កណ្តាល៖ បុរសម្នាក់បានខ្ចីនាឡិកា ពីមិត្តភក្តិម្នាក់ទៀតមកពាក់ តែមិនយកទៅសងគេវិញ ថែមទាំងយកកាំភ្លើងជ័រ មកគំរាមកំហែង គេឯងក្នុងហាងកាហ្វេ ភ័យខ្លាចគ្រប់គ្នា កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១៧:០៥ នាទី ស្ថិតនៅភូមិមនោរម្យ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនសង្ស័យឃាត់ខ្លួនបាន ឈ្មោះ ញឹម ណុំ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិបឹងរមាស់ ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្ដាល ។ ដោយកម្លាំងសមត្ថកិច្ចដកហូត អាវុធខ្លី (កាំភ្លើងជ័រ) ពណ៌ខ្មៅ ០១គ្រឿង និងគ្រាប់អាវុធម៉ាក AK47 ចំនួន ០២គ្រាប់ ម៉ូតូ ០១គ្រឿងម៉ាក Honda Scoopy ពណ៌ក្រហម ផលិតឆ្នាំ២០២១ ពាក់ស្លាកលេខ កណ្ដាល 1AL-0283 ។

តាមប្រភពព័ត៌មានពីសម្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១៥:១០នាទី ជនសង្ស័យបានខ្ចីនាឡិកា ០១គ្រឿងម៉ាក ហ្ស៊ីនវ៉ូ ពណ៌ខ្មៅ មានតម្លៃចំនួន390$ ពីមិត្តភក្ដិឈ្មោះ ខឹម លីហេង ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិមនោរម្យ ឃុំបែកចាន ស្រុកអង្គស្នួល រហូតដល់ពេលបច្ចុប្បន្ននេះជនសង្ស័យមិនបានប្រគល់នាឡិកានោះឱ្យមិត្តភក្ដិវិញឡើយ។

រហូតដល់ថ្ងៃទី២៤ ខែ ឆ្នាំដដែល វេលាម៉ោងប្រហែល១៤:១០នាទី ជនរងគ្រោះដែលឱ្យខ្ចីនាឡិកា បានទៅដល់ផ្ទះរបស់ជនសង្ស័យដើម្បីទាមទារយកនាឡិកាមកវិញ តែមិនបានជួបជនសង្ស័យឡើយ ជួបតែម្ដាយរបស់ជនសង្ស័យ ពេលនោះជនរគ្រោះ និងម្ដាយជនសង្ស័យ ក៏ជិះម៉ូតូរកជនសង្ស័យ ហើយបានជួបនៅកន្លែងលក់ចាប់ហួយមួយកន្លែង នៅក្នុងភូមិបឹងរមាស់ ឃុំទួលព្រេជ ។

ភ្លាមម្តាយជនសង្ស័យបាននិយាយឱ្យជនសង្ស័យយកនាឡិកាសងទៅគេវិញ ពេលនោះជនសង្ស័យបានខឹងម្ដាយខ្លួន ហើយបានដកកាំភ្លើងខ្លី (ជ័រ) ចេញពីឃ្លុបម៉ូតូ ហើយនិយាយគំរាមថា “ដកកាំភ្លើងបាញ់ឆេះផ្ទះអស់ឥលូវ “។ពេលនោះឈ្មោះ ខឹម លីហេងដែលជាជនរងគ្រោះ  ឃើញជនសង្ស័យមានកាំភ្លើងខ្លី ភ័យពេកក៏ជិះម៉ូតូគេចចេញ ហើយបានជិះម៉ូតូទៅរាយការណ៍ជូនកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ ឱ្យជួយអន្តរាគមន៍។

ក្រោយមកជនសង្ស័យបានទាក់ទងជាមួយ ជនរងគ្រោះដើម្បីជួបគ្នា គោលបំណងទៅយកនាឡិកាវិញ ទើបដឹងថាជនសង្ស័យនៅកន្លែងលក់កាហ្វេ នៅចំណុចកើតហេតុខាងលើ ដោយនៅកន្លែងកាហ្វេនោះជនសង្ស័យក៏បានសៀតកាំភ្លើងនៅចង្កេះខោ សម្ញែងគេឯង និងទុកនៅលើតុកាហ្វេផងដែរ។ ភ្លាមៗ កម្លាំងប៉ុស្ដិ៍ទួលព្រេជ និងប៉ុស្ដិ៍បែកចាន ចុះទៅដល់បានឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាង ហើយនាំទៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា កាំភ្លើងខ្លី (ជ័រ) នោះខ្លួនបានរើសបាននៅក្រោមផ្ទះរបស់ខ្លួន ទើបដាក់ក្នុងឃ្លុបម៉ូតូទៅ ។ ចំណែកគ្រាប់កាំភ្លើងម៉ាក AK47 ខ្លួនបាននៅពេលខ្លួនទៅរៀនបាញ់កាំភ្លើងនៅបន្ទាយកងទ័ពពិសេស៩១១ ។បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធី៕

អត្ថបទ៖ កណ្តាល

Share.