ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា បានរងបរាជ័យជាលើកទី២ ក្រោមថ្វីជើងក្រុមជម្រើសជាតិ​ហ្គីយ៉ាន ក្នុងលទ្ធផល ៤-១ កាលពីរាត្រី​ថ្ងៃទី២៦ ឈាន​ចូលព្រឹក​ថ្ងៃទី២៧ ខែមីនានេះ នៅកីឡដ្ឋាន Prince Abdullah Al-Faisal Sports City នៃពានរង្វាន់ FIFA Series 2024 ខណ: សៀង ចន្ធា ស៊ុតគ្រាប់ដំបូងឲ្យគោព្រៃកម្ពុជា។

ស្របពេលការប្រកួតលើកទី១ គោព្រៃកម្ពុជា ក៏បានរងបរាជ័យ ២-០ ក្រោមថ្វីជើងក្រុម​ជម្រើសជាតិហ្គីណេអេក្វាទ័រ កាល​ពី​រាត្រីថ្ងៃទី២២ ខែមីនា រំលងអធ្រាត្រ កម្ពុជា នៅកីឡដ្ឋាន Prince Abdullah Al-Faisal Sports City ប្រទេសអារ៉ាប៊ីសាអូឌីត។

តារាងចំណាត់ថ្នាក់ FIFA Series 2024 ពូល A៖

  1. កាប់វែរ (អាហ្វ្រិកខាងលិច) ២ប្រកួត ឈ្នះ២ មាន៦ពិន្ទុ
  2. ហ្គីយ៉ាន (អាមេរិកខាងជើង) ២ប្រកួត ឈ្នះ១ ចាញ់១ មាន៣ពិន្ទុ
  3. ហ្គីណេ​អេក្វា​ទ័រ (អាហ្វ្រិកកណ្តាល) ២ប្រកួត ឈ្នះ១ ចាញ់១ មាន៣ពិន្ទុ
  4. កម្ពុជា (អាស៊ាន) ២ប្រកួត ចាញ់២ មិនមានពិន្ទុ។

ចាប់​តាំង​ពី​បង្កើត​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា មក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ធ្លាប់​ប្រកួត​ទល់​ក្រុម​ហ្គីណេ តែ​មួយ​គត់​ដែល​នៅ​ក្រៅ​ទ្វីប​អាស៊ី ក្នុង​ឆ្នាំ​១៩៦៦ គ្រា​ដែល​កម្ពុជា ទទួល​សិទ្ធិ​ធ្វើ​ម្ចាស់​ផ្ទះ​កីឡា GANEFO ក្រៅ​ពី​នោះ​ការប្រកួត​ផ្លូវការ​របស់​ក្រុម​ជម្រើស​ជាតិ​គឺ​​សុទ្ធ​សឹង​តែ​ប៉ះ​ជាមួយ​ក្រុម​បណ្តា​ប្រទេស​ក្នុង​ទ្វីប​អាស៊ី ទាំង​អស់។

នេះ​​គឺ​ជា​លើក​ទី២ ​ហើយ​ក្នុង​ប្រវត្តិសាស្រ្ត​ដែល​បាល់ទាត់​​ជម្រើសជាតិ​បុរស​កម្ពុជា ត្រូវ​​ប្រកួត​ទល់​នឹង​​ក្រុម​នៅ​ក្រៅ​ទ្វីប​អាស៊ី ក្នុងពានរង្វាន់ FIFA Series 2024៕

Share.