ស្វាយរៀង ៖ ម៉ូតូសណ្តោងរុឺម៉កមួយគ្រឿង ដឹកប្រពន្ធកូន ខណៈដែលកំពុងបើកបរ ដោយគ្មានភ្លើងក្រោយ ស្រាប់តែរថយន្តមិនស្គាល់ម៉ាក បើកបុកពីក្រោយ ក្រឡាប់រងរបទសធ្ងន់ស្រាល៤នាក់ ។ ហេតុការណ៍ខាងលើកើតឡើងកាលពី វេលាម៉ោង៥ព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែតលេខ ១៣១-១៣២ ក្នុងភូមិ ស្វាយតឿ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

តាមសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមួយគ្រួសារខាងលើមានគ្នា៤នាក់ ៖ ឈ្មោះ ឈៀ ឆយ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរ កម្មករ ប្រពន្ធឈ្មោះ ហឿន នឿ ភេទស្រី អាយុ៤១ឆ្នាំ មុខរបរកម្មករ កូនឈ្មោះ ឆយ ចរិយា ភេទស្រី អាយុ៧ឆ្នាំ និងឈ្មោះ អឿន វីរៈយុទ្ធ ភេទប្រុស អាយុ៣ឆ្នាំ ។ ជនរងគ្រោះទាំង៤នាក់ រស់នៅភូមិព្រៃសង្គម ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះបើកម៉ូតូសណ្តោងរុឺម៉ក ធ្វើដំណើរពីលិចទៅកើត ដោយគ្មានភ្លើងខាងក្រោយ លុះដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក បើកបុកពីក្រោយ ក្រឡាប់របួសធ្ងន់ស្រាល៤នាក់ រថយនហតបង្កបើករត់គេចបាត់ស្រមោល ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានដឹក បញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ចំណែកម៉ូតូសណ្តោងរុឺម៉ក ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀង បន្តធ្វើការស្រាវជ្រាវ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.