(ភ្នំពេញ)៖ ប្រទេសកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រួមទាំងរដ្ឋសភា នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤នេះ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត ចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រព នៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី។

តាមរយៈសេចក្តីថ្លែងការណ៍នោះ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មានក្តីរន្ធត់ចំពោះការស្លាប់បាត់បង់ជីវិតរបស់មនុស្សរាប់សិបនាក់ និងការរងរបួសរាប់ រយនាក់ នៅក្នុងការវាយប្រហារភេរវកម្មនៅសាលមហោស្រពទីក្រុងមូស្គូនៅថ្ងៃទី២២ ខែមីនា ឆ្នាំ ២០២៤។ រាជរដ្ឋាភិបាលកម្ពុជាថ្កោលទោសយ៉ាងខ្លាំងក្លាបំផុតចំពោះអំពើវាយប្រហារដ៏សាហាវ ឃោរឃៅនេះ។

រាជរដ្ឋាភិបាលកម្ពុជា ក៏សូមសម្តែងនូវមរណទុក្ខដ៏ក្រៀមក្រំបំផុត និងសមានចិត្តដ៏ជ្រាលជ្រៅជូនចំពោះគ្រួសារជនរងគ្រោះ និងរដ្ឋាភិបាលនៃសហព័ន្ធរុស្ស៊ី ហើយសូមជូនពរឱ្យអ្នករងរបួសទាំងអស់បានជាសះស្បើយឆាប់រហ័ស។

កម្ពុជាធ្វើការបញ្ជាក់ជាថ្មីម្តងទៀតថា ទង្វើភេរវកម្មណាក៏ដោយគឺជាបទឧក្រិដ្ឋដែលមិនអាចមានហេតុផលណាមួយជាសំអាងបានឡើយ ទោះបីជាប្រព្រឹត្តក្នុងគោលបំណងណាមួយនិងដោយបុគ្គលណាក៏ដោយ។ យើងសូមសម្តែងនូវសាមគ្គីភាពជាមួយរដ្ឋាភិបាលនិងប្រជាជនរុស្ស៊ីនៅក្នុងអំឡុងពេលវេលាដ៏ក្រៀមក្រំនេះ។

ជាមួយគ្នានេះ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាតាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួនបានបញ្ជាក់យ៉ាងដូច្នេះដែរថា រដ្ឋសភាកម្ពុជាមានសេចក្តីរន្ធត់យ៉ាងខ្លាំង ចំពោះការបាត់បង់ជីវិតប្រជាពលរដ្ឋរុស្ស៊ី រាប់រយនាក់ និងរងរបួសជាច្រើនរយនាក់ផ្សេងទៀត ក្នុងព្រឹត្តិការណ៍វាយប្រហារភេរវកម្មខាងលើ។ ក្នុងនាមប្រជាជនកម្ពុជា រដ្ឋសភាពិតជាមានសេចក្តីសោកស្តាយជាពន់ពេក និងសូមចូលរួមសម្តែងនូវមរណទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារជនរងគ្រោះ និងសូមជូនពរឱ្យអ្នករងរបួសទាំងអស់ ឆាប់បានជាសះស្បើយ និងមានសុខភាពល្អប្រសើរឡើងវិញ។

នៅក្រោយការវាយប្រហារដែលបានកើតឡើងនៅយប់ថ្ងៃទី២២ខែមីនានោះ ប្រទេសរុស្ស៉ី នៅថ្ងៃអាទិត្យ ទី២៤ ខែមីនានេះបានបង្ហូតទង់ជាតិត្រឹមពាក់កណ្ដាល ដើម្បកាន់ទុក្ខដល់ជនរងគ្រោះដែលបានស្លាប់ក្នុងការវាយប្រហារភេរវកម្ម នៅសាល ប្រគំតន្ត្រីមួយកន្លែងស្ថិតនៅជាយទីក្រុងមូស្គូ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា នៅយប់ថ្ងៃសុក្រសប្តាហ៍កន្លងទៅ ជនប្រដាប់ដោយអាវុធមួយក្រុម ដែលពួកភេរវករ ISIS អះអាងថា ជាសមាជិករបស់ខ្លួន បានធ្វើសកម្មភាពបាញ់ប្រហារលើជនស៉ីវិល នៅឯ អគារមជ្ឈមណ្ឌលប្រគំតន្រ្តី Crocus City Hall មានចម្ងាយប្រហែល២០គីឡូម៉ែត្រ ពីវិមានក្រឹមឡាំង។ បើតាមក្រុមមន្ត្រីរុស្ស៉ី មនុស្សយ៉ាងហោច ១៣៣នាក់ ក្នុងនោះមាន កុមារ៣នាក់បានស្លាប់ និងជាង ១៥០នាក់ផ្សេងទៀតរងរបួស ហើយមនុស្សសរុប ១១នាក់ ក្នុងនោះរួមមានទាំងពួកភេរវករ​ទាំង៤នាក់ ដែលបានធ្វើសកម្មភាព បាញ់ប្រហារផ្ទាល់ត្រូវបានចាប់ខ្លួន។

ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសកាន់ទុក្ខរយៈពេលមួយថ្ងៃនៅទូទាំងប្រទេស បន្ទាប់ពីបានសន្យាថានឹងតាមប្រមាញ់ និងសងសឹកចំពោះអ្នកដែលនៅ ពីក្រោយការវាយប្រហារភេរវកម្មដ៏កក្រើក ក្នុងទីក្រុងមូស្គូ និងដែលជាការវាយប្រហារផ្ដាច់ជីវិតមនុស្សច្រើនបំផុតមួយក្នុងរយៈពេលជាង ២ទសវត្សរ៍មកនេះ។ លោក ពូទីន បានកត់សម្គាល់ដូច្នេះថា «ខ្ញុំសូមសម្ដែងមរណទុក្ខយ៉ាងក្រៀមក្រំ ដល់អ្នកដែលបានបាត់មនុស្សជាទីស្រឡាញ់របស់ពួកគេ។ ប្រទេស និងប្រជាជនយើងទាំងមូលមានទុក្ខ ក្រៀមក្រំជាខ្លាំងជាមួយអ្នករាល់គ្នា»

គិតត្រឹមថ្ងៃអាទិ្យទី២៤ខែមីនា ឆ្នាំ២០២៤នេះ អាជ្ញាធររុស្ស៉ី បានចាប់ខ្លួនមនុស្សសរុប ១១នាក់ ក្នុងនោះរួមមានទាំងពួកភេរវករ​ទាំង៤នាក់ ដែលបានធ្វើសកម្មភាពបាញ់ប្រហារផ្ទាល់ផងដែរ ហើយជនទាំង ៤នាក់នេះដែរត្រូវបានបញ្ជាក់ថាជាជនបរទេសទាំងអស់។ ក្រុម ISIS បានចេញមុខអះអាងថាការវាយប្រហារលើសាលប្រគំតន្ត្រីនៅជាយទីក្រុងមូស្គូ គឺជាស្នារបស់ខ្លួន តែប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានចោទប្រកាន់ថាទីក្រុងកៀវមានជាប់ពាក់ព័ន្ធនឹងការវាយប្រហារភេរវកម្មនេះ ដ្បិតលោកទទួលបានព័ត៌មានថាភេរវករទាំងនោះ ត្រូវបានចាប់ខ្លួន អំឡុងព្យាយាមរត់គេចចូលក្នុងទឹកដីអ៊ុយក្រែន។

យ៉ាងណាក៏ដោយប្រទេសអ៊ុយក្រែន បានច្រានចោលការចោទប្រកាន់របស់រុស្ស៊ីដោយបានបញ្ជាក់ថា ខ្លួនពុំបានពាក់ព័ន្ធនឹងការវាយប្រហារនោះឡើយ៕

Share.