ក្រចេះ ៖ រថយន្តធុនធំប្រភេទសណ្តោងដឹកផ្ទុកទំនិញចំនួន៤គ្រឿង ដឹកលើសទម្ងន់កម្រិតកំណត់ ត្រូវបានក្រសួងសាធារណការ និងដឹកជញ្ជូន ពិន័យ និងឃាត់ទុក១ឆ្នាំ ។ ក្នុងប្រតិបត្តិការខាងលើ បានបនរព្រឹត្តទៅកាលពីព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ នៅគោលដៅត្រួតពិនិត្យ ផ្លូវជាតិលេខ៧៣ គីឡូម៉ែត្រ ៥៣+៤០០ ភូមិជ្រោយថ្មក្រោម ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ ។

ប្រតិបត្តិការខាងលើ ក្រុមការងារបានត្រួតពិនិត្យយានយន្តសរុបចំនួន៦គ្រឿង ដែលក្នុងនោះយានយន្តចំនួន៤គ្រឿង មានបំពាក់ឡូហ្គូ NC និង TH បានដឹកលើសទម្ងន់កម្រិតកំណត់ ចាប់ពី ២៦-៣៧ តោន ត្រូវបានពិន័យ និងឃាត់ទុករយៈពេល១ឆ្នាំ ដោយអនុលោមតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៦០ និងសេចក្ដីជូនដំណឹង លេខ០៤៩ សជណ សក. គតលទ ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់។

ទន្ទឹមនឹងការពិន័យលើការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចំពោះរថយន្តទាំង ៤គ្រឿងខាងលើនេះ ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ក៏បានធ្វើការកាត់តម្រូវទ្រុងសឺមីរ៉ឺម៉កដែលបានតខ្ពស់ខុសលក្ខណៈបច្ចេកទេសឱ្យបានត្រឹមត្រូវឡើងវិញផងដែរ ។

ក្រសួងសាធារណការ និងដឹកជញ្ជូន ស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធបញ្ឈប់នូវវប្បធម៌អន្តរាគមន៍ នៅពេលមានការឃាត់យានយន្តដឹកលើសទម្ងន់កម្រិតកំណត់ផងដែរ ។ ក្រសួងនឹងបន្តចាត់វិធានការរឹតបន្តឹងការអនុវត្តច្បាប់ និងសេចក្ដីជូនដំណឹងខាងលើយ៉ាងតឹងបំផុតដោយគ្មានការលើកលែងឡើយ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.