ក្រោយចប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ជាតិលើកទី១៧ ឆ្នាំ២០២៤ មានមហាជន និងអ្នកគាំទ្របាល់ទាត់ជាតិ ជាច្រើនចាប់អារម្មណ៍លើការកាត់ក្តីរបស់មន្ត្រីអាជ្ញាកណ្តាល ទាំង៣ រូបលើទីលាន ជាពិសេសគឺការសម្រេចរបស់អាជ្ញាកណ្តលខ្សែបន្ទាត់។

កន្លងមកក្នុងការប្រកួតពានរង្វាន់បាល់ទាត់ជាតិ មិនថាពានរង្វាន់លីគកំពូល ឬពានរង្វាន់​សម្តេចថ្នាក់​ជាតិ​នោះ​ទេ គឺតែងមានបញ្ហាម្តងម្តាលត្រង់ការកាត់ក្តីពីសំណាក់ការសម្រេចចិត្តរបស់មន្ត្រីអាជ្ញាកណ្តាល តែយ៉ាងណាក្តីកម្រិតនៃការសម្រេច​ចិត្តកាត់ក្តីរ​បស់មន្ត្រីទាំងនោះសុទ្ធតែអាចទទួលយកបាន ព្រោះបច្ចុប្បន្នការវិវឌ្ឃន៍របស់មន្ត្រីអាជ្ញាកណ្តាលថ្នាក់ជាតិ និងថ្នាក់អន្តជាតិរបស់កម្ពុជា កាន់តែល្អឆ្ពោះទៅមុខជានិច្ច។

យ៉ាងណាក្តីក្នុងជំនួបវគ្គផ្តាច់ព្រ័ត្ររវាងក្រុមភ្នំពេញក្រោន ទល់នឹងក្រុមព្រះខ័នរាជស្វាយរៀង គឺកាត់ក្តីដោយលោក ជី សាមឌី មន្ត្រីអាជ្ញាកណ្តាលកម្រិតអន្តជាតិរបស់កម្ពុជា អមដោយជំនួយការពីររូបរួមមានលោក ស៊ុន ចាន់ភារិទ្ធ ជំនួយការទី១ លោក មឿន ធី ជំនួយការទី២ និងលោក ឃិន ឧសីហា ជាមន្ត្រីទី៤ អ្នកទាំង៤នាក់នោះគឺសុទ្ធតែជាមន្ត្រីអាជ្ញាកណ្តាលកម្រិតអន្តជាតិ។

សូមជម្រាបថា ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ជាតិលើកទិ១៧ ឆ្នាំ២០២៤ ម្ចាស់ជើងឯកគឺបានលើក្រុមព្រះខ័នរាជស្វាយរៀង ក្រោយយកឈ្នះលើក្រុម ភ្នំពេញក្រោន ១ទល់នឹង០ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីរាត្រីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ កន្លងទៅ។

Share.