យោងតាមចេញផ្សាយរបស់ក្រុមហ៊ុន Cambodian Premier League នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ បានឲ្យដឹងថាក្រុមបាល់ទាត់វិសាខា នឹងត្រូវធ្វើដំណើរទៅកីឡដ្ឋានស្តាតចាស់ ដើម្បីជួប Tiffy Army FC នៅថ្ងៃទី៣១ ខែមីនា ដូចការគ្រោងទុក ដើម្បីបញ្ចប់មន្ទិលសង្ស័យរបស់អ្នកគាំទ្រជុំវិញរឿងវិសាខា ត្រលប់ចូលរួមលីគកំពូលកម្ពុជា ឬអត់។

ស្របភាគីក្លិបទាំងវិសាខា និង Tiffy Army ក៏បានប្រកាសនៅលើគណនី Facebook Page ជាផ្លូវការអំពីការប្រកួតនៅថ្ងៃអាទិត្យ ទី៣១ ខែមីនា ឆ្នាំ២០២៤ នៃពានរង្វាន់ Cambodian Premier League រដូវកាល ២០២៣-២៤ ជុំទី៣ សប្តាហ៍ទី២៥។

កម្មវិធីប្រកួត CPL ជុំទី៣ សប្តាហ៍ទី២៥៖

សូមរំលឹកថា ក្លិប​បាល់ទាត់​វិសាខា ម្ចាស់​ជើង​ឯក​ពានរង្វាន់​បាល់ទាត់​សម្តេច​តេជោ ហ៊ុន សែន ៣​សម័យកាល បាន​ប្រកាស​ដក​ខ្លួន​ចេញ​ពី​គ្រប់​ពានរង្វាន់​ដែល​ខ្លួន​នៅ​សេសសល់ ក្នុង​រដូវកាល​ឆ្នាំ​២០២៣-២៤ នេះ ពោល​គឺ​គ្រប់​ពានរង្វាន់​ដែល​រៀបចំ​ឡើង​ដោយ​​ក្រុម​ហ៊ុន Cambodian Premier League (លីគ​ទី១ និង​លីគ​ទី២) និង​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ៕

តារាងចំណាត់ថ្នាក់ CPL បណ្តោះអាសន្ន៖

ក្លិប​បាល់ទាត់​វិសាខា បាន​​ឡើង​មក​លេង​លីគ​កំពូល​កម្ពុជា នៅ​រដូវកាល​ឆ្នាំ​២០១៨ ក្រោយ​ឈ្នះ​ជើង​ឯក​លីគ​ទី២ នៅ​រដូវកាល​ឆ្នាំ​២០១៧។ ក្នុង​រដូវកាល​ដំបូង​​ក្នុង​លីគ​កំពូល​កម្ពុជា ក្លិប​មួយ​នេះ​បាន​ខ្ចី​កីឡដ្ឋាន​ក្លិប​វេស្ទើន ធ្វើ​ជា​ទឹកដី​ខ្លួន​បណ្ដោះអាសន្ន ស្រប​ពេល​ខ្លួន​បាន​កសាង​កីឡដ្ឋាន​ស្តង់ដារ នៅ​ម្តុំ​ហ្រ្គេនភ្នំពេញ ហើយ​ក្រោយ​សាងសង់​រួចរាល់ ក្លិប​បាន​ដាក់​ឈ្មោះ​ថា​កីឡដ្ឋាន​ព្រីនស៍។

កីឡដ្ឋាន​ព្រីនស៍ ធ្លាប់​ទទួល​សិទ្ធិ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ការ​ប្រកួត​ថ្នាក់​ជាតិ​និង​អន្តរជាតិ​ជា​ច្រើន​ ជា​ពិសេស​ជា​ទីតាំង​សំខាន់​មួយ​ក្នុង​បេសកកម្ម​របស់​កម្ពុជា ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២៣ កន្លង​ទៅ​ថែម​ទៀត​ផង។

ក្រុម​ថ្មីថ្មោង​មួយ​នេះ​ធ្លាប់​ឈរ​ជា​ក្រុម​ជើង​ឯក​រង​ពានរង្វាន់​លីគ​កំពូល​កម្ពុជា ២សម័យកាល​គឺ​នៅ​ឆ្នាំ​២០១៩ និង​២០២២ ខណៈ​​ជា​ក្រុម​ឈ្នះ​ជើង​ឯក​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន ៣​សម័យកាល​ជាប់ៗគ្នា​គឺ​នៅ​ឆ្នាំ​២០២០, ២០២១, ២០២២ ព្រម​ទាំង​ធ្លាប់​រង​ជើង​ឯក​ពានរង្វាន់ Cambodian Super Cup នៅ​ឆ្នាំ​២០២២ និង ២០២៣ និង​រង​ជើង​ឯក​ពានរង្វាន់ Cambodian League Cup ឆ្នាំ​២០២២ ទៀត​ផង៕

Share.