ភ្នំពេញ ៖ យុវជនម្នាក់រងរបួសធ្ងន់ បាក់ដៃស្តាំ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយម៉ូតូមួយគ្រឿងដឹកអុសច្រងេងច្រងាង បើកវ៉ាជែងជ្រុលទៅបុកពីក្រោយម៉ូតូហុងដាឌ្រីម កំពុងជិះស្របទិស ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៥និង១០នាទីល្ងាចថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ នៅតាមផ្លូវ៦០ម៉ែត្រ កហរវ៉ាត់ក្រុងទី៣ ចំណុចភូមិគងនយ សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ឆុត ពៅ ភេទប្រុស អាយុ១៩ឆ្នាំ និស្សិតឆ្នាំទី១ ស្នាក់នៅសង្កាត់ពងទឹក ខណ្ឌដង្កោ មានស្រុកកំណើតនៅផ្ទះលេខ៨៥៣ ផ្លូវបេតុង ក្រុម២៦ ភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JV-0760 ធ្វើដំណើរពីត្បូងទៅជើង ដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូមួយគ្រឿងដឹកអុសច្រងេងច្រងាង ជិះវ៉ាជែង តែមិនផុត កន្ទុយអុសបុកពីក្រោយម៉ូតូជនរងគ្រោះ បណ្តាលឱ្យដួលរងរបួសបាក់ដៃស្តាំ ហើយម៉ូតូបង្កបើករត់គេចទៅបាត់ ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ រីឯម៉ូតូ សមត្ថកិច្ចយកទៅរក្សាទុកជូននៅប៉ុស្តិ៍ ៕

អត្ថបទ៖តាតុងសែនជ័យ

Share.