បន្ទាយមានជ័យ ៖ ស្ត្រី២នាក់ម្តាយកូនរងរបួសធ្ងន់ ឆេះរលាកពេញខ្លួន ចំណែកបុរសម្នាក់ទៀតរងរបួសស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បង្កជាអគ្គិភ័យ បន្ទាប់ពីម៉ូតូហុងដាឌ្រីមមួយគ្រឿងបើកបុកគ្នាជាមួយម៉ូតូកង់បីកែច្នៃ បើកច្រាសទិស បណ្តាលឱ្យឆាបឆេះសន្ធោសន្ធៅឡើង កាលពីវេលាម៉ោង៦និង៥០នាទីព្រលប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅតាមផ្លូវជាតិលេខ៥៩ ចន្លោះគីឡូម៉ែត៤០-៤១ ក្នុងនៅភូមិកណ្តាល ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

តាមសមត្ថកិច្ចបានឱ្យដឹងថា ភាគីខាងម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1X-2452 ជិះដោយឈ្មោះ វ៉ែន រៃ ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិអូរម្ញុង ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានដឹកម៉ាសុីនអារឈើ (ត្រង់តឺន័រ )និងសាំងមួយពីដុងចំណុះ៥លីត្រផង ។ ចំណែកភាគីខាងម៉ូតូកង់បីកែច្នៃ បើកដោយឈ្មោះ សៀន ចាន់នឿន ភេទស្រី អាយុ៥៣ឆ្នាំ និងរួមដំណើរជិះជាមួយកូនស្រីម្នាក់ ឈ្មោះ សៀន ស្រី ភេទស្រី អាយុ១៤ឆ្នាំ រស់នៅភូមិកណ្តាល ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

ប្រភពបន្តទៀតថា មុនកើតហេតុ ម៉ូតូហុងដាឌ្រីមជិះពីជើងទៅត្បូង ដល់ចំណុចកើតហេតុ បុកគ្នាជាមួយម៉ូតូកង់បីកំពុងបើកពីត្បូងទៅជើងច្រាសទិសគ្នា បណ្តាលឱ្យកំពប់ប្រេងសាំង បង្កជាអគ្គិភ័យឆាបឆេះសន្ធោសន្ធៅ របួសរលាកធ្ងន់២នាក់ម្តាយកូន ចំណែកបុរសម្នាក់រងរបួសស្រាល ផ្អើលបងប្អូនប្រជាពលរដ្ឋនាំគ្នាជួយពន្លត់ភ្លើងដោយប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ភ្លើង។

ក្រោយកើតហេតុជនរងគ្រោះទាំង៣នាក់ ក្នុងនោះ បុរសម្នាក់ ត្រូវបានរថយន្តសង្គ្រោះដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកមង្គលបូរី ចំណែកស្ត្រី២នាក់ម្តាយកូន ត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ។ ចំណែកម៉ូតូទាំង២គ្រឿង ត្រូវបានភ្លើងឆេះខូចខាតទាំងស្រុង ត្រូវបានសមត្ថកិច្ចប្រមូលសំណល់យកទៅរក្សាទុកនៅអធិការដ្ឋានស្រុក រងចាំដោះស្រាយពេលក្រោយ ៕

Share.