នៅប៉ុន្មានថ្ងៃនេះនៅលើបណ្ដាញសង្គមមានការចាប់អារម្មណ៍បុរសម្នាក់បានយកជើងជាន់ទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា ដែលជាការប្រមាថធ្ងន់ធ្ងរដល់ប្រទេសកម្ពុជាដែលជាប្រទេសអធិបតេយ្យមួយ។ ក្រោយឃើញរូបភាពបែបនេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានសហការជាមួយអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកធ្វើការស្រាវជ្រាវលើករណីនេះ។ ក្រោយធ្វើការស្រាវជ្រាវបានរកឃើញថា បុរសពាក់អាវពណ៌ក្រហមជាន់ទង់ជាតិកម្ពុជា ដែលត្រូវបានគេយកមកផ្សព្វផ្សាយលើបណ្ដាញសង្គមនោះ គឺជាជនមានសតិមិនប្រក្រតី ហើយមានសារធាតុញៀន ពោលគឺបានប្រើប្រាស់សាធារញៀនដោយខុសច្បាប់។

សូមចុចអាន៖ ក្រសួងការងារជូនដំណឹង ដល់បងប្អូនកម្មករនៅរោងចក្រស្បែកជើង អ.ជី ហ៊ូតវែរ ទៅបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ​ នៅថ្ងៃទី៣០​ ខែមីនា​ ឆ្នាំ២០២៤

លោកបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានលើកឡើងថា «សមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ 2 នៅក្នុងខណ្ឌមានជ័យបានទទួលព័ត៌មានបងប្អូនប្រជាពលរដ្ឋថាមានការអុកឡុកពីអ្នកដែលប្រើប្រាស់សាធាតុញៀននៅមូលដ្ឋានហើយមានការយកទង់ជាតិរបស់កម្ពុជាយើងទៅជាន់ឈ្លី ហើយថាខាងនគរបាលប៉ុស្ដិស្ទឹងមានជ័យ 2 បានដាក់កម្លាំងចុះទៅហៅបុរសនឹងមកកាន់ប៉ុស្ដិ៍នគរបាលក្រោយការសាកសួរបំភ្លឺពាក់ព័ន្ធករណីផ្សេង ហើយឈានទៅដល់ការធ្វើតេស្តទឹកនោមរកសារធាតុញៀនលទ្ធផលបញ្ជាក់ថាបុរសនេះគឺប្រើប្រាស់សារធាតុញៀនបាន»។

លោកបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ

បុរសពាក់អាវក្រហម ជាន់ទង់ជាតិកម្ពុជា គឺមានឈ្មោះថាភក្ដី អាយុ 40ឆ្នាំ ហើយមុខរបររើសអេតចាយ ស្នាក់នៅផ្ទះជួលក្នុងភូមិដំណាក់ធំ 4 សង្កាត់ស្ទឹងមានជ័យ 2 ខណ្ឌមានជ័យរាជធានីភ្នំពេញ។

«មកដល់ពេលនេះគឺថាអ្នកសមត្ថកិច្ចរបស់យើងនៃក្រសួងមហាផ្ទៃគឺបាននឹងបញ្ជូនបុរសនេះទៅកាន់មជ្ឈមណ្ឌលជាតិព្យាបាលនិងស្ដានីតិសម្បទាអ្នកញៀនគ្រឿងញៀនរួចរាល់ហើយ ដើម្បីជួយស្ដារឡើងវិញនូវស្ថានភាពពីឥទ្ធិពលនៃគ្រឿងញៀន»។ នេះជាការលើកឡើងរបស់លោកបណ្ឌិត ទូច សុឃៈ (សុខៈ)៕

Share.