សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដឹកនាំគណៈប្រតិភូអញ្ជើញត្រឡប់មកដល់ព្រះរាជាណាក្រកម្ពុជាវិញហើយនៅរសៀលថ្ងៃទី២៦ខែមីនាឆ្នាំ២០២៤នេះ បានពីសម្តេចបានអញ្ជើញធ្វើដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសឡាវរយៈពេលមួយថ្ងៃកន្លះ។

យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចដែលបានចាប់ផ្តើមនៅព្រឹកថ្ងៃទី២៥ខែមីនានោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលបានការស្វាគមន៍ប្រកបដោយភាពកក់ក្តៅ សោមនស្សរីករាយ និងកិត្តិយសជាទីបំផុតពីសំណាក់លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីរបស់ឡាវ។

ក្នុងជំនួបទ្វេភាគីរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក សនសៃ ស៊ីផាន់ដន បានបង្ហាញការពេញចិត្ត និងរីករាយចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលកន្លងទៅ។ ក្រៅពីបង្ហាញការពេញចិត្តលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរហើយនោះ នាយករដ្ឋមន្ត្រីកម្ពុជា និងឡាវ ក៏បានជជែកគ្នាផ្តោតជាសំខាន់ទៅលើការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត។

ក្រោយជំនួបទ្វេភាគីនោះ ក្នុងសន្និសីទរួមគ្នាជាមួយសមភាគីឡាវ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីឡាវ ភាគីទាំងពីរបានពិភាក្សាផ្តោតលើបញ្ហាសំខាន់ៗចំនួន៦ រួមមានបញ្ហាព្រំដែន សន្តិសុខ បញ្ហាសេដ្ឋកិច្ច ការធ្វើពាណិជ្ជកម្ម ទេសចរណ៍ និងទំនាក់ទំនងប្រជាជនប្រទេសទាំងពីរផងដែរ។ បញ្ហាទាំង៦ដែលបានលើកឡើងនោះរួមមាន៖

– វិស័យថាមពល៖ ពាក់ព័ន្ធវិស័យថាមពលនេះ កម្ពុជា បានអរគុណឡាវ ដែលបានជួយផ្គត់ផ្គង់ថាមពលជាបន្តបន្ទាប់។ បន្ថែមពីលើនោះភាគីទាំងពីរ បានហត្ថលេខាលើកិច្ចព្រមព្រាងស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យថាមពលដំណាក់កាលទី២ អមដោយអនុស្សារណៈយោគយល់ចំនួន៤។ គោលដៅ គឺបន្តធានាការផ្គត់ផ្គង់ប្រភពថាមពលដល់កម្ពុជា។

២- សេដ្ឋកិច្ច និងពាណិជ្ជកម្ម៖ ភាគីទាំងពីរបានពិភាក្សាគ្នាលើសារៈសំខាន់នៃការរៀបចំកិច្ចប្រជុំលើកទី១៥ នៃគណៈកម្មការរួមសម្រាប់កិច្ចសហប្រតិបត្តិការ JCBC ការដាក់ឱ្យដំណើរការឡើងវិញ គណៈកម្មការពាណិជ្ជកម្មចម្រុះ ជាមួយការរៀបចំវេទិកាធុរកិច្ច និងវិនិយោគ និងការពង្រីកសមាហរណកម្មសេដ្ឋកិច្ចតាមរយៈការផ្លាស់ប្តូរពាណិជ្ជកម្មលើវិស័យសេវាកម្ម ដូចជាសេវាហិរញ្ញវត្ថុ ដឹកទំនិញផ្លូវគោក និងទេសចរណ៍។

– ការតភ្ជាប់រវាងប្រទេសទាំងពីរ៖ នាយករដ្ឋមន្ត្រីប្រទេសទាំងពីរ បានស្វាគមន៍ការចាប់ផ្តើមការហោះហើរត្រង់របស់ក្រុមហ៊ុនឡាវអ៊ែរឡាញវៀងច័ន្ទ-ភ្នំពេញ ដែលនឹងចូលរួមចំណែកថែមទៀតដល់កំណើនទេសចរណ៍ ពាណិជ្ជកម្ម និងវិស័យសំខាន់ៗផ្សេងទៀតរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរ ក៏បានពិភាក្សាលើគម្រោងលំអិត និងគំនិតផ្តួចផ្តើមផ្សេងៗទៀត សម្រាប់តភ្ជាប់ប្រជាជន និងប្រជាជនផងដែរ។

– កិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ៖ ភាគីទាំងពីរ បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការតាមបណ្តោយព្រំដែន ជាពិសេសការជួបប្រាស្រ័យទាក់ទងរបស់ថ្នាក់ដឹកនាំទាំងក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ។ ជាពិសេសការប្រាស្រ័យទាក់ទង សហការគ្នាទៅលើកិច្ចសហប្រតិបត្តិការយោធាដែលមានស្រាប់ ព្រមទាំងពង្រឹងការទប់ស្កាត់ ការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសការជួញដូរមនុស្ស និងគ្រឿងញៀន។

– កិច្ចការព្រំដែន៖ ប្រទេសទាំងពីរ បានផ្លាស់ប្តូរលិខិតតូបករណ៍សច្ចាប័នលើសន្ធិសញ្ញាកំណត់ព្រំដែនរវាងប្រទេសទាំងពីរ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ និងបានចុះហត្ថលេខាលើកំណត់ហេតុស្តីពីការផ្លាស់ប្តូរលិខិតតូបករណ៍សច្ចាប័ននេះ។ ជាមួយមូលដ្ឋានច្បាប់ដ៏រឹងមាំនេះ កម្ពុជារំពឹងថា ភាគីទាំងពីរនឹងអនុវត្តន៍បានឆាប់ ពេញលេញ និងប្រកបដោយប្រសិទ្ធភាពលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ។ ជាពិសេសការកំណត់ខ្សែបន្ទាត់ព្រំដែនដើរតាមផ្លូវទឹក និងបណ្តោយព្រំដែនទាំងមូលតាមការឯកភាពគ្នា ដោយផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិ និងអនុវត្តន៍តាមគោលការណ៍ឧត្តនវានុវត្តន៍អន្តរជាតិដែលមានចែងក្នុងប្រការ២សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋកម្ពុជា-ឡាវឆ្នាំ២០២៣។

កិច្ចការទី៦ គឺភាគីទាំងពីរ បានពិភាក្សាលើវិធានការជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ អប់រំ កីឡា និងកសិកម្មផងដែរ។

នៅក្រោយជំនួបពិភាក្សាការការងារទ្វេភាគីហើយនោះ នាយករដ្ឋមន្ត្រីកម្ពុជា និងឡាវ ក៏បានអញ្ជើញជាអធិបតីរួមគ្នា ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៃអនុស្សារណៈយោគយល់គ្នារវាងប្រទេសទាំងពីរចំនួន៧ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើកិច្ចការព្រំដែន និងថាមពល។

អនុស្សារណៈយោគយល់ដែលបានចុះហត្ថលេខានោះរួមមាន៖

១៖ ការផ្លាស់ប្តូរលិខិតុបករណ៍សច្ចាប័នលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាងកម្ពុជា និងឡាវ

២៖ កំណត់ហេតុស្តីពីការផ្លាស់ប្តូរលិខិតុបករណ៍សច្ចាប័នលើ សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាងកម្ពុជា និងឡាវ

៣៖ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលឡាវ ស្តីពីកិច្ចសហប្រតិបត្តិការវិស័យថាមពលថ្មី

៤៖ អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងរ៉ែ និងថាមពលកម្ពុជា និងក្រុមហ៊ុន PHONGSUBTHAVY GROUP SOLE CO., LTD អំពីការទិញថាមពលបៃតងពីគម្រោង «XEKHAMAN II Hydro and Wind Power Hybrid Projects» ក្នុង ប្រទេសឡាវ មកប្រទេសកម្ពុជា

៥៖ អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងរ៉ែ និងថាមពលកម្ពុជា ជាមួយក្រុម ហ៊ុនចម្រុះ XAYSANA Group, WIS និង SISAN INTERNATIONAL JOINT DEVELOPMENT SOLE., LTD អំពីការទិញថាមពលគម្រោង “Nam Emoun 1, 2 Hydro, Pump Storage and Wind Power Hybrid Projects” ក្នុងប្រទេសឡាវមកប្រទេសកម្ពុជា

៦៖ អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងរ៉ែ និងថាមពលកម្ពុជា ជាមួយអគ្គីសនីឡាវ EDL អំពីការទិញថាមពលបៃតង ពីគម្រោង “Green Energy Supply of 1000 MW Combination of Hydro, Wind and Geothermal Projects” ក្នុង ប្រទេសឡាវមកប្រទេសកម្ពុជា

៧៖ អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងរ៉ែ និងថាមពលកម្ពុជា ជាមួយក្រុម ហ៊ុន PSG CORPORATION PUBLIC COMPANY LIMITED អំពីការទិញ ថាមពលបៃតងពីគម្រោង «Xekong Pump Storage Power Project» ក្នុងប្រទេសឡាវ មកប្រទេសកម្ពុជា។

បន្ទាប់មកទៀត នៅព្រឹកថ្ងៃទី២៦ខែមីនាដដែល សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ថងលូន ស៊ីសូលីត ប្រធានរដ្ឋឡាវផងដែរ។

ក្នុងជំនួបនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានជម្រាប ប្រធានរដ្ឋឡាវ អំពីលទ្ធផលនៃកិច្ចពិភាក្សាប្រកបដោយផ្លែផ្កាជាមួយនាយករដ្ឋមន្ត្រីឡាវ ដោយបានរំលេចលទ្ធផលនៃកិច្ចសហប្រតិបត្តិការសំខាន់ៗ ជាអាទិ៍រួមមាន៖ កិច្ចសហប្រតិបត្តិការវិស័យថាមពល ដែលប្រទេសទាំងពីរបានចុះហត្ថលេខា និងដោះស្រាយបញ្ហាមួយចំនួនដើម្បីធ្វើឱ្យការផ្គត់ផ្គងថាមពលអគ្គិសនីដល់កម្ពុជា ប្រកបដោយភាពច្បាស់លាស់ និងទាន់ពេល, កិច្ចការព្រំដែន ដែលសមភាគីទាំងពីរ បានឯកភាពគ្នាអនុវត្តតាមសន្ធិសញ្ញា ដែលបានចូលជាធរមាន គឺសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាងប្រទេសទាំងពីរ ដែលបានចុះហត្ថលេខាសកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ និង កិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ទៀត ដែលរួមមានវិស័យអប់រំ ការតភ្ជាប់ ការដឹកជញ្ជូន ការសាងសង់ផ្លូវលឿនពីវៀងច័ន្ទន៍ទៅព្រំដែនកម្ពុជា និងការសាងសង់ស្ពានឆ្លងកាត់ទន្លេពៅ (ខេត្តព្រះវិហារ)/ សេឡាំផាវ (ខេត្តចំប៉ាសាក់) ជាដើម។

លោកប្រធានរដ្ឋឡាវ បានសម្ដែងការពេញចិត្តចំពោះលទ្ធផលកិច្ចពិភាក្សារវាងនាយករដ្ឋមន្ត្រីកម្ពុជា និងឡាវ។ ប្រធានរដ្ឋឡាវ ចាត់ទុកលទ្ធផលនេះ ជាលទ្ធផលប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅចំពោះទំនាក់ទំនងនៃប្រទេសទាំងពីរ ក្នុងស្មារតីនៃការអនុវត្តលើចំណុចដែលបានឯកភាពគ្នា និងការបន្តកិច្ចសហប្រតិបត្តិការ ប្រកបដោយលក្ខណៈមិត្តភាព សាមគ្គីភាព និងភារតភាព។

លោកប្រធានរដ្ឋឡាវ បានបង្ហាញការប្ដេជ្ញាចិត្តរបស់ឡាវ ក្នុងការរកដំណោះស្រាយលើបញ្ហា ដែលនៅសេសសល់ ជាពិសេលើផ្នែកថាមពល កិច្ចការព្រំដែន និងកិច្ចសហប្រតិបត្តិការសំខាន់ៗដទៃទៀត ដើម្បីឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរកាន់តែប្រសើរឡើង។

នៅចំពោះមុខសម្តេចធិបតី ប្រធានរដ្ឋឡាវ បានគូសបញ្ជាក់ថា ប្រទេសឡាវមានសំណាងណាស់ ដែលជាប្រទេសភូមិផងរបងជាមួយប្រទេសកម្ពុជា និងបានបង្ហាញក្តីសង្ឃឹមថា ប្រទេសទាំងពីរនឹងនៅតែរក្សាបានទំនាក់ទំនងជាប្រពៃណី និងប្រវត្តិសាស្រ្តនេះ ព្រមទាំងរួមគ្នាដោះស្រាយបញ្ហាប្រឈមជាមួយគ្នា ដើម្បីឱ្យទំនាក់ទំនងនេះកាន់តែប្រសើរឡើងថែមទៀត សម្រាប់ជាឧត្តមប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ៕

Share.