BALTIMORE៖ កម្មករ ៦នាក់បានបាត់ខ្លួន និងសន្មត់ថាបានស្លាប់ ក្រោយហេតុការណ៍នាវាដឹកទំនិញទង់ជាតិសិង្ហបុរី ចេញពីកំពង់ផែ Baltimore នៅព្រឹកថ្ងៃអង្គារ បុកបង្គោលស្ពាន Francis Scott Key របស់សហរដ្ឋអាមេរិកបាក់មួយផ្នែកធំ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃពុធ​ ទី២៧ ខែមីនា ឆ្នាំ២០២៤។​

ឆ្មាំឆ្នេរសមុទ្រអាមេរិក និងមន្ត្រីប៉ូលីសរដ្ឋ Maryland បាននិយាយថា ដោយផ្អែកលើសីតុណ្ហភាពត្រជាក់នៃទឹក និងរយៈពេលនៃការបាត់ខ្លួនចាប់តាំងពីស្ពានបានបាក់ធ្លាក់ចុះមក មានឱកាសតិចតួចណាស់ដែលថា អ្នកបាត់ខ្លួនទាំង ៦នាក់អាចត្រូវបានរកឃើញនៅរស់រានមានជីវិត។

ក្រុមអ្នកជួយសង្រ្គោះបានជួយបានអ្នកនៅរស់រានមានជីវិត ២នាក់ទៅកាន់កន្លែងសុវត្ថិភាព ដែលក្នុងនោះម្នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ហើយបានបន្ដស្វែងរកអ្នកបាត់ខ្លួនបន្ថែមទៀតនៅក្នុងទន្លេ Patapsco បន្ទាប់ពីកំណាត់ដែកដ៏ធំនៃស្ពានប្រវែង ២.៥៧គីឡូម៉ែត្របានធ្លាក់ចូលទៅក្នុងទឹកទន្លេដ៏ត្រជាក់នេះ។

អាជ្ញាធរបាននិយាយថា ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះត្រូវបានផ្អាកប្រហែល ១៨ម៉ោងបន្ទាប់ពីសោកនាដកម្មនេះ។ អាជ្ញាធរបន្ថែមថា ចំពោះអ្នកបើកបរនាវា គឺជានាវិកក្នុងប្រទេស ហើយមុនពេលបុកនេះ នាវាបានប្រកាសអាសន្នជាមុន ដែលអាចឱ្យមនុស្សទាំងឡាយបញ្ជៀស ឬ បញ្ឈប់ការចរាចរណ៍នៅលើស្ពានរួចមកហើយ។

សូមជម្រាបថា ឧបទ្ទវហេតុនេះបង្កឡើងដោយនាវាដឹងទូរកុងតឺន័រមួយគ្រឿងដែលមានឈ្មោះថា Dali ដោតទង់ជាតិសិង្ហបុរី ប៉ុន្ដែមានម្ចាស់ហុងកុង បានដឹកទំនិញពីកំពង់ផែ Baltimore ដ៏សកម្មរបស់សហរដ្ឋអាមេរិក ឆ្ពោះទៅប្រទេសស្រីលង្កា ដោយបានបុកបង្គោលស្ពាន Francis Scott Key នៅម៉ោងប្រហែល ១:៣០នាទីព្រឹក (ម៉ោងក្នុងស្រុក)៕

ប្រភព៖ CNA

Share.