ភ្នំពេញ ៖ ម៉ូតូកង់បីមួយគ្រឿង អ្នកបើកបររវល់តែស្លុងអារម្មណ៍ ជាមួយសម្លេងធុងបាស់ បើកបរបណ្តើរ ចាក់ធុងបាស់បំពងសម្លេងបណ្តើរ លឿនជ្រុលទៅបុកពីក្រោយរថយន្តកុងតឺន័រ កំពុងចតឈប់ស្ងៀមចិញ្ចើមផ្លូវ បណ្តាលឱ្យកៀបជាប់របួសបាក់ជើង បែកក្បាល ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១២រំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ខែមិនា ឆ្នាំ២០២៤ ស្ថិតនៅតាមផ្លូវជាតិលេខ៣ មុខសួនវឌ្ឍនៈ ក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ  ខណ្ឌដង្កោ បើកបររាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ផុន សាស់ស្យា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបររត់ម៉ូតូកង់បី មានទីលំនៅផ្ទះលេខ២២ ផ្លូវលំ ភូមិសាក់សំពៅ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះបើកម៉ូតូកង់បី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1JX-6679 ពីត្បូងទៅជើង ដោយបើកបរបណ្តើរ រួមជាមួយចាក់ធុងបាស់បើកបំពងសម្លេងបណ្តើរ រវល់តែស្លុងអារម្មណ៍ ជ្រុលទៅបុកពីក្រោយរថយន្តកុងតឺន័រ កំពុងចតឈប់ស្ងៀមចិញ្ចើមផ្លូវ ម៉ាកFUSO ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-5512 សណ្តោងរុឺម៉ក ពាក់ស្លាកលេខ ព្រះសីហនុ 4A-0710 កៀបជាប់ របួសបាក់ជើងស្តាំ បែកក្បាល ម៉ូតូកង់បីរងខូចខាតរួញខ្ទេច ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបាន បងប្អូនប្រជាពលរដ្ឋ សមត្ថកិច្ចជួយគាស់យកជនរងគ្រោះចេញ ហើយហៅរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ។ ចំណែកមធ្យោបាយទាំង២គ្រឿង ត្រូវបានតំណាងក្រុមហ៊ុនរថយន្ត ធ្វើការដោះស្រាយគ្នាជាមួយ ក្រុមគ្រួសាររបស់ជនរងគ្រោះដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង ៕

Share.