កំពង់ស្ពឺ ៖ បុរសម្នាក់ជាមន្ត្រីសុយោដីស្រុកសំរោងទង ក្នុងស្ថានភាពស្រវឹងដាប បើករថយន្តរេចង្កូតឡើងសួនច្បារ ទៅបុកផ្ទប់ផ្ទាំងប៉ាណូ រងខូចខាត បែកបាក់ខ្ទេច ទាំងរថយន្ត បងប្អូនពលរដ្ឋ អ្នកហាត់ប្រាណក្បែរនោះរត់គេចចែកជើងគ្នាព្រាត ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៥និង១០នាទីល្ងាចថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅត្រង់ចំណុចសួនច្បារសម្តេចសង្ឃរាជ ជួន ណាត មុខស្នាក់ការបក្ស ស្ថិតក្នុងភូមិទួលគោក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

បុរសស្រវឹងស្រាខាងលើ មានឈ្មោះ ឡេង ដារ៉ា អាយុ៥២ឆ្នាំ ជាមន្ត្រីសុយោដីស្រុកសំរោងទង មានទីលំនៅភូមិចំបក់ ឃុំវល្លិ៍សរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ ក្រោយឃាត់ខ្លួនសមត្ថកិច្ចធ្វើតេស្ត ឃើញថាមានជាតិស្រវឹង ១.៥៥ mg/L ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ មិនដឹងថាមន្ត្រីសុយោដីម្នាក់ខាងលើមកពីផឹកទីណាទេ ស្រវឹងឡើងដាប បើករថយន្តម៉ាកFord ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 2C-1972 តាមបណ្តោយផ្លូវមាត់ស្ទឹង ពីកើតទៅលិច ដល់ចំណុចកើតហេតុ ដោយសារឥទ្ធិពលស្រា គ្រប់គ្រងដៃចង្កូតលែងបាន រេឡើងសួនច្បារ ជ្រុលទៅបុកផ្ទប់ផ្ទាំងប៉ាណូ របស់រដ្ឋបាលខេត្តដាក់តាំងលម្អសួន ក្នុងក្រុង បណ្តាលឱ្យរងខូចខាតបាក់បែកខ្ទេច ផ្អើលបងប្អូនប្រជាពលរដ្ឋ អ្នកហាត់ប្រាណតាមដងផ្លូវរត់គេចចែកជើងគ្នា ។

ក្រោយកើតហេតុ ទាំងរថយន្តនិងអ្នកបើកបរ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ធ្វើតេស្តជាតិស្រវឹង អាល់កុល ឃើញដល់កម្រិតមួយមិនធ្លាប់មាន ១.៥៥ mg/L រួចឃាត់ខ្លួននាំទៅការិយាល័យចរាចរណ៍ជើងគោក ស្នងការខេត្ត អនុវត្តបន្តតាមនីតិវិធី ៕

អត្ថបទ៖តាតុងសែនជ័យ

Share.