ប្រធាន​ការិយាល័យ​ចុះ​បញ្ជី និង​ជំរុញ​សហគមន៍​កសិកម្ម នៃ​នាយកដ្ឋាន​អភិវឌ្ឍ​សហគមន៍​កសិកម្ម លោក គង់ ពិសិដ្ឋ បាន​ពន្យល់​ថា ការ​ចងក្រង​ជា​សហគមន៍​កសិកម្ម​បាន​ផ្ដល់​នូវ​ប្រយោជន៍​ជាច្រើន​ជូន​ដល់​កសិករ ដោយ​កសិករ​អាច​រក្សា​បាន​ស្ថិរភាព​តម្លៃ​កសិផល និង​ចំណូល​បន្ថែម ការ​ផ្គត់ផ្គង់​ធាតុ​ចូល​ដូចជា​គ្រាប់​ពូជ ជី ថ្នាំ ជាដើម​ក្នុង​តម្លៃ​ធូរ​ថ្លៃ​ដោយសារ​នាំ​ចូល​ជា​ដុំ កសិករ​អាច​ទទួល​បាន​ឥណទាន​ពី​សហគមន៍​ដែល​មាន​អត្រា​ការ​ប្រាក់​ទាប​ជាង​ប្រភព​ខាង​ក្រៅ ហើយ​តាម​រយៈ​ចងក្រង​ជា​សហគមន៍​កសិករ​អាច​ទទួល​បាន​ព័ត៌មាន​ស្ដី​ពី​ទីផ្សារ​កសិកម្ម​បាន​ទូលំទូលាយ​។

លោក គង់ ពិសិដ្ឋ ប្រធាន​ការិយាល័យ​ចុះ​បញ្ជី និង​ជំរុញ​សហគមន៍​កសិកម្ម នៃ​នាយកដ្ឋាន​អភិវឌ្ឍ​សហគមន៍​កសិកម្ម

លោក គង់ ពិសិដ្ឋ បន្ត​ថា ដើម្បី​គាំទ្រ និង​ជំរុញ​សហគមន៍​កសិកម្ម​ឲ្យ​មាន​សមត្ថភាព និង​ប្រសិទ្ធភាព​ការងារ​កាន់​តែ​ប្រសើរ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ តាម​រយៈ​នាយកដ្ឋាន​អភិវឌ្ឍ​សហគមន៍​កសិកម្ម នៃ​អគ្គនាយកដ្ឋាន​កសិកម្ម បាន​ធ្វើការ​ពង្រឹង​បន្ថែម​លើ​បទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ​នឹង​សហគមន៍​កសិកម្ម គាំទ្រ​ផ្នែក​បច្ចេកទេស​ដាំដុះ​ដំណាំ​ដែល​កំពុង​មាន​សក្ដានុពល ផ្ដល់​នូវ​ចំណេះដឹង​ផ្នែក​គ្រប់គ្រង​សហគមន៍ ការ​រៀបចំ​ផែនការ ឯកសារ របាយការណ៍​កសិកម្ម បញ្ជី​ស្នាម​ផ្សេងៗ និង​ចំណេះដឹង​ផ្នែក​ទីផ្សារ​កសិកម្ម​។

លោក នួន ដេ ប្រធាន​ក្រុម​ប្រឹក្សាភិបាល នៃ​សហភាព​សហគមន៍​កសិកម្ម​ព្រះវិហារ​មាន​ជ័យ ខេត្ត​ព្រះវិហារ

ពាក់ព័ន្ធ​នឹង​ការ​ចងក្រង​ជា​សហគមន៍​កសិកម្ម ប្រធាន​ក្រុម​ប្រឹក្សាភិបាល នៃ​សហភាព​សហគមន៍​កសិកម្ម​ព្រះវិហារ​មាន​ជ័យ ខេត្ត​ព្រះវិហារ លោក នួន ដេ បាន​ចែករំលែក​នូវ​បទពិសោធន៍​របស់​លោក​ក្នុង​ការ​ដឹកនាំ​ក្រុម​សហគមន៍​របស់​លោក​ថា សហគមន៍​កសិកម្ម​មួយ​ដែល​រឹងមាំ មាន​និរន្តរភាព និង​សមិទ្ធផល​ការងារ ត្រូវ​មាន​ការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ រាប់​តាំង​ពី​កសិករ​ដែល​មាន​សាមគ្គីភាព​ក្នុង​ឆន្ទៈ​តែ​មួយ គណៈ​ដឹកនាំ​សហគមន៍ ដែល​មាន​សមត្ថភាព ការ​គាំទ្រ​ពី​បណ្ដា​ក្រុមហ៊ុន សហគ្រាស​ដែល​រកស៊ី​លើ​ផលិផល​កសិកម្ម ព្រមទាំង​បណ្ដា​ស្ថាប័ន​រដ្ឋាភិបាល និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ផង​ដែរ​។ លោក នួន ដេ ពន្យល់​ថា ការ​ចងក្រង​ជា​សហគមន៍​កសិកម្ម នឹង​ជួយ​ឲ្យ​កសិករ​មាន​ភាព​រឹងមាំ ធានា​បាន​នូវ​បរិមាណ​នៃ​ផលិតផល​កសិកម្ម ស្រប​តាម​តម្រូវការ​ទីផ្សារ ធានា​បាន​នូវ​ទីផ្សារ​កសិកម្ម តាមរយៈ​ការ​ធ្វើ​កសិកម្ម​កិច្ច​សន្យា​ជាមួយ​ឈ្មួញ ធានា​បាន​នូវ​ស្ថិរភាព​តម្លៃ​ដែល​អាច​ឲ្យ​កសិករ​ទទួល​បាន​ប្រាក់​ចំណេញ​សមរម្យ និង​មាន​ឱកាស​ទទួល​បាន​នូវ​ចំណេះដឹង​ផ្នែក​បច្ចេកទេស និង​ព័ត៌មាន​ផ្សេង​ទាក់ទង​នឹង​កសិកម្ម និង​ការ​គាំទ្រ​ពី​ស្ថាប័ន​នានា​។

ជាមួយ​គ្នា​នេះ​ដែរ ក្រុម​កសិករ នៃ​សហភាព​សហគមន៍​កសិកម្ម​ព្រះវិហារ​មាន​ជ័យ លើក​ឡើង​ស្រដៀង​គ្នា​ថា កសិផល​របស់​ពួក​គាត់ មាន​ស្រូវ ដំឡូង និង​គ្រាប់​ស្វាយចន្ទី​ជាដើម បើ​ទោះ​បី​អត្រា​តម្លៃ​មាន​ការ​ឡើង​ចុះ ក៏​នៅ​តែ​អាច​រក្សា​បាន​តម្លៃ​ខ្ពស់​គួរសម​ដែរ​ព្រោះ​ថា​ឈ្មួញ​ខាង​ក្រៅ​មិន​ហ៊ាន​ទម្លាក់តម្លៃ​នោះ​ទេ កាលណា​ឈ្មួញ​ឲ្យ​តម្លៃ​ទាប កសិករ​នឹង​លក់​ឲ្យ​សហគមន៍ ដូច្នេះ​ឈ្មួញ​ត្រូវតែ​ឲ្យ​តម្លៃ​ខ្ពស់​ជាង ឬ​ស្មើ​សហគមន៍ ដើម្បី​ទិញ​កសិផល​ពី​កសិករ​។

យោង​តាម​ការ​ឲ្យ​ដឹង​ពី ប្រធាន​ការិយាល័យ​ចុះ​បញ្ជី និង​ជំរុញ​សហគមន៍​កសិកម្ម នៃ​នាយកដ្ឋាន​អភិវឌ្ឍ​សហគមន៍​កសិកម្ម គិត​ត្រឹម​ដើម​ឆ្នាំ ២០២៤ នេះ សហគមន៍​កសិកម្ម ដែល​បាន​ចុះ​បញ្ជី​ទទួល​ស្គាល់​ដោយ​មន្ទីរ​កសិកម្ម​រាជធានី​ខេត្ត មាន​ចំនួន ១២៤៥ សហគមន៍ ក្នុង​នោះ​សហភាព​សហគមន៍​កសិកម្ម​មាន​ចំនួន ២១។ ប៉ុន្តែ​ក្នុង​ចំណោម ២១ សហភាព​សហគមន៍​កសិកម្ម​នេះ មាន​តែ ៣ ប៉ុណ្ណោះ​ដែល​ក្នុង​នោះ​មាន ២៥៨ សហគមន៍ កំពុង​ដំណើរការ​ទៅ​ដោយ​ភាព​ល្អ​ប្រសើរ គឺ សហភាព​សហគមន៍​កសិកម្ម​ព្រះវិហារ​មាន​ជ័យ ខេត្ត​ព្រះវិហារ សហភាព​សហគមន៍​គ្រឿងទេស ខេត្ត​ត្បូងឃ្មុំ និង​សហភាព​សហគមន៍​បន្លែ​សុវត្ថិភាព ខេត្ត​បាត់ដំបង​។

ក្នុង​នាម​ជា​មន្ត្រី​ជំនាញ​ផ្នែក​សហគមន៍​កសិកម្ម ដែល​តែង​ចុះ​ទៅ​កៀក​នឹង​ប្រជាកសិករ លោក គង់ ពិសិដ្ឋ ទទួល​ស្គាល់​ថា សមត្ថភាព​របស់​កសិករ ក៏​ដូចជា​អ្នក​ដឹកនាំ​សហគមន៍​កសិកម្ម នៅតែ​មាន​កម្រិត​មួយ ដែល​មិនទាន់​អាច​ឆ្លើយតប​នឹង​តម្រូវការ​ការងារ កង្វះ​ខាត​ហេដ្ឋារចនាសម្ព័ន្ធ​បម្រើ​ឲ្យ​សហគមន៍​កសិកម្ម កង្វះ​ទុន​វិនិយោគ​ក្នុង​សហគមន៍ ដែល​ជះ​ឥទ្ធិពល​មិន​ល្អ​ដល់​ការ​ប្រកួត​ប្រជែង​ក្នុង​ទីផ្សារ និង​ការ​ទប់ទល់​នឹង​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​៕

អត្ថបទ៖ ឈិន ធារ៉ាត់

Share.