ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ សេង ផល្លី អគ្គនាយកនៃអគ្គនាយកដ្ឋានធន​ធាន​មនុស្សណែនាំដល់ថ្នាក់ដឹកនាំគ្រប់កម្រិត ឱ្យបន្តយកចិត្ត​ទុកដាក់​ក្នុង​ការបំពេញភារកិច្ច​ទទួលខុសត្រូវ ប្រកបដោយឆន្ទៈមោះមុត ការប្ដេជ្ញាចិត្ត​ខ្ពស់ បន្តកិច្ចសហការ​និងសាមគ្គីភាពផ្ទៃក្នុងល្អ ព្រមទាំងជំរុញការអនុវត្តផែនការ​យុទ្ធសាស្ត្រ ផែនការសកម្មភាពប្រចាំឆ្នាំ និងកម្មវិធីការងារប្រចាំខែ ​ដើម្បីសម្រេចបាន​នូវស្នាដៃនិងសមិទ្ធផលថ្មីៗបន្ថែមទៀតជូនក្រសួងមហាផ្ទៃ។

ការណែនាំរបស់អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានមនុស្សនៃក្រសួងមហាផ្ទៃនេះធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល៦ខែ និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៤ និងផ្សព្វផ្សាយផែនការយុទ្ធសាស្រ្តរយៈពេល៥ឆ្នាំ(២០២៤-២០២៨) ដំណាក់កាលទី១ នៅសាលប្រជុំអគារ(S)នៃទីស្តីការក្រសួងមហាផ្ទៃ។កិច្ចប្រជុំនោះមានសមាសភាពចូលរួមពីថ្នាក់ដឹកនាំគ្រប់កម្រិតនិងមន្រ្តីនៃអគ្គនាយកដ្ឋានធនធានមនុស្ស ចំនួន ៤៥៩រូប។   

មានមតិក្នុងឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានមនុស្សបានថ្លែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំគ្រប់កម្រិត និងមន្ត្រីទាំងអស់នៃអគ្គនាយកដ្ឋាន​ធនធានមនុស្ស ដែលបានខិតខំបំពេញតួនាទីនិងភារកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ មានឆន្ទៈមោះមុត មានការ​ប្ដេជ្ញាចិត្ត មានកិច្ចសហការ​និងមានសាមគ្គីភាពផ្ទៃក្នុងល្អ ដើម្បីសម្រេចបានជោគជ័យគួរឱ្យកត់សម្គាល់ ស្របតាមកម្មវិធីកំណែទម្រង់របស់ក្រសួងមហាផ្ទៃ និងមតិដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ជាមួយគ្នានេះ ឯកឧត្តមអគ្គនាយក បានបញ្ជាក់បន្ថែមថា អគ្គនាយកដ្ឋានធនធានមនុស្ស មានតួនាទីធ្វើជាសេនាធិការ​ជូនក្រសួងមហាផ្ទៃលើការងារ​គ្រប់គ្រង​និងអភិវឌ្ឍធនធានមនុស្ស​​ដល់​មន្ត្រីរាជការ​ទាំង៣ក្របខ័ណ្ឌ រួមមាន មន្ត្រីនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារ ដែលស្ថិតក្រោមសមត្ថកិច្ច​របស់​ក្រសួងមហាផ្ទៃ។ ឯកឧត្ដមបានបន្ថែមថា ការបង្កើតអគ្គនាយកដ្ឋាននេះឡើង គឺជាការ​ធ្វើ​កំណែទម្រង់របស់​ក្រសួងមហាផ្ទៃ ដែលដឹកនាំដោយ ឯកឧត្ដមអភិសន្តិបណ្ឌិត ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំ​ប្រកបដោយភាពឈ្លាសវៃ និងទស្សនវិស័យជឿនលឿន​របស់​ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

បន្ថែមលើនេះ ឯកឧត្តមអគ្គនាយក បានធ្វើបទបង្ហាញផ្សព្វផ្សាយ​ផែនការ​យុទ្ធសាស្ត្រ រយៈពេល៥ឆ្នាំ (២០២៤-២០២៨) របស់អគ្គនាយកដ្ឋាន​ធនធានមនុស្ស ដែលជាផែនទីបង្ហាញផ្លូវនិងជាត្រីវិស័យតម្រង់ទិស សម្រាប់​អគ្គនាយកដ្ឋាន​ធនធានមនុស្ស អនុវត្ត​ភារកិច្ច​របស់​ខ្លួនឱ្យបាន​ជោគជ័យ ស្របតាមផែនការយុទ្ធសាស្ត្រ៥ឆ្នាំ របស់​ក្រសួងមហាផ្ទៃ ដែលបានកំណត់៕

ប្រភព៖អគ្គនាយកដ្ឋានធនធានមនុស្ស ក្រសួងមហាផ្ទៃ

Share.