កណ្តាល៖ កម្លាំងសមត្ថកិច្ចបាន ឃាត់ខ្លួនជនសង្ស័យ២នាក់ បន្ទាប់ពីជំរិតយកទូរស័ព្ទមួយគ្រឿងពីជនរងគ្រោះ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង២១:០៥នាទី នៅចំណុច រោងស្ថានីយបូមទឹក ស្ថិតនៅភូមិតាពេជ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។

ជនសង្ស័យទាំង០៤នាក់ ទី១.ឈ្មោះ ចាន់ ណេត ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករបើកគោយន្ដ មានទីលំនៅភូមិតាពេជ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។
២.ឈ្មោះ ខេម តុលា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិអង្គ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ទាំងពីរនាក់ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបាន ចំណែក ០២នាក់ទៀតកំពុងគេចខ្លួន។

តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង២១:០៥នាទី ជនសង្ស័យបានបបួលជនសង្ស័យ២នាក់ទៀតជិះម៉ូតូ០២គ្រឿង ឌុបគ្នាដោយមានកាន់ដាវកែច្នៃ ទៅរោងចាំស្រូវរបស់ជនរងគ្រោះ ក្នុងបំណងទៅសួរនាំរឿង ដែលជនរងគ្រោះជេរប្រមាថខ្លួន។ ពេលទៅដល់ឃើញជនរងគ្រោះ កំពុងសម្រាកក្នុងរោង បន្ទាប់មកជនសង្ស័យ បានធ្វើសកម្មភាពចាប់ សង្កត់ទ្រូង និងខ្ទប់ច្រមុះជនរងគ្រោះដោយមានអ្នកខ្លះចាប់ជើង រួចចាប់ចងស្លាបសេកមកក្រោយ មិនឱ្យស្រែកនឹងបានយកដាវគម្រាមនិងបានលួចយកទូរសព្ទដៃរបស់ជនរងគ្រោះ។

បន្ទាប់មកត្រូវបានជនរងគ្រោះរើបម្រាសរួចស្រែកឱ្យគេជួយ ទើបក្រុមជនសង្ស័យបាននាំគ្នាជិះម៉ូតូគេចខ្លួនអស់។ ជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលក្រាំងយ៉ូវ បន្ទាប់មកកម្លាំងជំនាញព្រហ្មទណ្ឌស្រុក បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ ធ្វើការស្រាវជ្រាវស្វែងរកជនសង្ស័យ ។ លុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចបានកំណត់បានអត្តសញ្ញាណជនសង្ស័យខាងលើ យកមកធ្វើការសាកសួរ។


ក្រោយឃាត់ខ្លួន ជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពទៅលើជនរងគ្រោះពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

អត្ថបទ៖ កណ្តាល

Share.