កំពង់ឆ្នាំង ៖ ដេប៉ូលក់ប្រេងមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះ យ៉ាងសន្ធោសន្ធៅ រងខូចខាតអស់ទាំងស្រុង បង្កឱ្យភ្ញាក់ផ្អើល សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យ ច្រើនគ្រឿង ចេញទៅអន្តរាគមន៍ កាលពីវេលាម៉ោង៥និង៥០នាទីល្ងាចថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅភូមិជំទាវសុខ ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

ជនរងគ្រោះ ជាម្ចាស់ទីតាំងឈ្មោះ យាប់ សារុណ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរលក់ដូរ និងបើកដេប៉ូតេលា រស់នៅចំណុចកើតហេតុខាងលើ ។

គ្រោះអគ្គិភ័យខាងលើកើតឡើងភ្លាមៗ កម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យ ចំនួន៩គ្រឿងចេញទៅអន្តរាគន៍ជាបន្តបន្ទាប់ មានរថយន្តស្នងការខេត្តចំនួន៥គ្រឿង រថយន្ត រថយន្តរបស់អធិការដ្ឋានស្រុកទឹកផុស ១គ្រឿង រថយន្តរបស់អធិការដ្ឋានស្រុករលាប្អៀរ ១គ្រឿង រថយន្តរបស់អធិការដ្ឋានស្រុកកំពង់ត្រឡាច ១គ្រឿង រថយន្តរបស់អធិការដ្ឋានស្រុកសាមគ្គីមានជ័យ ១គ្រឿង សហការបាញ់ទឹកពន្លត់ភ្លើងរហូតដល់វេលាម៉ោង៤និង៥០នាទីព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ទើបភ្លើងរលត់ ។

ទីតាំងលក់ប្រេង និងផ្ទះ ខាងលើ រងខូចខាតទាំស្រុង តែមិនបង្កឱ្យអ្នកណារងរបួសឡើយ ចំពោះមូលហេតុ មិនទាន់ដឹងនៅឡើយទេ ទោះជាដាក់ការសង្ស័យផ្សេងៗគ្នាយ៉ាងណាក៏ដោយ សមត្ថកិច្ចកំពុងបន្តធ្វើការស្រាវជ្រាវ ៕

អត្ថបទ៖​តាតុងសែនជ័យ

Share.