ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីយប់ថ្ងៃពុធថា រុស្ស៊ីមិនមានគំនិតណាមួយលើប្រទេសជាសមាជិកណាតូទេ ហើយនឹងមិនវាយប្រហារប្រទេសប៉ូឡូញ រដ្ឋបាល់ទិក ឬសាធារណរដ្ឋឆេក ទេ ប៉ុន្តែប្រសិនបើប្រទេសលោកខាងលិចផ្គត់ផ្គង់យន្តហោះចម្បាំង F-16 ដល់អ៊ុយក្រែន នោះយន្ដហោះចម្បាំងទាំងអស់នឹងត្រូវបាញ់ទម្លាក់ដោយកងកម្លាំងរុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Alarabiya News នាថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤។

ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ បានបង្កឱ្យមានវិបត្តិដ៏ជ្រៅបំផុត នៅក្នុងទំនាក់ទំនងរបស់រុស្ស៊ី ជាមួយលោកខាងលិច ចាប់តាំងពីវិបត្តិមីស៊ីលគុយបាឆ្នាំ១៩៦២។

ថ្លែងទៅកាន់កងទ័ពអាកាសរុស្ស៊ី លោក ពូទីន បាននិយាយថា សម្ព័ន្ធមិត្តយោធាដឹកនាំដោយសហរដ្ឋអាមេរិក បានពង្រីកឆ្ពោះទៅទិសខាងកើត ឆ្ពោះទៅកាន់ប្រទេសរុស្ស៊ី ចាប់តាំងពីការដួលរលំនៃសហភាពសូវៀតឆ្នាំ១៩៩១ ប៉ុន្តែថាទីក្រុងម៉ូស្គូ មិនមានគម្រោងវាយប្រហាររដ្ឋណាតូនោះទេ។

យោង​តាម​​វិមាន​ក្រឹមឡាំង​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ​៖ «​យើង​គ្មាន​ចេតនា​ឈ្លានពាន​ចំពោះ​រដ្ឋ​ទាំងនេះ​ទេ​»​។​ «គំនិតដែលថា យើងនឹងវាយប្រហារប្រទេសមួយចំនួនទៀត ដូចជា ប៉ូឡូញ រដ្ឋបាល់ទិក និងសាធារណរដ្ឋឆេក គឺមិនមានក្នុងផែនការរបស់យើងទេ។ វា​គ្រាន់​តែ​ជាពាក្យសំដីឥតបានការ»។

វិមានក្រឹមឡាំង ដែលចោទប្រកាន់អាមេរិកថា ប្រយុទ្ធនឹងរុស្ស៊ី ដោយគាំទ្រអ៊ុយក្រែន ទាំងលុយ អាវុធ និងចារកម្ម និយាយថា ទំនាក់ទំនងជាមួយក្រុងវ៉ាស៊ីនតោន ប្រហែលជាមិនដែលអាក្រក់ជាងនេះទេ។

នៅពេលសួរអំពីយន្តហោះចម្បាំង F-16 ដែលលោកខាងលិចបានសន្យាថា នឹងបញ្ជូនទៅកាន់អ៊ុយក្រែន លោក ពូទីន បាននិយាយថា «យន្តហោះបែបនេះនឹងមិនផ្លាស់ប្តូរស្ថានភាពនៅអ៊ុយក្រែនបានឡើយ»។ លោកពូទីន បានបន្ថែមថា «ប្រសិនបើពួកគេផ្គត់ផ្គង់យន្តហោះ F-16 ទៅឱ្យអ៊ុយក្រែនមែននោះ រុស្ស៊ីនឹងកម្ទេចវាចោល ដូចសព្វាវុធដែល​យើងបាន​បំផ្លាញ​ ដូចជា រថក្រោះ រថពាសដែក និង​ឧបករណ៍​ផ្សេង​ទៀត រួម​ទាំង​ឧបករណ៍​បាញ់​គ្រាប់​រ៉ុក្កែត​ជា​ច្រើនដែលលោកខាងលិចផ្ដល់ឱ្យអ៊ុយក្រែន»។

លោក ពូទីន បានព្រមានលោកខាងលិចម្ដងហើយម្ដងទៀតថា ការយន្ដហោះដែលមានសមត្ថភាពនុយក្លេអ៊ែរប្រភេទនេះ នឹងបង្កហានិភ័យកាន់តែខ្លាំង នាំឱ្យជម្លោះអ៊ុយក្រែនរីករាលដាលកាន់តែខ្លាំងឡើងជាមិនខាន។

ប្រធានាធិបតីរុស្ស៊ីរូបនេះ បន្ថែមថា «ពិតណាស់ ប្រសិនបើពួកវាត្រូវប្រើប្រាស់ពីអាកាសយានដ្ឋាននៅក្នុងប្រទេសទី៣ ពួកវានឹងក្លាយជាគោលដៅស្របច្បាប់សម្រាប់ពួកយើង គ្រប់ទីកន្លែងដែលពួកគេអាចនឹងស្ថិតនៅ»។

ការលើកឡើងរបស់លោក ពូទីន បានធ្វើតាមការអត្ថាធិប្បាយនៅមុនថ្ងៃរបស់រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba លើកឡើងថា យន្តហោះគួរតែទៅដល់អ៊ុយក្រែនក្នុងប៉ុន្មានខែខាងមុខនេះ ខណៈប្រទេស បែលហ្ស៊ិក ដាណឺម៉ាក ន័រវេស និងហូឡង់ ស្ថិតក្នុងចំណោមប្រទេសដែលបានសន្យាបរិច្ចាគយន្តហោះ F-16 ឱ្យអ៊ុយក្រែន។

ទីភ្នាក់ងារសារព័ត៌មាន RIA បានដកស្រង់សម្តីក្រសួងការបរទេសរុស្ស៊ីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សកម្មភាពរបស់អង្គការណាតូនៅអឺរ៉ុបខាងកើត និងតំបន់សមុទ្រខ្មៅ គឺមានបំណងរៀបចំសម្ព័ន្ធមិត្តរបស់ខ្លួនសម្រាប់ជម្លោះជាមួយទីក្រុងម៉ូស្គូ ដែលបង្កើតហានិភ័យបន្ថែមសម្រាប់សន្តិសុខរបស់រុស្ស៊ី។

សូមជម្រាបថា ចាប់តាំងពីផ្ទុះសង្រ្គាមរវាងរុស្ស៊ី-អ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២០មក ទីក្រុងកៀវ បានជំរុញម្ចាស់ជំនួយលោកខាងលិច ឱ្យផ្គត់ផ្គង់សព្វាវុធទំនើបៗជាងមុន ខណៈទីក្រុងមូស្គូ បានលើកឡើងថា ការបញ្ជូនសព្វាវុធឱ្យអ៊ុយក្រែន គឺជាការអូសបន្លាយជម្លោះកាន់តែជ្រៅ និងធ្វើឱ្យស្ថានការណ៍របស់ប្រទេសកាន់តែយ៉ាប់យ៉ឺន៕

ប្រភព៖ Alarabiya News

Share.