ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ គឹជាថ្ងៃប្រវត្តិសាស្រ្ត ដែលប្រជាជនខេត្តក្រចេះ បានទទួលនូវសេរីភាពរួចចាកផុតពីគំរាមកំហែងដោយសារមីន ហើយ ខេត្តក្រចេះ គឺជាខេត្តទី១៥ ដែលត្រូវប្រកាសជាខេត្តអស់មីននៅទូទាំងព្រះរាជាណាចក្រកម្ពុជា។នេះជាការបញ្ជាក់របស់សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅតាមបណ្តាញតេឡេក្រាមរបស់សម្តេច។

សម្តេចបញ្ជាក់ថា រយៈពេល ២០ឆ្នាំ ចាប់ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០២៣ នៃការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ក្នុងទឹកដីខេត្តក្រចេះ មានប្រតិបត្តិករចំនួន ៣ រួមមាន មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា និងអង្គការហេឡូត្រាស់ បានបោសសម្អាតក្នុងទំហំផ្ទៃដីជាង ១៣៣ គីឡូម៉ែត្រការ៉េ ស្មើនឹង ៧៩៥ ចម្ការមីននិងគ្រាប់ ដោយរកឃើញ និងបានកំទេចចោលមីន និងសំណល់ជាតិផ្ទុះផ្សេងទៀតប្រមាណ ៦ ម៉ឺនគ្រាប់ ព្រមទាំងផ្តល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋជិត ៤០ ម៉ឺននាក់។

សមិទ្ធផលខេត្តក្រចេះអស់មីន គឺជាសមិទ្ធផលមួយក្នុងចំណោមសមិទ្ធផលជាច្រើនទៀតក្នុងរយៈពេលជាង ៦ ខែ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ដោយទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុពីមូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥ និងគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន រួមជាមួយនឹងការចូលរួមដ៏សប្បុរសបណ្តាប្រទេសជាមិត្ត ដៃគូអភវិឌ្ឍន៍ និងសប្បុរសជននានា។ រយៈពេល ជាង  ៦  ខែ នៃ រាជរដ្ឋាភិបាល អាណត្តិ ទី៧  មានខេត្ត ចំនួន  ០៣  ត្រូវ បាន ប្រកាស ជា ខេត្ត អស់ មីន  រួម មាន  ខេត្ត កំពង់ស្ពឺ  ខេត្ត មណ្ឌលគីរី  និង ខេត្ត ក្រចេះ  ៕

Share.