កណ្តាល៖ យុវជនម្នាក់ បន្ទាប់ពីរៀបការហើយ រស់នៅមិនចុះសម្រុងជាមួយប្រពន្ធ បានមកសុំម្តាយឱ្យទៅនិយាយជាមួយឪពុកម្តាយខាងស្រី ដើម្បីសុំឱ្យខ្លួនបានលេងលះជាមួយប្រពន្ធ លុះម្តាយមិនទៅនិយាយ បែជាខឹងជេរ វាយម្តាយបង្កើតរហូតរបួសពេញខ្លួន កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ០៧:៣០នាទី ស្ថិតនៅភូមិពុកឫស្សីក្រោម ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។

ជនរងគ្រោះជាម្តាយមានឈ្មោះ សុខ គន្ធី ភេទស្រី អាយុ៦៣ឆ្នាំ ជនជាតិខ្មែរ មុខរបរតម្បាញ រងរបួសហើមពក លើភ្នែកខាងឆ្វេង ហើមពកថ្ពាល់ខាងឆ្វេង ជាំក្រហមគ្រាប់ភ្នែកខាងឆ្វេង។ ចំណែកកូនប្រុសជាជនសង្ស័យមានឈ្មោះ ជា ពេជ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិពុកឫស្សីក្រោម ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។

តាមប្រភពព័ត៌មានបានឱ្យដឹងថា កន្លងមកជនសង្ស័យបានប្រើប្រាស់ថ្នាំញៀន ត្រូវបានក្រុមគ្រួសារយកទៅដាក់មណ្ឌលចំនួន ០៣លើក និងធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាល ០១លើក ពីបទហិង្សា ក្រោយចេញពីពន្ធនាគារវិញ ជនសង្ស័យបានមករស់នៅជាមួយជនរងគ្រោះត្រូវជាម្ដាយបង្កើត និងឧស្សាហ៍មានទំនាស់ពាក្យសំដីជាមួយជនរងគ្រោះ ​ហើយពេលថ្មីៗនេះ ជនសង្ស័យបានរៀបការនិងទៅរស់នៅជាមួយក្រុមគ្រួសារខាងប្រពន្ធ តែនៅពេលថ្ងៃ ជនសង្ស័យមកស្នាក់នៅហូបចុកនៅផ្ទះជនរងគ្រោះ។

លុះដល់ថ្ងៃកើតហេតុ ជនសង្ស័យបានមកផ្ទះជនរងគ្រោះដូចសព្វដង ហើយបាននិយាយប្រាប់ជនរងគ្រោះជាម្តាយថា ខ្លួនពិបាករស់នៅជាមួយប្រពន្ធ ខ្លួនមិនចូលចិត្តចរិកប្រពន្ធទេ រួចឱ្យស្ត្រីរងគ្រោះទៅជួយនិយាយជាមួយឪពុកម្ដាយប្រពន្ធ ថាខ្លួនចង់លែងប្រពន្ធ ភ្លាមនោះជនរងគ្រោះនិយាយថា បើកូនឯងលែង ចឹងមានតែបោះលុយ ៤,៧០០$ ចោលហើយ និយាយរួចជនរងគ្រោះក៏ចុះពីលើផ្ទះ ទៅងូតទឹកឱ្យចៅនៅក្រោមផ្ទះ ខណៈកំពុងឈររៀបចំងូតទឹកឱ្យចៅនោះ ធ្វើឱ្យជនសង្ស័យបានដើរមកចាប់វាយក្បាលនិមុខជនរងគ្រោះជាច្រើនដៃ បណ្ដាល ឱ្យជនរងគ្រោះមានរបួសជាច្រើនកន្លែង ​​ត្រូវបានអ្នកជិតខាងមកជួយចាប់ឃាត់ជនសង្ស័យ ដោយបានយកក្រមាចងដៃ និងជើងជនសង្ស័យ ។

ក្រោយមកបាន រាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលពុកឫស្សី កម្លាំងប៉ុស្តិ៍បានចុះអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល បន្តអនុវត្តតាមនីតិវិធី ៕

អត្ថបទ៖ កណ្តាល

Share.