ភ្នំពេញ ៖ ស្ត្រីម្នាក់ខណៈដែលកំពុងដើរទិញអីវ៉ាន់ក្នុងម៉ាត ស្រាប់តែជម្ងឺរើធ្វើទុក្ខ ទន់ដៃជើងដួលសន្លប់ បង្កឱ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២និង១០នាទីរសៀល ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ នៅក្នុងម៉ាតមួយកន្លែង តាមផ្លូវជាតិលេខ៤ ភូមិអូរដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ស្ត្រីខាងលើមានឈ្មោះ ញឹម ចាន់ណា អាយុ៣៧ឆ្នាំ មានជម្ងឺស្រឺត(Anxiety) រស់នៅផ្ទះលេខ៧៧សេអឺ៣ ផ្លូវលេខ១១៨ ភូមិ៦ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមពលរដ្ឋបានឱ្យដឹងថា មុនកើតហេតុគេឃើញ ស្ត្រីខាងលើដើរចូលក្នុងម៉ាត ខណៈដែលកំពុងដើរទិញអីវ៉ាន់ ស្រាប់តែទន់ដៃជើង ដួលសន្លប់តែម្តង ស្មានតែខ្យល់គ ។

បើតាមក្រុមគ្រួសារបានឱ្យដឹងថា ស្ត្រីខាងលើញឹកញាប់ កើតមានអាការៈបែបនេះ ហើយអគុណដល់បងប្អូនប្រជាពលរដ្ឋ ក្រុមសង្គ្រោះ ជួយទាន់ពេលវេលា ដោយរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យអង្គឌួង៕

អត្ថបទ៖ តាតុងសែនជ័យ

Share.