់ រកមិនឃើញលុយ ស្រាប់តែរកឃើញថ្នាំញៀនទៅវិញ ទើបសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗតែម្តង ។

ជនសង្ស័យរួមជាមួយវត្ថុតាង នាំទៅសាកសួរបឋមនៅប៉ុស្តិ៍ចោមចៅទី៣ រួចបញ្ជូនទៅផ្នែកជំនាញខណ្ឌ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.