ភ្នំពេញ ៖ រថយន្តALPHARDមួយគ្រឿងបើកបរដោយបុរសជនជាតិចិន រំលោភភ្លើងស្តុប ទោះជាភ្លើងក្រហម នៅតែព្យាយាមបើកឆ្លងកាត់ ធ្វើឱ្យរថយន្តធុនធំដឹកផ្លែស្វាយ គេចតែមិនផុត ជ្រុលបុកប៉ះផ្នែកខាងក្រោយ ហើយរេចង្កូតក្រឡាប់ផ្ងារជើង ចាក់ផ្លែស្វាយចោលពេញផ្លូវ ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១និង២៥នាទីរំលងអធ្រាត្រ ចូលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ មានរថយន្តALPHAD មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BU-3979 បើកបរដោយបុរសជនជាតិចិន តាមផ្លូវកោះនរា ពីជើងទៅត្បូង ដល់ចំណុចភ្លើងស្តុប កែងផ្លូវជាតិលេខ១ ទោះជាភ្លើងក្រហម ហាមឃាត់ហើយ នៅតែព្យាយាមបើកឆ្លងកាត់ ធ្វើឱ្យរថយន្តធុនធំ ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-7007 ដឹកផ្លែស្វាយ បើកតាមបណ្តោយផ្លូវជាតិលេខ១ ពីលិចទៅកើត ព្យាយាមគេច តែមិនផុតជ្រុលបុកប៉ះផ្នែកខាងក្រោយ នៃរថយន្តALPHARD ហើយរេចង្កូត ក្រឡាប់ផ្ងារជើង ចាក់ផ្លែស្វាយចោលរាយពេញផ្លូវ តែមិនបង្កឱ្យអ្នកណារងរបួសឡើយ ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅអន្តរាគមន៍ ប្រគល់រថយន្តទាំង២គ្រឿងឱ្យការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ ស្ទូចយកទៅរក្សាទុក រងចាំដោះស្រាយគ្នាពេលក្រោយ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.