កណ្តាល៖ ជនសង្ស័យម្នាក់ ចូលទៅលួចទូរស័ព្ទដៃមិត្តភក្តិ ស្នាក់នៅបន្ទប់ជាមួយគ្នាចំនួន ២គ្រឿង យកទៅលក់បាត់ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ០១:៥០នាទី ចំណុច ភូមិដំណាក់ត្របែក ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្កកណ្ដាល។

ជនជនសង្ស័យ ០១នាក់ ឈ្មោះ អន់ ស្រីអ៊ី ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដំណាក់ត្របែក ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ ព្រមទាំងដកហូតកងដៃលោហៈធាតុ ពណ៌ទង់ដែង ចំនួន០៤ កាឡៃ, ទូរស័ព្ទដៃ០១គ្រឿង ម៉ាក OPPO ពណ៌ខ្មៅមួយគ្រឿង។ ​ចំណែក ជនរងគ្រោះ ចំនួន ០២នាក់៖ ទី១.ឈ្មោះ មន្ថា ដាលីម ភេទស្រី អាយុ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅភូមិដំណាក់ត្របែក ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ ២.ឈ្មោះ សិត ផាន់ណា ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅភូមិដំណាក់ត្របែក ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

តាមរបាយការណ៍សមត្ថកិច្ចបានឱ្យដឹងថា កាលពីនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង០៦:៥០នាទីព្រឹក ជនសង្ស័យ និងជនរងគ្រោះទាំង០២នាក់ រួមជាមួយមិត្តភក្ដិម្នាក់ទៀត បានជិះរថយន្តឈ្នួលចេញពីខេត្តត្បូងឃ្មុំ មករកការងារធ្វើការនៅក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ពេលមកដល់ស្រុកកណ្ដាលស្ទឹង ជនរងគ្រោះ និងជនសង្ស័យបានជួលបន្ទប់រស់នៅជុំគ្នា ស្ថិតនៅភូមិឃុំកើតហេតុខាងលើ រហូតដល់ម៉ោង១៩:៣០នាទី ជនសង្ស័យបានប្រាប់ជនរងគ្រោះថា ខ្លួនទៅធ្វើការងារនៅកន្លែងខារ៉ាអូខេ សាកមើលមួយយប់សិន រួចជនសង្ស័យបានចេញទៅបាត់។

លុះដល់ម៉ោង ០១:៥០នាទីឈានចូលថ្ងៃទី ២៥ ខែឆ្នាំដដែល ជនសង្ស័យចេញពីធ្វើការវិញដោយឱ្យឈ្មោះ ឡូតូ ដែលទើបតែស្គាល់គ្នាជូនទៅបន្ទប់ជួល ពេលទៅដល់កន្លែងកើតជនសង្ស័យបានចុះពីលើម៉ូតូដើរចូលទៅក្នុងបន្ទប់ជួលរបស់ខ្លួន និងមិត្តភក្ដិ ក៏បានធ្វើសកម្មភាពលួចទូរស័ព្ទរបស់ជនរងគ្រោះចំនួន០២គ្រឿង មួយគ្រឿងម៉ាក់ Iphone 7Plus ពណ៌ខ្មៅ និងមួយទៀតម៉ាក់ Iphone XS ពណ៌ស រួចរត់ចេញពីក្នុងបន្ទប់ឡើងជិះម៉ូត យកទៅលក់នៅកន្លែងលក់ទូរសព្ទមួយកន្លែងពុំស្គាល់ឈ្មោះ បានលុយចំនួន ៦០ម៉ឺនរៀល ហើយនាំគ្នាយកទៅស៊ីចាយអស់។

រហូតដល់ថ្ងៃទី២៦ ខែឆ្នាំដដែល ជនរងគ្រោះបានឃើញជនសង្ស័យធ្វើការនៅកន្លែងខារ៉ាអូខេ ភ្លាមនោះជនរងគ្រោះបានទៅប្តឹងនគរបាលរដ្ឋបាលត្រពាំងវែង ចុះទៅធ្វើការឃាត់ខ្លួនជនសង្ស័យបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

អត្ថបទ៖កណ្តាល

Share.